ក្រុងមេនឆេស្ទ័រ: ក្លិប Manchester City កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការចុះហត្ថលេខាជាមួយនឹង Jorginho ក្រោយពីយល់ព្រមលើតម្លៃខ្លួនជាបឋមចំនួន៤៩លានអឺរ៉ូ (ស្មើនឹង៥៦,៦លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Napoli សម្រាប់ខ្សែបម្រើអន្តរជាតិអ៊ីតាលីរូបនេះ។
ក្រោយពីការចរចាផ្សេងៗអស់រយៈពេលជាច្រើនសប្តាហ៍ ជាមួយនឹងក្លិប Napoli ជុំវិញការផ្ទេរកីឡាករដើមកំណើតប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះ ទីបំផុត Man City បានទទួលជោគជ័យនៅសប្តាហ៍នេះ ហើយបច្ចុប្បន្នពោរពេញដោយក្តីសង្ឃឹមថា ក្នុងការបំពេញការផ្ទេរនេះ ក្នុងរយៈពេល៣ ទៅ៤ថ្ងៃទៀត។
បណ្តាញសារព័ត៌មានជាច្រើនក្នុងប្រទេសប្រេស៊ីល បានចេញផ្សាយថា Jorginho និងភ្នាក់ងារតំណាងរបស់គេបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ខណៈដែលកិច្ចប្រជុំបន្ថែមទៀត ត្រូវបានគ្រោងក្នុងការពិភាក្សាលើប្រាក់ឧបត្ថម្ភនានា ដែលអាចនឹងមានចំនួនសរុបដល់ទៅ៦,៦លានដុល្លារអាមេរិក។
រូបគេត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខារយៈពេល៥ឆ្នាំ នៅឯកីឡដ្ឋាន Etihad និងក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់ Man City៕ IS