ក្រុង​ឡុង​ដ៍​: លោក Jose Mourinho ទទួល​ស្គាល់​ថា ក្រុម Tottenham Hotspur (Spurs) នឹង​ត្រូវ​តែមាន Gareth Bale ដើម្បី​រួម​ចំណែក​ជួយ​ក្រុម​ឱ្យអាច​​បងា្ហញ​នូវ​ទម្រង់​លេង​ដ៏​អស្ចារ្យ ដូច​កាល​ពី​ថ្ងៃ​អាទិត្យ ដែលបាន​​​បំបាក់​ក្រុម Burnley​ ដល់​ទៅ ៤-០ ដោយ​​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិវេលស៍ ស៊ុត​បាន​ ២ គ្រាប់​។

កីឡាករ Bale បាន​បន្ត​នូវ​ទម្រង់​លេង​របស់​ខ្លួន ដែល​ចាប់​ផ្ដើមល្អ​ឡើង​វិញ​បណ្ដើរ​ៗ នា​ពេលនេះ ដោយ​​ការ​​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួតនៃ​សប្ដាហ៍​ទី២៥​ របស់​ក្រុម នៅ​​ភាគ​ជើង​ក្រុង​ឡុងដ៍​នេះ។

កីឡាករ​វ័យ ៣១ ​ឆ្នាំ ជាអ្នក​ស៊ុត​គ្រាប់​ដំបូងឱ្យ​ក្រុម​ Spurs នាំ​មុខសិន មុន​នឹង​បញ្ចូន​បាល់​ពី​ចម្ងាយ​ទៅ​ឱ្យ​ខ្សែ​ប្រយុទ្ធ Harry Kane ស៊ុត​បញ្ចូល​ទីបន្ថែម​ការ​នាំ​មុខ ២-០ ហើយ​បន្ទាប់​មក​ ក៏​មាន​ឱកាស​ធ្វើ​សម្រេច​គ្រាប់​ទី ២ របស់​ខ្លួន ដោយ​ការ​ប្រើ​បច្ចេក​ទេស​បញ្ចប់​ទី​ដ៏​គួរឱ្យ​ខ្លាច ខណៈ​នោះ​ជា​គ្រប់​ទី ៤ បន្ទាប់​ពី​គ្រាប់​ទី ៣ ដែល​បំប៉ោង​សំណាញ់​ទី​ដោយ​ Lucas Moura​។

បន្ទាប់​ពី​មាន​ការ​ចាប់​ផ្ដើម​ដំបូង​ដ៏​គួរ​ឱ្យ​ស្រងាក​ចិត្ត​ សម្រាប់ការ​មក​ចូល​រួម​ជាមួយ Spurs ជាលើក​ទី ២ របស់​ខ្លួន ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លិប Real Madrid នោះ​ ទី​បំផុត​​​ Bale កំពុង​បង្ហាញ​នូវ​សញ្ញា​នៃ​ទម្រង់​លេង ដែល​ធ្វើ​ឱ្យ​គេ​កា្លយ​ជា​កីឡាករ​ថ្លៃ​បំផុត​របស់​ពិភពលោក ពេល​រូបគេបាន​ផ្ទេរ​ទៅ​ក្រុម​នៅ​អេស្ប៉ាញ​ កាល​ពី​ឆ្នាំ ​២០១៣​។

ក្រុម​មាន់ខ្នាយ​មាស​ ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ទម្រង់​លេង​ដ៏​គួរ​ភ្ញាក់ផ្អើលបែ​បនេះ​​ពី​ Bale បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​មិន​ល្អ​បន្ត​បន្ទាប់​គ្នា ដោយ​រង​បរា​ជ័យ​ដល់​ទៅ ៥​ដង ពី​ការ​ប្រកួត ក្នុង​លីគ ៦​លើកចុង​ក្រោយ​របស់​ខ្លួន​។

