ញូវយ៉ក៖ កីឡាករវាយកូនបាល់ (តិន្នីស) អាជីពលំដាប់លេខ ២ ពិភពលោក Rafael Nadal អះអាងកាលពីថ្ងៃអង្គារថា នឹងមិនចូលរួមប្រកួតប្រជែង ឬធ្វើការការពារតំណែងជើងឯករបស់ខ្លួនឡើយ ក្នុងកម្មវិធី US Open នាឆ្នាំនេះ នៅឯមជ្ឈមណ្ឌលកីឡា Flushing Meadows ខណៈក្រុមអ្នករៀបចំបានបញ្ចេញតារាងឈ្មោះអ្នកមានសិទ្ធិប្រកួតទោលសម្រាប់ព្រឹត្តិការណ៍ Grand Slam មួយនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញ Nadal បាននិយាយក្នុងខែមិថុនា ថា ខ្លួនមិនច្បាស់ក្នុងការធ្វើដំណើរទៅសហរដ្ឋអាមេរិក អំឡុងពេលមានរីករាលដាលនៃជំងឺកូវីដ ១៩ នេះ តែពេលនេះបានធ្វើតាមកីឡាការិនីលំដាប់លេខ ១ ពិភពលោក Ash Barty ក្នុងការដកខ្លួនពីព្រឹត្តិការណ៍ដ៏ធំ ដោយសារបារម្ភឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ កីឡាករ Nadal ឲ្យដឹងតាមបណ្ដាញសង្គម Twitter ថា៖ «ក្រោយពិចារណាជាច្រើនលើកច្រើនសា ខ្ញុំសម្រេចចិត្តមិនចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ US Open ឆ្នាំនេះទេ។ ស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ច្របូកច្របល់ណាស់។ ករណីជំងឺកូវីដ ១៩ កើនឡើងរហូត ដោយមើលទៅដូចជាគ្រប់គ្រងមិនបានសោះ»។
កីឡាករវ័យ ៣៤ ឆ្នាំ ដែលបានគ្រងពានដ៏ធំនៅអាមេរិកនេះ ៤ ដង បន្តទៀតថា៖ «យើងដឹងថា កាលវិភាគការប្រកួតតិន្នីស ដែលត្រូវកាត់បន្ថយ គឺពិបាកទទួលយកណាស់ ឆ្នាំនេះ ក្រោយផ្អាកដល់ទៅ ៤ ខែ។ ខ្ញុំអរគុណដល់គ្រប់គ្នា ដែលប្រឹងប្រែងចង់ឲ្យមានការប្រកួតកើតឡើង»។
តែព្រឹត្តិការណ៍នេះ ផ្នែកបុរសក៏នៅមានវត្តមានកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic ដែលធ្លាប់លើកពាននៅក្រុងញូវយ៉កនេះ ៣ ដង រួមជាមួយកីឡាករដែលជាជើងឯករងក្នុងព្រឹត្តការណ៍នេះ ឆ្នាំមុន Daniil Medvedev ព្រមទាំងកីឡាករលំដាប់កំពូល ១០ រូបផ្សេងទៀត ដែលមានដូចជាកីឡាករ Dominic Thiem, Stefanos Tsitsipas និង Alexander Zverev ជាដើម។
ផ្នែកនារី កីឡាការិនី ៩ រូប ក្នុងចំណោមកីឡាការិនីកំពូលទាំង ១០ រូប ដែលមានទាំងម្ចាស់ពាន Grand Slam ២៣ សម័យកាល Serena Williams និងជើងឯកចាស់ Bianca Andreescu ផងដែរនោះ សុទ្ធតែមានក្នុងបញ្ជីឈ្មោះប្រកួតប្រជែងរួមជាមួយម្ចាស់ជើងឯកកម្មវិធីនេះ ឆ្នាំ ២០១៨ គឺកីឡាការិនី Naomi Osaka ជាមួយគ្នា៕ AFP/VN