ឡុងដ៍៖ លោក Jose Mourinho ជឿថា កីឡាកររបស់ខ្លួនកំពុងប្រឈមនឹងបញ្ហាងាយរបួសដោយសារតែកាលវិភាគប្រកួតបាល់ទាត់ ក្រោយក្រុម Tottenham Hotspur (Spurs) បានឡើងទៅវគ្គ ៨ ក្រុម ពានរង្វាន់ League Cup ដោយការទម្លាក់ក្រុម Chelsea ក្នុងវគ្គប៉េណាល់ទី ៥-៤ ក្រោយពីការលេងក្នុងម៉ោងធម្មតាស្មើគ្នា ១-១។
កូនក្រុមរបស់លោក Mourinho កំពុងលេងប្រកួតទី២ ក្នុងចំណោម ៤ ប្រកួត រយៈពេល ៨ ថ្ងៃ ជាមួយនឹងកម្មវិធី ៣ ផ្សេងពីគ្នា ដែលនេះបានបង្កើតជាកង្វល់ចំពោះគ្រូបង្វឹក ដោយសារថា កីឡាករគ្មានពេលសម្រាកគ្រប់គ្រាន់។
Eric Dier គឺជាកីឡាករតែម្នាក់ប៉ុណ្ណោះ ក្នុងក្រុម Spurs ដែលមានវត្តមានក្នុងជម្រើស ១១ នាក់ដំបូងទាំងពេលនេះ និងទាំងកាលពីប្រកួតស្មើជាមួយក្រុម Newcastle ១-១ នៅក្របខ័ណ្ឌ Premier League ហើយគេឃើញខ្សែការពារសញ្ជាតិអង់គ្លេសបានរត់ចេញពីទីលានយ៉ាងលឿនទៅបន្ទប់ទឹកនៅវគ្គទី២។
Mourinho ដែលយល់ថា ការខ្សោះជាតិទឹកអាចនាំឱ្យមានបញ្ហាដល់ខ្សែការពាររូបនោះប្រាប់ថា៖ «ចំនួននាទីដែលបានលេង គឺប្រថុយនឹងគ្រោះថ្នាក់ណាស់។ អ្វីដែលខ្ញុំបានធ្វើថ្ងៃនេះចំពោះ Eric Dier គឺគ្រោះថ្នាក់មែនទែន។ វាមិនគួរឱ្យមានការប្រកួត ២ ដង ក្នុងរយៈពេល ៤៨ ម៉ោងនោះឡើយ។ អ្វីដែល Dier ធ្វើបាន គឺខុសពីមនុស្សធម្មតា»។
១ គ្រាប់ នៅនាទីទី១៩ ពីខ្សែប្រយុទ្ធ Timo Werner ដែលជួយឱ្យក្រុម Chelsea នាំមុខមុន បានធ្វើឱ្យក្ដីកង្វល់របស់លោក Mourinho មានកាន់តែធំឡើង ពេលត្រូវក្រុមដែលដឹកនាំដោយលោក Frank Lampard ធ្វើការគ្របសង្កត់តាំងពីចាប់ផ្ដើម។
តែកីឡាករ Erik Lamela បានជួយឱ្យ Spurs តាមស្មើនៅ ៧ នាទី មុនចប់ការប្រកួត ហើយ Edouard Mendy អ្នកចាំទីថ្មីរបស់ Chelsea មិនអាចរារាំងការស៊ុតរបស់ Dier, Lamela, Pierre-Emile Hojbjerg, Lucas Moura និង Harry Kane ពីចំណុចប៉េណាល់ទីបាន។
ការស៊ុត ៤ គ្រាប់ដំបូងរបស់តោខៀវពីសំណាក់កីឡាករ Tammy Abraham, Cesar Azpilicueta, Jorginho និង Emerson សុទ្ធតែសម្រេចដូចគ្នា តែ Mason Mount ស៊ុតខុសគោលដៅ។
ក្រោយធ្លាក់ពីពានកម្រិតទី៣ របស់អង់គ្លេសនេះ លោក Lampard និយាយថា៖ «អ្វីក៏អាចកើតដែរ ក្នុងវគ្គប៉េណាល់ទី។ ពិតមែនអ្នកចង់បន្តដំណើរក្នុងការប្រកួតនេះទៀត តែមានរឿងជាច្រើន ដែលគួរកត់សម្គាល់។ យើងគ្របសង្កត់នៅវគ្គទី១ តែការប្រកួតបានប្រែប្រួលនៅវគ្គទី២»។
លោក Mourinho បញ្ជាក់ថា កាលវិភាគនៃការប្រកួតដែលមានកាន់តែច្រើន ធ្វើឱ្យលោកគ្មានជម្រើសណា ក្រៅពីយកការប្រកួតទល់នឹងក្រុមអ៊ីស្រាអែល Maccabi Haifa នៅ Europa League ជាអាទិភាពចម្បងនោះឡើយ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានប្រាប់ថា៖ «ខ្ញុំបានប្រាប់កីឡាករគ្រប់រូបថា ពួកគេគួរតែផ្ដោតចំពោះប្រកួតនេះបានហើយ តែខ្ញុំវិញត្រូវគិតដល់ ៣ ប្រកួតបន្ទាប់។ ខ្ញុំមិនអាចជឿសោះថា ក្នុងរយៈពេលតែ ៤៨ ម៉ោង យើងកំពុងធ្វើការប្រកួតមួយនៅតំបន់អឺរ៉ុប។ កូនក្រុមរបស់ខ្ញុំ ពិតជាអស្ចារ្យមែនទែន»៕ AFP/VN