ជាមួយ​នឹង​ការ​ប្រឹង​ប្រែង​ ដើម្បី​ធ្វើ​ឱ្យ​ក្រុម Spurs បាន​ត្រឡប់​ទៅ​ប្រកួតប្រជែង​ដណ្ដើម​សិទ្ធិ សម្រាប់​លេង នៅ​ក្រប​ខ័ណ្ឌ Champions League តាម​រយៈ​ការ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់ ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង ៤ (Top4) លោក Mourinho រំពឹង​ថា Bale អាច​ជួយ​ឱ្យ​ក្រុម​របស់​លោក​រំកិល​ឡើង​កាន់​តែ​ខ្ពស់ ក្នុង​តារាង​ពិន្ទុ​នៃ​ក្រប​ខ័ណ្ឌ Premier League​។

លោក Mourinho បាន​ថ្លែង​ថា​៖ «​ខ្ញុំ​រីក​រាយ​ជាមួយ​គាត់ និង​ក្រុម​ផង។ ក្រុម​នេះ ត្រូវ​ការ​ទេព​កោសល្យ​របស់​គេ​។ គេ​ស្ងប់​ស្ងាត់ ពោល​គឺ​អត់​និយាយ​ជាមួយ​អ្នក​ទាំងអស់​គ្នា (អ្នក​សារព័ត៌មាន) ទេ មិន​ថា ការ​មើល កា​អាន ការស្ដាប់ គឺ​ស្ទើរ​តែ​អត់​សោះ ដោយសារ​គេ​មក​ពី​ក្រុម Real Madrid អ៊ីចឹង ប្រហែល​មិនអើ​ពើ​នឹង​រឿង​ទាំង​អស់​បន្តិច​ហើយ​»​។

អ្នក​ចាត់​ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​បន្ត​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​នៅ​ពេលគេ ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ គេ​អាច​ធ្វើ​រឿង​ដូច​ថ្ងៃ​នេះ​អ៊ីចឹង​។ ការ​លេង​របស់​គេ គឺ​ល្អ​ណាស់ ដោយ​មិន​ត្រឹម​តែ​រឿង​ស៊ុត​បញ្ចូល​ទី​ទេ គឺ​ទាំង​ការ​ផ្លាស់​ប្ដូរ​ល្បឿន ការ​រត់​ចូល​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ជា​ដើម​»​។

កីឡាករ Bale ដែល​ជា​កីឡាករ​ជយលាភីពាន​ Champions League ជាមួយ​ក្រុម​ Real ៤​សម័យ​កាល កម្រ​នឹង​បាន​ចូល​លេង​ណាស់ ពេល​នៅអេស្ប៉ាញ នៅ​ ២​រដូវកាល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មិន​សូវ​ចុះ​សម្រុង​ជាមួយ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​ លោក Zinedine Zidane​។

នេះ​ទើប​តែ​ជាការ​បង្ហាញ​ខ្លួន ក្នុង​ចំណោម​កីឡាករ ១១ ​នាក់ដំបូង ​លើក​ទី​៣ ប៉ុណ្ណោះ​ របស់​ Bale ឱ្យ​ក្រុម Spurs​ នា​រដូវកាល​នេះ ហើយ​រូប​គេ ទទួល​ស្គាល​ថា វា​ត្រូវការ​ពេល​វេលា​បន្តិច ដើម្បី​បាន​ត្រឡប់​មក​មាន​ទម្រង់​ល្អ​វិញ​។

Bale បា្រប់​ថា​៖ «​វា​ជា​រឿង​ល្អ ដែល​ខ្ញុំ​កំពុង​ចាប់​ផ្ដើម​ល្អ​បន្តិច​ឡើង​វិញ ដើម្បី​ឆ្ពោះ​ទៅ​រក​ទម្រង់​ល្អ​ពេញលេញ​បរិបូរណ៍​ នា​ពេល​ខាង​មុខ​។ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល ខណៈ​ទម្រង់​លេង​របស់​ខ្ញុំ កំពុង​ត្រឡប់​មក​វិញ​ហើយ។ វា​ជា​រឿង​​រីក​រាយ ដែល​បាន​រួម​ចំណែក​ជួយ​ក្រុម​ឱ្យ​មាន​ជ័យ​ជម្នះ​។ ខ្ញុំ​រីក​រាយ​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី និង​ការ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម ជាពិសេស ​អ្វី​ក៏​ដោយ ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ក្រុម»​៕ AFP/VN