ក្រុងឡុងដ៍ៈ គ្រូ​បង្វឹក​ក្រុម​​បាល់​ទាត់​នារី​​អង់គ្លេស​លោក Phil Neville ជឿ​ថា កីឡាករ​បាល់​ទាត់​គួរ​តែ​ធ្វើ​ពហិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្រោយ​ពី​ខ្សែ​បម្រើ​ Paul Pogba នៅ​ក្លិប Man Utd បាន​ក្លាយ​ជា​កីឡាករ​ចុង​ក្រោយ​បំផុត​ដែល​​រង​ការ​បៀតបៀន​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

កីឡាករ​ Pogba ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ពី​ការ​​ស៊ុត​បាល់​ពិន័យ​របស់​គេ​ត្រូវ​បាន​សង្គ្រោះ​បាន​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​លទ្ធផល​ប្រកួត​ស្មើ​គ្នា​១-១ រវាង​ក្រុម​ Man Utd និង​ ក្លិប Wolves កាល​ពី​ថ្ងៃ​ចន្ទ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ពី​ខ្សែ​ប្រយុទ្ធ​ Tammy Abraham នៅ​ក្លិប Chelsea បាន​រងគ្រោះ​ដោយ​ការ​បៀតបៀន​ដូច​គ្នា​​នេះ​ដែរ​។

លោក Neville បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា៖ «​ខ្ញុំ​គិត​ថា ​យើង​ប្រហែល​ជា​ត្រូវ​ចាត់​វិធានការ​ឲ្យ​ខ្លាំង​ឥឡូវ​នេះ​ក្នុង​នាម​ជា​សហគមន៍​បាល់​ទាត់​ព្រោះ​ថា ​កូន​ក្រុម​របស់​ខ្ញុំ​​ធ្លាប់​បាន​​រងគ្រោះ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​តារា​បាល់​ទាត់​នៅ​ Premier League និង​ Championship ក៏​ធ្លាប់​រងគ្រោះ​បែប​នេះ​​ដែរ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ថា ក្នុង​នាម​ជា​សហគមន៍​បាល់​ទាត់​ ហេតុ​អ្វី​បាន​ជា​យើង​មិន​ព្រម​បញ្ឈប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​? ​ព្រោះ​​​ប្រព័ន្ធ​ Twitter នឹង​មិន​ធ្វើ​អ្វី​ដើម្បី​​ដោះ​ស្រាយ​រឿង​នេះ​ទេ​ ហើយ​ប្រព័ន្ធ Instagram ក៏​នឹង​មិន​ធ្វើ​អ៊ីចឹង​​ដែរ​ដោយ ​ពួក​គេ​គ្រាន់​​តែ​ផ្ញើ​អ៊ីមែល​​ទៅ​អ្នក​​និយាយ​ថា ពួក​គេ​នឹង​ស៊ើបអង្កេត​ ប៉ុន្តែ​ស្ងាត់​​ឈឹង​»។​

លោក Neville បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​បាន​បាត់​បង់​ទំនុក​​ចិត្ត​ទាំង​ស្រុង​​ចំពោះ​អ្នក​ដែល​គ្រប់គ្រង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ដូច្នេះ​ចូរ​យើង​ផ្ញើសារ​ខ្លាំងៗ​៖ ឈប់​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រយៈពេល ​៦ ​ខែ​ ហើយ​យើង​រង់ចាំ​មើល​ផល​ដែល​មាន​នៅ​តាម​ក្រុមហ៊ុន​ផ្សព្វផ្សាយ​សង្គម​ទាំង​នេះ​»។​​

ខ្សែ​បម្រើ​ Harry Maguire នៅ​ក្រុម Man Utd ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​សង្គម​ Twitter និង​ Instagram មាន​ភាព​សកម្ម​ថែម​ទៀត ​ក្នុង​ការ​បញ្ឈប់ ​«​សកម្មភាព​អសីលធម៌»​។​​

កីឡាករ​ Maguire ជា​ខ្សែ​បម្រើ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ពិភព​លោក​​ដែល​ក្លិប Man Utd បាន​ចំណាយ​រហូត​ដល់ ​៨០ ​លាន​ផោន ​ប្រហែល​ ៩៧ ​លាន​ដុល្លារ ​​ដើម្បី​ទិញ​ពី​ក្រុម Leicester នៅ​ដើម​ខែ​នេះ ​បាន​​និយាយ​តាម​ប្រព័ន្ធ Twitter ថា៖ «​គួរ​ឲ្យ​ស្អប់​ខ្ពើម​ណាស់​ដូច្នេះ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​តែ​ធ្វើ​អ្វី​​ម្យ៉ាង​ដើម្បី​ដោះស្រាយ​​រឿង​នេះ​»។​

