ក្រុង​ប៉ារីស៖ ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​សស្រោក​សស្រាំ​​តទល់​​ក្នុង​ការ​ទប់​ស្កាត់​​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ​កូវីដ ​១៩​ នោះ ​តារា​បាល់​ទាត់​មួយ​ចំនួន​ធំ ក៏​បាន​រួម​ចំណែក​របស់​ខ្លួន​ក្នុង​យុទ្ធនាការ​នេះ​ដែរ តាមរយៈ​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ឲ្យ​ទៅ​មូលនិធិ​នានា​ ក្នុង​ប្រទេស​របស់​ពួក​គេ​ ដូចជា​ពេល​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដ៏​ឆ្នើម​ ​Kylian Mbappe បាន​សម្ដែង​នូវ​ទឹក​ចិត្ត​ដ៏​ប្រពៃ​​របស់​ខ្លួន ដោយ​ការ​ប្រគល់​នូវ​​ទឹក​ប្រាក់​មួយ​ចំនួន​ ដល់​អង្គការ​សប្បុរស Abbe Pierre Foundation ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស ដើម្បី​ទុក​សម្រាប់​​ជា​ជំនួយ​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​ប្រទេស ​បារាំង។​ ​

ក្របខ័ណ្ឌ Ligue 1 របស់​បារាំង​ រួម​ជាមួយ​​ការ​ប្រកួត​ក្នុង​វិស័យ​​កីឡា​ល្បីៗ​​ផ្សេងៗ​​ជា​ច្រើន​ទៀត ត្រូវ​បាន​ផ្អាក​ជាបណ្ដោះ​អាសន្ន​អំឡុង​ពេល​មាន​វិបត្តិ​នៃ​ការ​ផ្ទុះ​ជំងឺ​ដ៏​សាហាវ​នេះ ដែល​មក​ទល់​ពេល​នេះ​ត្រូវ​បាន​គេ​អះអាង​ថា មាន​មនុស្ស​ចំនួន​ជាង​ ២៧ ០០០ ​នាក់ បាន​ស្លាប់​នៅ​ទូទាំង​ពិភព​លោក​។​ ​

ប្រទេស ​បារាំង​ ក៏​ជា​ប្រទេស​មួយ​ដែល​ត្រូវ​វីរុស​កូរ៉ូណា​វាយ​លុក​ដែរ​ ខណៈ​ដែល​​ពេល​នេះ មនុស្ស​ចំនួន ៣២ ៩៦៤ ​នាក់ ​ត្រូវ​បាន​គេ​អះអាង​ថា ​បាន​​ឆ្លង​ជំងឺ​នេះ ហេតុ​ដូច្នេះ​​ដោយសារ​តែ​​​ឃើញ​ប្រទេស​កំណើត​ខ្លួន​ កំពុង​ស្ថិត​ក្នុង​ភាព​វឹកវរ ក៏​ដូច​ជា​ចង់​រួម​ចំណែក​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់ Abbe Pierre Foundation ​កីឡាករ​សញ្ជាតិ​បារាំង​វ័យ ​២១ ​ឆ្នាំ ដែល​បច្ចុប្បន្ន​ប្រកប​​អាជីព​ជាមួយ​ក្រុម​អ្នក​មាន Paris Saint-Germain បាន​បរិច្ចាគ​ទឹក​ប្រាក់​មួយ​ចំនួន​ធំ​ដល់​អង្គការ​នេះ​​​។​ ​

ក្រោយ​ទទួល​បាន​ការ​បរិច្ចាគ​ អង្គការ​សប្បុរស​នេះ ក៏​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​៖ ​«​មិន​ត្រឹម​តែ​​បារម្ភ​អំពី​ផល​វិបាក​នៃ​វិបត្តិ​សុខភាព​ដ៏​ធ្ងន់ធ្ងរ ​ដែល​កើត​មាន​ចំពោះ​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បារម្ភ​ផង​ដែរ ​ចំពោះ​ផល​លំបាក​នានា​ ដែល​អាច​នឹង​កើត​មាន​ចំពោះ​ប្រជាជន​ងាយ​រង​គ្រោះ​ទាំង​ឡាយ ទើប​កីឡាករ​ឆ្នើម​ Kylian Mbappe បាន​បរិច្ចាគ​ភ្លាមៗ​​នូវ​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​ ដើម្បី​ជា​ការ​​គាំទ្រ​ដល់​ការងារ​របស់​អង្គការ Abbe Pierre Foundation​»​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​៖ ​«ទឹក​ចិត្ត​ដ៏​ល្អ​របស់​គាត់ នឹង​ផ្ដល់​ឲ្យ​ជា​ពិសេស​ក្នុង​ការ​អនុវត្ត​នូវ​សកម្មភាព​ជំនួយ​ដំបូង​របស់​យើង​ មាន​ដូចជា​ការ​ផ្ដល់​ជូន​នូវ​ទឹក​ប្រើប្រាស់ និង​អនាម័យ​សម្រាប់​ប្រជាជន​ក្នុង​ស្ថានភាព​ដ៏​មាន​គ្រោះ​ថ្នាក់​ខ្លាំង​នេះ​ ព្រម​ទាំង​ការ​ផ្ដល់​ជូន​​ម្ហូប​អាហារ និង​ជម្រក​សម្រាប់​អ្នក​ដែល​អត់​មាន​ផ្ទះ​សំបែង​»។

ជាមួយ​គ្នា​នេះ អង្គការ​សប្បុរស Abbe Pierre Foundation បាន​បញ្ជាក់​ថា៖ ​«មូលនិធិ សូម​ផ្ញើ​សារ​ថ្លែង​អំណរ​គុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ Kylian Mbappe ដែល​មាន​​សន្ដាន​ចិត្ត​ដ៏​ប្រពៃ​នេះ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ទៅ​​លើ​មនុស្ស​ទាំង​ឡាយ​ ក្នុង​ពេល​វេលា​មិន​ប្រាកដប្រជា​ដ៏​ធំ​នេះ​»​។​ ទោះ​ជា​យ៉ាង​ណា​ អង្គការ​សប្បុរស​ខាង​លើ មិន​បាន​បញ្ជាក់​​ពី​ចំនួន​ទឹក​ប្រាក់​ដែល​កីឡាករ Mbappe បរិច្ចាគ​នោះ​ទេ​។​​​

ដោយ​ឡែក​ កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ សារព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​​ឲ្យ​ដឹង​ថា​ ខ្សែ​បម្រើ​ប្រយុទ្ធ​​ Cristiano Ronaldo និង​ភ្នាក់ងារ​របស់​គាត់​ លោក​ Jorge Mendes បាន​បរិច្ចាគ​ទឹក​ប្រាក់​មួយ​ចំនួន​ធំ ​ទៅ​មន្ទីរពេទ្យ នៅ​ប្រទេស​កំណើត​ខ្លួន​ គឺ​ព័រទុយហ្គាល់​ ខណៈ​ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត​ដ៏​ល្បី​ឈ្មោះ Lionel Messi បាន​​ផ្ដល់​ថវិកា​ដល់​មន្ទីរពេទ្យ​ នៅ​ទីក្រុង​Barcelona ក្នុង​ប្រទេស ​អេស្ប៉ាញ​ ផង​ដែរ៕ ​AFP/VN