ក្រុង​ឡុងដ៍៖ ក្លិប Man City នឹង​ផ្ដល់​កិត្តិយស​ដល់​​​​អតីត​ប្រធាន​ក្រុម​ Vincent Kompany ជាមួយ​ការ​​កសាង​រូប​សំណាក​​របស់​កីឡាករ​បែលហ្ស៊ិក​រូប​នេះ ​នៅ​ខាង​ក្រៅ​កីឡដ្ឋាន​ Etihad។​

ក្លិប​ Man City បាន​​បង្ហាញ​ពី​ការ​គោរព​របស់​ពួក​គេ​​ចំពោះ​កីឡាករ​ Kompany តាមរយៈ​​ការ​កសាង​​រូប​សំណាក​ ហើយ​ថែម​ទាំង​យក​​​ឈ្មោះ​របស់​​គាត់​ដាក់​ជា​ឈ្មោះ​​ផ្លូវ​​​មួយ​​នៅ​កន្លែង​ហ្វឹកហាត់​របស់​ក្លិប​នេះ​ផង​ដែរ​។​​

ក្លិប​ Man City បាន​និយាយ​ថា៖ «​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​សាលា​ហ្វឹកហាត់​បាល់​ទាត់​របស់​ក្លិប Man City ទៅ​មជ្ឈមណ្ឌល​ក្រុម​ដំបូង​របស់​ក្លិប​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ជាថ្មី​ថា​ ''​Vincent Kompany Crescent''​ ដើម្បី​ជា​ការ​អបអរ​ពី​​ការ​រក​បាន​គ្រាប់​បាល់​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ការ​ប្រកួត​ឲ្យ​ក្រុម​ Man City នៅ​ឆ្នាំ ​២០១២»។​​​

ក្លិប​នេះ​បាន​បន្ត​ទៀត​ថា៖ «​ប្រធាន​ក្លិប​លោក Khaldoon Al Mubarak បាន​ប្រាប់​ Kompany ថា ក្លិប​នេះ​ក៏​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​រូប​សំណាក ​ដើម្បី​ទទួល​ស្គាល់ ​និង​អបអរ​ជា​សាធារណៈ​ពី​សមិទ្ធផល​​ និង​ការ​រួម​ចំណែក​របស់​គាត់​ជាមួយ​ក្រុម​ Man City ហើយ​នៅ​ពេល​កសាង​រួច​​​ រូប​សំណាក​នេះ​នឹង​ត្រូវ​ដាក់​តាំង​នៅ​ខាង​ក្រៅ​កីឡដ្ឋាន​ Etihad»។​​

កីឡាករ​ Kompany បាន​និយាយ​​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លិប Man City ថា៖ «​ខ្ញុំ​ពិត​ជា​​មាន​កិត្តិយស​យ៉ាង​ខ្លាំង​​ដែល​ក្លិប​ពិសេស​នេះ​​បាន​ផ្ដល់​ឲ្យ​បែប​នេះ​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ការ​ធ្វើ​ដំណើរ​ដែល​យើង​បាន​បន្ត​រួម​គ្នា​ពេញ ​១១ ​ឆ្នាំ ​នៅ​ក្នុង​ក្លិប​ Man City នេះ​បាន​កែប្រែ​ជីវិត​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​​រួម​ចំណែក​ ​១ ​ផ្នែក​តូច​មួយ​​ក្នុង​ការ​ផ្លាស់ប្ដូរ​មាគ៌ា​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្លិប​នេះ​នៅ​ក្នុង​អំឡុង​​ពេល​នោះ​»។​​​​

កីឡាករ​ Kompany បាន​បន្ត​ទៀត​ថា៖ «​ការ​បង្កើត​ទំនាក់​ទំនង​ជាប់​ជានិច្ច​ជាមួយ​កន្លែង​ដែល​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ន័យ​បំផុត​នេះ ​គឺ​ពិត​ជា​ពិសេស​មែន​ទែន​ ហើយ​ខ្ញុំ​នឹង​ដឹង​គុណ​​ម្ចាស់​ក្លិប លោក Sheikh Mansour ប្រធាន​ក្លិប​លោក Khaldoon Al Mubarak និង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ក្លិប Man City នេះ​ទាំង​អស់​ចំពោះ​ការ​គាំទ្រ ​និង​ការ​ផ្ដល់​កិត្តិយស​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នេះ​»។​​​

កីឡាករ​វ័យ​ ៣៣ ​ឆ្នាំ​រូប​នេះ ​បាន​ចាកចេញ​ពី​ម្ចាស់​ជើងឯក​ Premier League កាល​ពី​ខែ​ឧសភា ​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្លិប Anderlecht។

កីឡាករ​ Kompany គឺ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​ក្រុម​ Man City ឈ្នះ​ពាន​រង្វាន់​​ Premier League ចំនួន ​៤ ​លើក ​ព្រម​ទាំង​ឈ្នះ​ពាន​រង្វាន់​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​រយៈពេល​ ១១ ​ឆ្នាំ​នោះ​ផង​ដែរ​។​​ ​

លោក Al Mubarak បាន​និយាយ​ថា៖ «​Kompany គឺ​ជា​ឥស្សរជន​ពិសេស​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្លិប​បាល់​ទាត់​ Man City ព្រោះ​គាត់​មិន​ត្រឹម​តែ​ជា​អ្នក​ដឹកនាំ​ដែល​ចេះ​លើក​ចិត្ត ​និង​គួរ​ឲ្យ​គោរព​នៅ​លើ​ទីលាន​ប្រកួត​​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គាត់​ថែម​ទាំង​​ជា​អង្គ​ទូត​ដ៏​ប៉ិន​ប្រសប់​ម្នាក់​ផង​ដែរ»​​។​​

ប្រធាន​ក្លិប​រូប​នេះ​បាន​បន្ត​ថា៖ «​ការ​រួម​ចំណែក​របស់​គាត់​នឹង​ធ្វើ​ឲ្យ​យើង​ចងចាំ​ជា​រៀង​រហូត​ ហើយ​អ្នក​គាំទ្រ​ក្លិប​ និង​សហគមន៍​បាល់​ទាត់​​នឹង​ទទួល​ស្គាល់​កីឡាករ Kompany ថា​ជា​កីឡាករ​និមិត្តរូប​ម្នាក់​ដែល​លេង​នៅ​ក្រប​ខ័ណ្ឌ Premier League សម្រាប់​ជំនាន់​របស់​ពួក​គេ​»៕ AFP/SN