អាមេរិកៈ កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី​ Daniil Dedvedev បាន​គេច​ផុត​ពី​បរាជ័យ​ជា​បន្ត​ទៀត​​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ​សមាគម​វិជ្ជាជីវៈ​វាយ​កូន​បាល់​ (ATP) ដោយ​យក​ឈ្នះ​កីឡាករ​ David Goffin ៧-៦ (៧/៣), ៦៤ ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ឈ្នះ​ពាន​​ Cincinnati Masters នៃ​ក្រប​ខ័ណ្ឌ​ វាយ​កូន​បាល់ ATP។​

កីឡាករ​​ចំណាត់​ថ្នាក់​ទី​៩ ​រូប​នេះ ​បាន​បញ្ចប់​​ជាមួយ​ការ​​ឈ្នះ​ការ​វាយ​សឺវីស​ក្រោយ​ពី​សន្សំ​បាន​ពិន្ទុ​ពី​ការ​ឈ្នះ​សឺវីស​ក្នុង​ការ​​ប្រកួត​ផ្ដាច់ព្រ័ត្រ​​​ ធ្វើ​ឲ្យ​រូប​គាត់​ឈ្នះ​ពាន​រង្វាន់​ Masters 1000 ជា​​លើក​ដំបូង​ក្រោយ​ពី​បាន​ឈ្នះ​អ្នក​ជាប់​លេខ ​២ ​គឺ​កីឡាករ​ Nick Kyrgios ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ និង​បាន​ឈ្នះ​កីឡាករ​ Rafael Nadal នៅ​ទីក្រុង​ Montreal ពី​ចុង​សប្ដាហ៍​មុន​។​

កីឡាករ​ Medvedev បាន​និយាយ​ថា៖ «​នេះ​ជា​ការ​ប្រកួត​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​សម្រាប់​​រយៈពេល ​៣ ​សប្ដាហ៍​នេះ​ ​គឺ​ថា​ទាំង​ទម្រង់​លេង​ និង​ការ​វាយ​សឺវីស​របស់​ខ្ញុំ​គឺ​ល្អ​បំផុត​ ហើយ​ការ​វាយ​កូន​បាល់​របស់​ខ្ញុំ​ក៏​ស៊ី​ចង្វាក់​គ្នា​ថែម​ទៀត​ផង​ដែរ​​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​គ្មាន​ការ​ប្រកួត​ណា​មួយ​អាក្រក់​ទេ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បន្ត​លេង​បែប​​នេះ​សម្រាប់​ការ​ប្រកួត​នៅ​ពេល ​២-៣ សប្ដាហ៍​​ទៀត​នេះ​»។​

ក្រោយ​ពី​បាន​ចូលរួម​ប្រកួត​នៅ​ក្រោយ​ក្របខ័ណ្ឌ​ Wimbledon រួច​មក​ ម្ចាស់​ជើងឯក​រូប​នេះ​បាន​សារភាព​ថា៖ «​ខ្ញុំ​ពិត​ជា​​អស់​កម្លាំង​មែន​ទែន​ដែល​សឹង​តែ​មិន​អាច​និយាយ​បាន​នៅ​ពេល​នេះ​»។​​

កីឡាករ​រុស្ស៊ី​រូប​នេះ​បាន​និយាយ​ដែរ​ថា រូប​គាត់​បាន​​ចាប់​ផ្ដើម​ដាក់​កម្រិត​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​​នៅ​ពេល​រូប​គេ​បាន​គប់​ដង​រ៉ាកែត​ចោល​មុន​ពេល​សន្សំ​បាន​​ពិន្ទុ​ពី​ការ​ឈ្នះ​សឺវីស​។​​​

កីឡាករ​រូប​នេះ​បាន​និយាយ​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង​ Montreal របស់​ខ្ញុំ​ជាមួយ​កីឡាករ​ Nadal គឺ​សំខាន់​មែន​ទែន​ ហើយ​ខ្ញុំ​ប្រហែល​ជា​អាច​ប្រើ​បទពិសោធ​នោះ​ដែល​កីឡាករ​ David មិន​​មាន​»។​​

