ក្រុងប៉ារីស: កាលពីថ្ងៃពុធ ក្នុងការប្រកួត ដែលត្រូវបានកំណត់កាលបរិច្ឆេទឡើងវិញ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ជ័យជម្នះរបស់ក្រុមបិសាចក្រហម Manchester United ២-១ លើក្រុម LASK ហើយការឈ្នះរបស់ក្រុមពស់ធំ Inter Milan លើក្រុម Getafe ២-០ នាំឲ្យក្រុមយក្សទាំង ២ កក់កៅអីសម្រាប់វគ្គ ៨ ក្រុមដូចៗគ្នា នៅក្របខ័ណ្ឌ Europa League របស់អឺរ៉ុប។
នេះជាការប្រកួតជើងទី ២ សម្រាប់ក្រុម Man United ដែលមានលទ្ធផលល្អតាំងពីជើងទី ១ ដោយការនាំមុខដល់ទៅ ៥-០ កាលពីខែមីនា ដូច្នេះ សរុបលទ្ធផលទាំង ២ ជើង គឺ ៧-១ ហើយនៅវគ្គបន្ទាប់ ក្រុមរបស់ប្រទេសអង់គ្លេសមួយនេះ នឹងប្រឈមជាមួយក្រុមទៅពីដាណឺម៉ាក Copenhagen ដែលបានប្រកួតឈ្នះក្រុម Istanbul Basaksehir របស់ប្រទេសតួកគី ទាំង ២ លើក ៣-១។
ចំណែកក្រុម Inter របស់លោក Antonio Conte ការជួបជាមួយ Getafe ក្រុមទៅពីក្របខ័ណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញនេះ គឺមានការប្រកួតតែ ១ ជើងប៉ុណ្ណោះ ដោយធ្វើឡើងនៅទឹកដីកណ្ដាលនាប្រទេសអាល្លឺម៉ង់ ដែលទទួលបានសិទ្ធិរៀបចំការប្រកួតនៃក្របខ័ណ្ឌទី ២ របស់អឺរ៉ុបរដូវកាលនេះ ចាប់ពីវគ្គ ៨ ក្រុមតទៅរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
ម្នាក់ ១ គ្រាប់ពីសំណាក់កីឡាករ Romelu Lukaku នៅនាទីទី៣៣ និងកីឡាករ Christian Eriksen នាទីទី៨៣ បានធ្វើឲ្យក្រុម Inter ចាប់ផ្ដើមមានសង្ឃឹមថា នឹងអាចមានពាន ១ ក្នុងដៃ នៅឆ្នាំនេះ បន្ទាប់ពីបញ្ចប់រដូវកាល បានត្រឹមចំណាត់ថ្នាក់ជើងឯករងនៃក្របខ័ណ្ឌ Serie A អ៊ីតាលី ដោយចាញ់ក្រុមជើងឯក Juventus តែ ១ ពិន្ទុ។
ក្នុងវគ្គ ៨ ក្រុម ដែលកែប្រែរូបមន្តប្រកួត មកសល់ត្រឹម ១ ជើង ក្រុមដែលធ្លាប់គ្រងពាន ៣ ដងដែរនេះ នឹងត្រូវប្រឈមជាមួយគូរវាងក្រុម Rangers និង Bayer Leverkusen ដែលកាលពីជើងទី ១ ក្រុមរបស់ស្កុតឡេន ត្រូវក្រុមអាល្លឺម៉ង់ នាំមុខ ៣-១។
ក្រោយការប្រកួតបញ្ចប់ទៅ អ្នកចាត់ការរបស់ក្រុម Inter លោក Conte បាននិយាយទៅកាន់ទូទស្សន៍ Sky Italia ថា៖ «យើងដឹងច្បាស់ណាស់ថា វាមិនងាយស្រួលប៉ុន្មានទេសម្រាប់ការប្រកួតនេះ។ ក្រុម Getafe ចាប់ផ្ដើមបានយ៉ាងរឹងមាំ។ ពួកគេល្អជាងពួកយើង ដំបូងៗ តែយើងចាប់ផ្ដើមគ្រប់គ្រងបាល់ម្ដងបន្តិចៗ ហើយបញ្ជូនបាល់ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ»។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥១ ឆ្នាំ បានបន្តទៀតថា៖ «ការបានធ្វើដំណើរទៅមុខបណ្ដើរ នៅអឺរ៉ុប ជាឱកាសមួយផងដែរ ក្នុងការទទួលបានបទពិសោធន៍។ ខ្ញុំរីករាយជាមួយនឹងទម្រង់លេងរបស់កូនក្រុម។ យើងធ្វើការស៊ុតបញ្ចូលទីល្អជាង។ យើងមានឱកាសយ៉ាងច្រើន ក្នុងការរកគ្រាប់បាល់»។
ជាមួយគ្នានេះដែរ ការប្រកួតរបស់ ១ គូផ្សេងទៀត ឃើញថា ក្រុមនៃប្រទេសអ៊ុយក្រែន Shakhtar Donetsk ក៏បានកក់កៅអីទៅវគ្គ ៨ ក្រុមដូចគ្នាដែរ ក្រោយឈ្នះក្រុមអាល្លឺម៉ង់ Wolfsburg ទាំង ២ ជើង ៥-១ ដោយត្រូវឡើងទៅរង់ចាំជួបក្រុម ដែលឈ្នះរវាងក្រុម Basel របស់ស្វីស និងក្រុម Eintracht Frankfurt របស់អាល្លឺម៉ង់៕ AFP/VN