ក្រុង​ប៊ុយណូស៊ែ៖ លោក Diego Maradona ដែល​ត្រូវ​បាន​គេ​ចាត់​​ទុក​ថា ជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​បំផុត​ក្នុង​កំណត់ត្រា​នៃ​កីឡា​នេះ មុន​នឹង​ការ​​ញៀន​គ្រឿង​ញៀន និង​ស្រា ដែល​បំផ្លាញ​អាជីព​របស់​គាត់​បាន​ស្លាប់ ក្នុង​អាយុ ៦០ ​ឆ្នាំ កាល​ពី​ថ្ងៃ​ពុធ នៅ​ផ្ទះ​របស់​គាត់​ នា​ប្រទេស​អាហ្សង់ទីន ដោយសារ​គាំង​បេះដូង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​មេធាវី​របស់​គាត់​។

ក្នុង​នាម​ជា​មនុស្ស​សំណព្វ​របស់​ប្រជាជន​នៃ​ប្រទេស​របស់​គាត់ ក្រោយ​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈ្នះ World Cup ឆ្នាំ ១៩៨៦ ហើយ​​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​ពេញ​ចិត្ត​នៅ​ប្រទេស​អ៊ីតាលី ព្រោះ​បាន​ជួយ​ឱ្យ​ក្រុម​ Napoli លើក​ពាន​ក្របខ័ណ្ឌ Serie A ២ ​ដង​ លោក​ Maradona គឺ​ជា​កីឡាករ​មាន​ទេពកោសល្យ​ពិសេស​ម្នាក់ ដែល​ងើប​ចេញ​ពី​ការ​រស់នៅ​លើ​ផ្លូវ​ដ៏​លំបាក​នា​ក្រុង​ប៊ុយណូស៊ែ​ រហូត​ឈាន​ដល់​ចំណុច​កំពូល​នៃ​អាជីព​របស់​គាត់​។​

លោក​ Maradona ថ្មី​ៗ​នេះ ​បាន​តស៊ូ​នឹង​បញ្ហា​សុខភាព​ ហើយ​វះ​កាត់​យក​ឈាម​កក​ក្នុង​ខួរ​ក្បាល កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​។ គាត់​មាន​អាការ​គាំង​បេះដូង​ នៅ​ផ្ទះ​របស់​គាត់​ នៅ​ក្រៅ​ក្រុង​ប៊ុយណូស៊ែ នៅ​ថ្ងៃ​ពុធ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​មិត្ត​ជិត​ដិត​របស់​កីឡាករ​ចូល​និវត្តន៍​រូប​នេះ​ ហើយ​ការ​ស្លាប់​នេះ ត្រូវ​បាន​អះអាង​ដោយ​មេធាវី​ផ្ទាល់​ខ្លួន​របស់​គាត់​។

នៅ​ក្រុង​ប៊ុយណូស៊ែ មនុស្ស​ម្នា​ចាប់​ផ្ដើម​ចេញ​មក​តាម​ដង​ផ្លូវ ដើម្បី​សម្ដែង​ការ​កាន់​ទុក្ខ​ចំពោះ​កុលបុត្រ​ជា​ទី​ស្រឡាញ់​​របស់​ជាតិ​រូប​នេះ ដោយ​ការ​ប្រមូល​ផ្ដុំគ្នា នៅ​ក្រុង​ជិត​ខាង​ San Andres ជា​កន្លែង​ដែល​លោក​​ Maradona រស់​នៅ នៅ​ក្រុង Boca ជា​កន្លែង​ដែល​អតីត​អ្នក​ទាត់​បាល់ ​រហស្សនាម «​ខ្លាតឿ​» ក្លាយ​ជា​កីឡាករ ១ រូប និង​នៅ​ក្បែរ​​ក្រុង La Plata ជា​កន្លែង​ដែល​គាត់​ក្លាយ​ជា​នាយក​បច្ចេកទេស​របស់​ក្រុម Gimnasia y Esgrima​។