កីឡាករ​ Medvedev ដែល​ថ្មីៗ​នេះ​បាន​ចំណាត់​ថ្នាក់​កំពូល​ទាំង ​១០ ​នៃ​ក្រប​ខ័ណ្ឌ ATP នោះ​ឥឡូវ​នឹង​ធ្វើ​ឲ្យ​រូប​គេ​បាន​ចំណាត់​ថ្នាក់​ទី ​៥ ​ដោយសារ​បាន​ឈ្នះ ​៣ ​សប្ដាហ៍​មក​នេះ​។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​ពិនិត្យ​មើល​ចំណាត់​ថ្នាក់​នៅ​រាល់​ពេល ​២ ​នាទី​ម្ដង​​ទេ ​ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ពិនិត្យ​មើល​នៅ​ក្រោយ​ពេល​​ខ្ញុំ​ប្រកួត​បាន​ល្អ​នៅ​ព្រឹត្តិការណ៍​ណា​មួយ​​ព្រោះ​ប្រសិន​បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នឹង​មាន​ចំណាត់​ថ្នាក់​ទី ​៧ ​ប៉ុន្តែ​​ឥឡូវ​ខ្ញុំ​មាន​ចំណាត់​ថ្នាក់​​ទី ​៥​»។​​

កីឡាករ​ Medvedev ​បាន​ឈ្នះ​អ្នក​ការពារ​ម្ចាស់​ជើង​ឯក​ Novak Djokovic ខណៈ​រូប​គេ​បាន​ផ្ដួល​កីឡាករ​បែលហ្ស៊ិក​ Goffin ដើម្បី​ឈ្នះ​ការ​ប្រកួត​វាយ​កូន​បាល់​ឈាន​​មុខ​គេ​​លើក​ទី​៣១ ​នៃ​ក្របខ័ណ្ឌ​វាយ​កូន​បាល់​ ATP។​​

កីឡាករ​រូប​នេះ​បាន​ឈ្នះ​ការ​ប្រកួត​ច្រើន​បំផុត​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់​នៅ​ឆ្នាំ​នេះ​ជា​មួយ​ការ​ឈ្នះ ​៤៣ ​លើក​។​

កំពូល​តារា​អេស្ប៉ាញ​​ Nadal ដែល​មិន​បាន​លេង​នៅ​សប្ដាហ៍​នេះ​បាន​​ជាប់​ចំណាត់​ថ្នាក់​ទី​២ ​ជាមួយ​ការ​ឈ្នះ ​៤១ ​លើក ​បន្ទាប់​មក​​គឺ​កីឡាករ​ Roger Federer ដែល​បាន​ឈ្នះ​ ៣៩ ​លើក​។​

កីឡាករ​ Medvedev បាន​ប្ដេជ្ញា​​ប្រកួត​យក​ឈ្នះ​​ពាន​រង្វាន់​ ​US Open ដែល​ជា​ពាន​រង្វាន់​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ Grand Slam នៅ​រដូវ​កាល​នេះ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​​ឧទ្យាន​ Flushing Meadows សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល ​១ ​សប្ដាហ៍​ទៀត​។​​

នេះ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី​២ ​របស់​កីឡាករ​ Goffin នៅ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ក្រោយ​ពី​រូប​គេ​បាន​ចាញ់​កីឡាករ​ Federer នៅ​ទីក្រុង Halle ប្រទេស អាល្លឺម៉ង់​ ហើយ​កីឡាករ​រូប​នេះ​បាន​ប្រាប់​កីឡាករ​ Medvedev ​ថា៖ «​ខ្ញុំ​សូម​អបអរ​ចំពោះ​ក្រុម​របស់​អ្នក ហើយ​ជា​ថ្មី​ម្ដង​ទៀត​ ខ្ញុំ​គិត​ថា អ្នក​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​នៅក្នុង​​បុរី​ញូវយ៉ក​ក្នុង​រយៈពេល ​១ ​សប្ដាហ៍​ទៀត​នេះ​»៕ AFP/SN