ក្រុងវ៉ាស៊ីនតោន: ម្ចាស់ការពារ​តំណែង​ជើងឯក​ពិភពលោក ២ សម័យកាល Marc Marquez បាន​ឈ្នះ​ការ​ប្រណាំង​ម៉ូតូ MotoGP Grand Prix of the Americas ជា​លើក​ទី ៦ ជាប់ៗ​គ្នា​របស់​គេ កាល​ពី​ថ្ងៃ​អាទិត្យ បើ​ទោះបី​ធ្លាក់​ចេញ​ពី​លេខ​រៀង​នាំ​មុខគេ រហូត​ដល់​លេខ​រៀង​ទី ៤ លើ​ទីលាន ដោយសារ​តែ​ការ​រង​ពិន័យ​ការ​ប្រណាំង​ជម្រុះ​ក៏ដោយ។

កីឡាករ​សញ្ជាតិ​បារាំង​របស់​ក្រុម Honda រូបនេះ​បានឈ្នះ​ដោយ​នាំមុខ​ក្នុង​ថិរវេលា ៣,៥ វិនាទី​លើ​មិត្ត​រួម​ជាតិ​របស់​ខ្លួន Maverick Vinales របស់​ក្រុម Yamaha ក្នុង​ការ​ប្រណាំង​ចំនួន ២០ ជុំ លើ​ចម្ងាយ​ប្រមាណ​ជា ៥,៥១៣ គីឡូម៉ែត្រ នៅ​លើ​ទីលាន​ផ្លូវ​ខ្វាត់​ខ្វែង​ក្នុង​ទីក្រុង Austin រដ្ឋ​តិចសាស ខណៈ​ដែល​កីឡាករ​អ៊ីតាលី Andrea Iannone របស់​ក្រុម Suzuki ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣។

Marquez វ័យ២៥ឆ្នាំ បានទទួល​ជ័យជម្នះ​ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​លេខ​រៀង​លើ​ទីលាន​ទាំង ៥ លើក​កាល​ពី​មុន នៅ​លើ​ទីលាន​នៃ​ទីក្រុង Austin ខណៈ​ដែល​រូបគេ​បាន​ឈ្នះ​ការ​ប្រណាំង MotoGP ជា​លើក​ទី ១ របស់​គេ​នៅ​លើ​ទីលាន​នេះ កាល​ពី​ឆ្នាំ ២០១៣ មុន​នឹង​បន្ត​ស្ថិត​នៅ​លើ​លេខ​រៀង​ទី ១ លើ​ទីលាន​សម្រាប់​ឆ្នាំ​ទី ៦ ជាប់ៗ​គ្នា។

ប៉ុន្តែ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ បានចាប់ផ្តើម​ប្រណាំង​ដោយ​ស្ថិត​លើ​លេខ​រៀង​ទី ៤ លើ​ទីលាន ក្រោយ​ពី​រង​ពិន័យ​កាត់ ៣ លេខ​រៀង សម្រាប់​ការ​បន្ថយ​ល្បឿន និង​ផ្តល់​ការ​រំខាន​ដល់ Vinales លើ​ផ្លូវ​ល្បឿន​លឿន ក្នុង​ការ​ប្រកួត​ជម្រុះ​កាល​ពី​ថ្ងៃ​សៅរ៍។

Marquez ដណ្តើមបាន​លេខ​រៀង​ទីភ្លាមៗក្នុងពេល​ចាប់ផ្តើម​ប្រណាំង ហើយ​បន្ត​ដណ្តើម​ការនាំ​មុខ នៅ​មុន​ពេល​ជុំ​ទី ១ បញ្ចប់ ខណៈដែល​រូបគេ​បាន​រក្សា​ការ​នាំមុខ​រហូត​ដល់​បញ្ចប់​ការ​ប្រណាំង។

Marquez បាន​ឲ្យ​ដឹងថា៖ «វា​ជា​យុទ្ធសាស្ត្រ​របស់ខ្ញុំ​ក្នុងការ​ចាប់ផ្តើម និង​ជំរុញ​ឆ្ពោះ​ទៅ​មុខ។ ខ្ញុំ​មិន​មាន​ការ​ជឿជាក់​ក្នុងការ​ប្រជែង​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឆ្ពោះ​ទៅ​មុខ និង​បើក​ឲ្យ​មាន​គម្លាត​មួយ ហើយ​ជាការ​រំពឹង​ទុក ខ្ញុំ​នាំមុខ​ដាច់»៕