ក្រុង​ម៉ា្រឌីដ៖ ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ Lionel Messi បាន​សារភាព​ថា រូប​គេ​​​ចង់​ចេញ​ពី​ក្លិប Barcelona ដើម្បី​ចេញ​ពី​ប្រទេស ​អេស្ប៉ាញ​ ក្រោយ​ពី​​មន្ត្រី​អាជ្ញាធរ​បាន​ស៊ើប​អង្កេត​រូប​គេ​​​ចំពោះ​ការ​បន្លំ​ពន្ធ​។​

កីឡាករ Messi ​និង​ឪពុក​របស់​រូប​គេ​​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​កំហុស​ពី​ការ​គេច​ពន្ធ​លើ​ប្រាក់​ចំណូល​ពី​រូបភាព​ដោយ​តុលាការ​កាតាឡូនី​​កាល​ពី​ឆ្នាំ​ ២០១៦​ និង​ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ២១ ខែ​ បើ​ទោះ​ជា​​​បាន​ផ្ដល់​ប្រាក់​ជំនួស​វិញ​នៅ​​មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ដោយ​។

ឥឡូវ​នេះ​កីឡាករ​ Messi បាន​បង្ហាញ​ថា​ រូប​គាត់​មាន​អារម្មណ៍​ថា​ «​ដូច​ត្រូវ​​គេ​ធ្វើ​បាប» ​ក្នុង​កំឡុង​ពេល​ស៊ើប​អង្កេត​ដែល​រូប​គាត់​បាន​ពិចារណា​ពី​ការ​ឈប់​លេង​​នៅ​ក្លិប​ Barcelona ដើម្បី​អាច​​ចេញ​ពី​ប្រទេស​នេះ​បាន ​ប៉ុន្តែ​​រូប​គេ​គិត​ថា​ ក្លិប​ផ្សេង​ទៀត​បាន​បញ្ចប់​រដូវកាល​ទិញ​កីឡាករ​ជា​ផ្លូវ​ការ​អស់​ហើយ​។

កីឡាករ Messi បាន​ប្រាប់ ​RAC1 ​ថា​៖ «​ក្នុង​ឆ្នាំ ​២០១២, ២០១៣ និង​ឆ្នាំ ​២០១៤ ខ្ញុំ​មាន​ការ​លំបាក​ណាស់​។ មែន​ហើយ ​ជា​មួយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ពន្ធដារ​របស់​រដ្ឋ​​អេស៉្បាញ​នេះ​ វា​ពិត​ជា​លំបាក​ណាស់​សម្រាប់​ខ្ញុំ​ និង​ក្រុម​គ្រួសារ​ពី​ព្រោះ​ប្រជាពលរដ្ឋ​​ពិត​ជា​​មិន​ដឹង​ ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ​។ ពួក​គេ​បាន​ឮ​រឿង​រ៉ាវ ហើយ​ពួក​គេ​បាន​បញ្ចេញមតិ​​ដូច​គ្នា​នឹង​សារព័ត៌មាន​អ៊ីចឹង​ដែរ​»​។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ ខ្ញុំ​គិត​ថា​ខ្ញុំ ​គឺ​ជា​កីឡាករ​បាល់​ទាត់​ដំបូង​គេ​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​តុលាការ​ Hacienda ​ហើយ​ដោយសារ​ហេតុផល​នេះ​ វា​ពិត​ជា​លំបាក​ណាស់ ​ខណៈ​កូនៗ​របស់​ខ្ញុំ​នៅ​តូច​នៅ​ឡើយ​»។​

កីឡាករ​ Messi បាន​បន្ថែម​ទៀត​ថា៖ «​នៅ​ពេល​នោះ​ ខ្ញុំ​បាន​គិត​ដោយ​ស្មោះ​ត្រង់​អំពី​ការ​ចាកចេញ​ពី​ក្លិប​នេះ​ មិន​មែន​ដោយសារ​តែ​ខ្ញុំ​ចង់​ចាកចេញ​ពី​ក្លិប​ Barcelona នោះ​ទេ​ ប៉ុន្តែ​​ដោយសារ​ខ្ញុំ​ចង់​​ចាកចេញ​​ពី​ប្រទេស ​អេស្ប៉ាញ ​តែ​ម្ដង​ពី​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ត្រូវ​បាន​គេ​​ធ្វើ​បាប​ ហើយ​ខ្ញុំ​មិន​ចង់​នៅ​ទីនេះ​ទៀត​ទេ។​ ខ្ញុំ​មាន​ផ្លូវ​ដើរ​ច្រើន​​ ប៉ុន្តែ​​មិន​ទាន់​ច្បាស់​ទេ​​ ព្រោះ​គ្រប់​គ្នា​បាន​ដឹង​​ពី​គោល​បំណង​របស់​ខ្ញុំ​ហើយ​»​៕ AFP/SN