ឡុងដ៍៖ ក្រុម​ Manchester United ឡើង​ទៅ​ជុំ​ទី​៤ នៃ​កម្មវិធី League Cup ក្រោយ​​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Luton ៣-០ រី​ឯ​​អ្នក​ចាត់​ការ​ក្រុម West Ham United លោក David Moyes និង​កីឡាករ ២ ​រូប​របស់​លោក​​ឆ្លង​វីរុស​កូរ៉ូណា មុន​ក្រុម​ខ្លួន​​មាន​ជ័យជម្នះ​ ៥-១ លើ​ក្រុម​ភ្ញៀវ Hull City​ ខណៈ​ការ​ឆ្លង​រាលដាល​ជំងឺ កំពុង​បង្ក​ឲ្យ​មាន​ភាព​ចលាចល​កាល​ពី​ថ្ងៃ​អង្គារ​។

លោក Moyes រួម​នឹង​ខ្សែ​បម្រើ Josh Cullen និង​ខ្សែ​ការពារ Issa Diop បាន​ចាកចេញ​ពី​កីឡដ្ឋាន London ទាំង​អស់​គ្នា ក្រោយ​ដឹង​ពី​លទ្ធផល​តេស្ត​ មុន​ការ​ប្រកួត​ចាប់​ផ្ដើម ហើយ​នឹង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក ខណៈ​​​ទាំង ៣ ​នាក់​ ត្រូវ​បាន​គេ​ប្រាប់​ថា អត់​មាន​បង្ហាញ​នូវ​អាការ​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។

មិនមែន​ក្រុម West Ham តែ​ ១ នោះ​ទេ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ ព្រោះ​ការ​ធ្វើ​ដំណើរ​របស់​​ក្រុម​ Tottenham Hotspur ទៅ​ទឹក​ដី​របស់​ក្រុម Leyton Orient ត្រូវ​បាន​រំសាយ​ចោល ក្រោយ​ក្រុម​គូ​ប្រជែង​នៅ​លីក​ទី​៤ មួយ​នេះ ផ្ទុះ​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ ១៩​។​ តែ​ការ​ប្រកួត​របស់​ក្រុម​ញញួរ​ធំ ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ទោះ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ ដោយ​ជំនួយ​ការ​គ្រូ​បង្វឹក លោក Alan Irvine ទទួល​តួនាទី​ដឹកនាំ​ក្រុម​ជំនួស​។​

លោក​ Irvine ​ប្រាប់​ថា​៖ «​នៅ​ម៉ោង ៨:០៦ យប់ ភ្លាមៗ​យើង​​បាន​ដំណឹង​ពី​គ្រូពេទ្យ និង​ប្រធាន​ទទួល​បន្ទុក​ថែទាំ​កាយ​សម្បទា​​ ដែល​ប្រាប់​ថា មាន​លទ្ធផល​តេស្ត​វិជ្ជមាន ៣ ករណី មាន​គ្រូ​បង្វឹក និង​កីឡាករ ២ ​នាក់​។ យើង​​ត្រូវ​បាន​ទាក់ទង​យ៉ាង​លឿន ព្រោះ​យើង​កំពុង​នៅ​កន្លែង​តែ​មួយ​ជាមួយ​លោក Moyes ក្នុង​កីឡដ្ឋាន​»​។

លោក​ Irvine ​បន្ត​ថា​៖ «​យើង​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​នោះ​។ យើង​មាន​លទ្ធផល​តេស្ត​ច្រើន​ណាស់ ហើយ​អត់​មាន​ឃើញ​វិជ្ជមាន​ច្រើន​ឡើយ​។ ពួក​យើង​​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​យ៉ាង​ច្បាស់​លាស់​​តាម​គោលការណ៍​សុខភាព តាំង​ពី​ចាប់​ផ្ដើម​»​។

បើ​ទោះ​អត់​មាន​គ្រូបង្វឹក​ចាំ​ឈរ​បញ្ជា តែ​ West Ham ​នៅ​តែ​ឈ្នះ ដោយ​ការ​ស៊ុត​​បញ្ចូល​ទី​ដល់​ទៅ ៥ ​គ្រាប់​ ក្នុង​នោះ​ ១ គ្រាប់​ដោយ Robert Snodgrass ខណៈ​ ៤ គ្រាប់​ទៀត​ ទម្លុះ​សំណាញ់​ទី​ដោយ Sebastien Haller និង Andriy Yarmolenko ម្នាក់ ២ ​គ្រាប់​ហើយ​ក្រុម​នៅ​ក្រុង​ឡុងដ៍​មួយ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ចាំ​គូ ដែល​ឈ្នះ​រវាង​ក្រុម​ ​ Fleetwood និង Everton នៅ​វគ្គ ១៦ ​ក្រុម​។

ងាក​ទៅ​ការ​ប្រកួត​រវាង​ក្រុម​ Man United និង​ក្រុម​នៅ​លីក​ទី ២ Luton ដែល​ជា​ការ​ជួប​គ្នា​លើក​ដំបូង​តាំង​ពី​ឆ្នាំ ​១៩៩២ ឃើញ​ថា លោក​គ្រូ​បង្វឹក​របស់​ក្រុម​លោក Ole Gunnar Solskjaer ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​សំខាន់​ៗ​ ១០ ​រូប ដោយ​ក្នុង​នោះ​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ចាំទី Dean Henderson និង​កីឡាករ​ចំណូល​ថ្មី គឺ​ខ្សែ​បម្រើ​ Donny Van De Beek លេង​ពេញ​ទាំង ២ វគ្គ​តែ​ម្ដង​។

គ្រាប់​បាល់​ជ័យជម្នះ​ទាំង ៣ គ្រាប់​​របស់​​ Man United បាន​មក​ដោយសារ​ Juan Mata (ប៉េណាល់​ទី) នាទីទី​៤៤ Marcus Rashford នាទីទី​៨៨ និង​ Mason Greenwood នាទីទី​៩០+២​។

លោក​ Solskjaer ដែល​ក្រុម​របស់​លោក នឹង​ត្រូវ​ទៅ​ជួប​ក្រុម Brighton ឬ Preston នៅ​វគ្គ​បន្ទាប់​ ​និយាយ​ថា​៖ «​ការ​ឆ្លង​ទៅ​វគ្គ​បន្ត ជា​ជោគជ័យ​ដ៏​ធំ​។ មាន​ភាព​វិជ្ជមាន​មួយ​ចំនួន​ ក្នុង​នោះ​អ្នក​ចាំ​ទី​បំពេញ​តួនាទី​បាន​ល្អ ហើយ​យើង​ស៊ុត​បញ្ចូល​ទី​បាន​ជាមួយ​នឹង​គ្រាប់​បាល់​យ៉ាង​ស្អាត​ៗ​»​៕ AFP/VN