ក្រុងមេនឆេស្ទ័រ: លោក Ole Gunnar Solskjaer បានបញ្ជាក់កាលពីចុងសប្តាហ៍ថ្មីថា ខ្សែប្រយុទ្ធអន្តរជាតិបារាំង Anthony Martial និងខ្សែបម្រើ អន្តរជាតិអង់គ្លេស Jesse Lingard របស់ក្លិប Manchester United នឹងត្រូវអវត្តមានរហូតដល់រយៈពេល ៣ សប្តាហ៍ដោយសារតែបញ្ហារបួស ហើយនិងត្រូវអវត្តមានសម្រាប់ការប្រកួត ២ លើកបន្ទាប់របស់ពួកគេនៅពេលជួបក្រុម Chelsea និង Liverpool។
Lingard និង Martial បានរងរបួសដូចគ្នាក្នុងតង់ទី ១ នៅពេលប្រកួតជាមួយនឹងក្រុម Paris St Germain ក្នុងក្របខ័ណ្ឌ Champions League នាកីឡដ្ឋាន Old Trafford កាលពីថ្ងៃអង្គារ។ នៅមុនពេលការប្រកួតពាន FA Cup ជុំទី ៥ ជាមួយនឹងក្រុមម្ចាស់ការពារជើងឯក Chelsea នៅរាត្រីថ្ងៃចន្ទលោក Solskjaer បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំគិតថាពួកគេនឹងអវត្តមានសម្រាប់រយៈពេល ២ ទៅ ៣ សប្តាហ៍បើគិតចាប់ពីនេះទៅ»។
បញ្ហារបួសនេះគឺជារឿងដ៏ខកចិត្តដ៏មួយសម្រាប់ក្រុម Man United ដែលបានឈ្នះការប្រកួត ១០ លើកក្នុងចំណោមការប្រកួត ១២ លើកក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកបណ្តោះអាសន្ន Solskjaer ប៉ុន្តែការរបួសនេះនឹងផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធ Alexis Sanchez និង RomeluLukaku រកឲ្យឃើញនូវភាពមុតស្រួចរបស់ពួកគេត្រឡប់មកវិញ។
លោក Solskjaer បានបញ្ជាក់ថារបួសរបស់កីឡាករទាំង ២ ក៏នឹងបើកផ្លូវឲ្យខ្សែប្រយុទ្ធវ័យក្មេង Angel Gomes និង Tahith Chong ដែលកំពុងតែខិតខំព្យាយាមប្រជែងយកកៅអីក្នុងក្រុមជម្រើសដំបូងនៅរដូវកាលនេះផងដែរ។
គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះបានប្រាប់បន្ថែមទៀតថា៖ «វាជាឱកាសមួយសម្រាប់គ្រប់គ្នាដែលលេង មិនថាកីឡាករ Alexis, Romelu ឬ Angel (Gomes) ឡើយ»។
Martial ជួបបញ្ហាក្រលៀននៅដើមតង់ក្នុងការប្រកួតកាលពីថ្ងៃអង្គារ ប៉ុន្តែបានបន្តលេងរហូតដល់បញ្ចប់តង់ទី ១ ។
ខ្សែបម្រើអន្តរជាតិអង់គ្លេស Lingard បានរងរបួសសរសៃពួរគន្លាក់ជើងនៅជិតបញ្ចប់ការប្រកួតតង់ទី ១៕ IS