រដ្ឋាភិបាល​អាហ្សង់ទីន​បាន​ប្រកាស​ធ្វើ​បុណ្យ​កាន់​ទុក្ខ​រយៈពេល ៣ ​ថ្ងៃ ហើយ​​ជាមួយ​គ្នា​នេះ ប្រធានាធិបតី លោក​ Alberto Fernandez បាន​ឱ្យ​ដឹង​ក្នុង​បណ្ដាញ​សង្គម Twitter ថា​៖ «​អ្នក​បាន​នាំ​ពួក​យើង​ឱ្យ​ដល់​ចំណុច​ខ្ពស់​បំផុត​របស់​ពិភព​លោក និង​ធ្វើ​ឱ្យ​ពួក​យើង​បាន​នូវ​ក្ដី​រីករាយ​យ៉ាង​ក្រៃលែង​។ អ្នក​​ជា​បុគ្គល​ដ៏​អស្ចារ្យ​បំផុត​ពិត​មែន​។ សូម​អរគុណ​ណា លោក​ Diego (Maradona) សម្រាប់​​ការ​នៅ​ជាមួយ​ពួក​​យើង​រហូត​មក​។ ពួក​យើង​នឹង​នឹក​អ្នក​ពេញ​ ១ ជីវិត​»​។

ស្ថានីយ​រថភ្លើង​ក្រោម​ដី នា​ក្រុង​ប៊ុយណូស៊ែ បន្ទះ​ក្ដារ​ឌីជីថល ដែលតែង​​បញ្ចេញ​សារ​ប្រាប់​ដំណឹង​ពី​រថភ្លើង​ត្រូវ​បាន​ដាក់​ជំនួស​មក​វិញ​ដោយ​ពាក្យ​ជា​ភាសា​អេស្ប៉ាញ «Gracias Diego» (អរគុណ Diego)​។

នៅ​ឯ​ជាយ​ក្រុង​​ Villa Crespo បទ​ចម្រៀង​ចំណង​ជើង «La Mano de Dios» (ដៃ​អាទិទេព​) ដែល​ច្រៀង​ដោយ Rodrigo Bueno ​​បន្លឺ​ចេញ​ពី​វេរ៉ង់ដា​នៃ​គេហដ្ឋាន​នីមួយ​ៗ​ ពោល​គឺ​ជា​ចម្រៀង​ ដែល​សំដៅ​ទៅ​ដល់​ការ​ស៊ុត​បញ្ចូល​ទី​របស់​លោក Maradona ដោយ​ប្រើ​ដៃ​ ពេល​ប៉ះ​ក្រុម​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ World Cup 1986 នៅ​ប្រទេស​ម៉ិកស៊ិក ហើយ​ដោយសារ​ហេតុការណ៍​នេះ ​ទើប​ប្រជាជន​អាហ្សង់ទីន​បាន​លើក​តម្កើង​​រូប​លោក​ថា​ជា «El Dios» (ព្រះ​ជា​ម្ចាស់​) មក​រហូត​។​

ក្រោយ​គ្រាប់​បាល់​ដ៏​ចម្រូង​ចម្រាស​នោះ អ្វី​ដែល​​គ្រប់​គ្នា​ស្រឡាំង​កាំង​​ គឺ​​គ្រាប់​​ទី​ ២ របស់​គាត់​ក្នុង​ការ​ប្រកួត​នា​ពេល​នោះ ដែល​កើត​ឡើង ដោយសារ​គាត់​អូស​​ដាច់​កីឡាករ​របស់​​អង់គ្លេស​ស្ទើរ​ ១​ ក្រុម ហើយ​ទៅ​ស៊ុត​បញ្ចូល​ទី​​យ៉ាង​អស្ចារ្យ ដោយ​នោះ បាន​បង្ហាញ​ថា ការ​បណ្ដើរ និង​គ្រប់គ្រង​បាល់​របស់​គាត់​ពិបាក​នឹង​រក​ពាក្យ​មក​ប្រៀប​ប្រដូច​ខ្លាំង​ណាស់​៕ AFP/VN