ក្រុង​រ៉ូម​៖ កីឡាករ​វាយ​កូន​បាល់​អាជីព (តិន្នីស) សញ្ជាតិ​អេស្ប៉ាញ Rafael Nadal បាន​ផ្ដួល​​កីឡាករ​លេខ ១ ពិភព​លោក Novak Djokovic របស់​ស៊ែប៊ី ដើម្បី​ឈ្នះ​ពាន​ក្នុង​​កម្មវិធី​ Italian Open​ កាល​ពី​ថ្ងៃ​អាទិត្យ និង​បង្កើត​បាន​នូវ​សញ្ញា​ដ៏​សំខាន់​នៅ​មុន​ ២ សប្ដាហ៍​ ពី​ការ​ធ្វើ​យុទ្ធនាការ​ការពារ​តំណែង​ជើងឯក​​ Roland Garros (French Open) របស់​ខ្លួន​។

កីឡាករ​ Nadal ដែល​មាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​កម្មវិធី​នេះ ដណ្ដើម​បាន​ជ័យជម្នះ​ពី Djokovic ដែល​ជា​ជើងឯក​ចាស់ ​​ជាមួយ​នឹង​លទ្ធផល ២ សិតទល់ ១ គឺ ៧-៥ ១-៦ និង ៦-៣ ដោយ​ប្រើ​ពេល ២:៤៩​ ម៉ោង​ ខណៈ​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៥៧​ រវាង​កីឡាករ​ឆ្នើម​ទាំង ២ ក្នុង​ការ​ប្រកួត​អាជីព​។​

កីឡាករ​លេខ ៣ ពិភពលោក Nadal បាន​និយាយ​ថា​៖ «​វា​ជា​រឿង​វិសេស​វិសាល​ណាស់ ដែល​ខ្ញុំ​កាន់​ពាន​រង្វាន់​នេះ​ជា​លើក​ទី​១០​។ ជា​រឿង​ពិបាក​នឹង​ស្រមើ​ស្រមៃ​ណាស់​។ ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​ឈ្នះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ទី១ នៅ​ទីក្រុង​រ៉ូម​នេះ​ កាល​ពី​ឆ្នាំ​ ២០០៥ ពេល​នោះ​ប្រកួត​ជាមួយ (Guillermo) Coria ដែល​ប្រើ​រយៈពេល​ដល់​ទៅ ៥ ម៉ោង​​ ព្រោះ​ត្រូវ​លេង​ដល់​ទៅ​ ៥ សិត​»​។

កីឡាករ Djokovic និង Nadal ជួប​គ្នា​លើក​ចុង​ក្រោយ នៅ​មុន​នេះ គឺ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី French Open 2020 ដែល​កីឡាករ​អេស្ប៉ាញ​វ័យ ៣៤​ ឆ្នាំ ឈ្នះ​ទាំង ៣ ​​សិត​ត្រួត​។ កីឡាករ​កំពូល​ទាំង ២ លើក​ពាន​កម្មវិធី​ Italian Open នេះ ដល់​ទៅ​ ១៥ ​លើក​ហើយ​ក្នុង​ចំណោម ១៧ ​ដង​ចុង​ក្រោយ​។

ចំណែក​ផ្នែក​នារី ពាន​រង្វាន់​នេះ បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​កីឡាការិនី​សញ្ជាតិ​ប៉ូឡូញ Iga Swiatek ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាការិនី​របស់​ឆែក Karolina Pliskova ៦-០ និង ៦-០៕ AFP/VN