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​គ្រប់​ការ​បង្កើត​​គណនី​ទាំង​អស់​​គួរ​តែ​ត្រូវ​ផ្ទៀងផ្ទាត់​ដោយ​លិខិត​ឆ្លង​ដែន ​ឬ​បណ្ណ​បើកបរ​ ហើយ​សូម​បញ្ឈប់​សកម្មភាព​អសីលធម៌​ដោយ​បង្កើត​គណនី​មួយ​ចំនួន​ដើម្បី​បៀតបៀន​មនុស្ស​តាម​ Twitter និង Instagram ទៀត​ទៅ»។​​

គណនី​មួយ​ចំនួន​ដែល​បង្កើត​ឡើង​ដើម្បី​វាយ​ប្រហារ Pogba នោះ​​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល​វិញ ​ចំណែក​មួយ​ចំនួន​ទៀត​ទំនង​ជា​នឹង​ត្រូវ​បាន​ចាត់​វិធានការ​ជា​បណ្ដើរៗ​ហើយ​។​

លក្ខខណ្ឌ​​​ប្រព័ន្ធ Twitter ចែង​ថា គេ ​«​នឹង​ចាត់​វិធានការ​ប្រឆាំង​ទៅ​នឹង​ទង្វើ​ដែល​មាន​បំណង​​វាយ​ប្រហារ​បុគ្គល​ក្នុង​លក្ខណៈ​ស្អប់​ខ្ពើម​»។​

ក្រុម Man Utd បាន​និយាយ​ក្នុង​របាយការណ៍​ថា ពួក​គេ​ត្រូវ​បាន ​«​ស្អប់​ខ្ពើម» ​​តាមរយៈ​ការ​បៀតបៀន​ពូជ​សាសន៍​​​ដោយ​អះអាង​ថា៖ «​អ្នក​បញ្ចេញ​មតិយោបល់​​ទាំង​នេះ​មិន​បង្ហាញ​ពី​តម្លៃ​នៃ​ក្លិប​អស្ចារ្យ​របស់​យើង​ទេ​ ប៉ុន្តែ​​វា​ថែម​ទាំង​​កំពុង​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​យើង​កាន់​តែ​រិះគន់​ខ្លាំង​ឡើង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​»។​​​

ក្រុម​បិសាច​ក្រហម​នេះ​បាន​បន្ថែម​ថា៖ «​ក្រុម Man Utd មិន​ទទួល​យក​ការ​រើសអើង​ពូជ​សាសន៍​គ្រប់​ទម្រង់​​ទាំង​អស់​ ហើយ​ប្ដេជ្ញា​បង្កើត​យុទ្ធនាការ​ប្រឆាំង​នឹង​បញ្ហា​នេះ​តាមរយៈ​គំនិត​ផ្ដួច​ផ្ដើម​របស់​យើង​ All Red All Equal»។​​

ក្រុម​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​នឹង​ធ្វើ​ការ​វែក​មុខ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ និង​ចាត់​វិធានការ​ខ្លាំង​បំផុត​​តាម​លទ្ធភាព​របស់​យើង​ ហើយ​យើង​ក៏​សូម​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចាត់​វិធានការ​ហ្មត់ចត់​​ក្នុង​ករណី​ទាំង​នេះ​ផង​ដែរ​»។​

សូម​បញ្ជាក់​​ថា អ្នក​រិះគន់​ជា​ច្រើន​​និយាយ​​ថា Pogba គួរ​តែ​ទុក​ឲ្យ​កីឡាករ Marcus Rasford ស៊ុត​បាល់​ពិន័យ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ Wolves ដោយសារ​​កីឡាករ​​រូប​នេះ ​បាន​ស៊ុត​ចូល​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​បើក​​ឆាក​រដូវ​កាល​ថ្មី​​នេះ​ជា​មួយ​ក្លិប Chelsea កាល​ពី​ចុង​សប្ដាហ៍​មុន​៕ AFP/SN