ប៉ារីស៖ ក្រុម​​ Paris Saint-Germain (PSG) ចាប់​ផ្ដើម​មាន​ដង្ហើម​រស់​ឡើង​វិញ​ហើយ នៅ​ក្របខ័ណ្ឌ Champions League ដោយសារ​បាល់​ប៉េណាល់​ទី នៅ​ដើម​វគ្គ​ទី១ របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar ដែល​ជួយ​ឱ្យ​ក្រុម​យក្ស​បារាំង​ឈ្នះ​​ RB Leipzig ១-០ អំឡុង​ការ​ប្រកួត​ កាល​ពី​ថ្ងៃ​អង្គារ​។

ក្រុម​ជើងឯក​រង​ពាន​រង្វាន់​ក្របខ័ណ្ឌ​នេះ កាល​ពី​រដូវកាល​មុន PSG បាន​ចាញ់ ២ លើក ក្នុង​ចំណោម​ការ​ប្រកួត​បើក​ឆាក ៣ ​ដង​របស់​ខ្លួន នៅ​​ពូល H ហើយ​កំពុង​ត្រូវ​បាន​គេ​សម្លឹង​មើល​ឥត​ប៉ប្រិច​ភ្នែក​នូវ​​លទ្ធភាព ដែល​អាច​ធ្លាក់​ចេញ​យ៉ាង​ឆាប់​ពី​ការ​ប្រកួត​ប្រជែង​នេះ បើ​សិន​ពួក​គេ​ភ្លាត់​ចាញ់​ក្រុម​ទៅ​ពី​អាល្លឺម៉ង់​ម្ដង​ទៀត​សម្រាប់​ការ​ប្រកួត​ នៅ​កីឡដ្ឋាន Parc des Princes នេះ​។

តែ​គ្រាប់​បាល់​របស់​ Neymar នៅ​នាទីទី​១១ ដែល​បាន​មក​ពី​​ការ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ គ្រប់គ្រាន់​សម្រាប់​ក្រុម​ PSG ដែល​កំពុង​ជួប​វិបត្តិ​កីឡាករ​របួស និង​ជាប់​ពិន័យ ខណៈ​ RB Leipzig មិន​អាច​ឆក់​យក​ឱកាស​សម្រាប់​ខ្លួន​បាន​។​

«​ក្នុង​គ្រា​​លំបាក​យើង ​គឺ​ជា​ក្រុម​មួយ​ដែល​មាន​ភាព​សាមគ្គី​គ្នា​យ៉ាង​ស្អិត​ល្មួត ហើយ​សម្រេច​បាន​នូវ​កិច្ច​ការ​មួយ​យ៉ាង​ល្អ​។ ជា​ថ្មី​ម្ដង​ទៀត​ យើង​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ធ្វើ​បែប​នោះ​»​។ នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុម​ PSG កីឡាករ Marquinhos ដែល​និយាយ​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន RMC Sport ក្រោយ​ការ​ប្រកួត ដែល​ក្រុម​ខ្លួន​ដណ្ដើម​បាន ៣ ​ពិន្ទុ​ដ៏​សំខាន់​។

ទាំង​ ២ ក្រុម PSG និង Leipzig មាន​ ៦ ​ពិន្ទុ​ដូច​គ្នា ជាមួយ​នឹង​ការ​នៅ​សល់ ២ ប្រកួត​ទៀត ដោយ​ត្រូវ​តាម​ពី​ក្រោយ​ក្រុម​នៅ​កំពូល​តារាង Manchester United ចំនួន ៣ ​ពិន្ទុ បន្ទាប់​ពី​ក្រុម​យក្ស​នៅ​អង់គ្លេស បំបាក់​ក្រុម​របស់​តួកគី Istanbul Basaksehir ៤-១​។

អ្វី​ដែល​សំខាន់ គឺ​ក្រុម PSG មាន​ប្រវត្តិ​ជួប​គ្នា​​ (head-to-head) ល្អ​ជាង Leipzig ដោយសារ​អាច​ស៊ុត​បញ្ចូល​ទី​បាន នៅ​ក្រៅ​ផ្ទះ ប្រសិន​បើ​ទាំង ២ ​ក្រុម នៅ​តែ​មាន​ពិន្ទុ​ស្មើ​គ្នា​ទៀត ក្នុង​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ចុង​ក្រោយ​។ ពេល​​ជួប​គ្នា​នៅ​អាល្លឺម៉ង់​កាល​ពី ៣ ​សប្ដាហ៍​កន្លង​ទៅ ក្រុម PSG ចាញ់ ២-១​។​

ក្រុម​របស់​លោក Thomas Tuchel ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី Old Trafford របស់​ Man United នៅ​ហ្គេម​បន្ទាប់ ហើយ​អ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​ប្រកួត​នោះ គឺ​ថា ក្រុម​ជើងឯក​លីគ​កំពូល​បារាំង​មួយ​នេះ អាច​ទាំង​បាន​ឆ្លង​ទៅ​វគ្គ ១៦ ក្រុម​ ក៏​ដូច​ជាអាច​ធ្លាក់​ពី​កម្មវិធី​របស់​អឺរ៉ុប​នេះ​បាន​ដូច​គ្នា៕ AFP/VN