ប្រេស៊ីល: តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar បានទទួលស្គាល់ថា ក្រោយពីការបរាជ័យរបស់ក្រុមជម្រើសជាតិខ្លួនក្នុងវគ្គ ៨ ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ World Cup រូបគេមិនអាចសម្លឹងមើលបាល់ និងមិនចង់ឃើញការប្រកួតណាមួយដែលនៅសល់ក្នុងយុទ្ធនាការនេះឡើយ។
ខ្សែប្រយុទ្ធ Neymar វ័យ ២៦ ឆ្នាំ បានប្រាប់ AFP ក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយកាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំនឹងមិនពង្វាងដានច្រើនឆ្ងាយឡើយក្នុងការនិយាយថា ខ្ញុំមិនចង់លេងម្តងទៀតឡើយ ប៉ុន្តែ ខ្ញុំមិនចង់ឃើញបាល់មួយឡើយ ឬក៏ឃើញការលេងក្នុងការប្រកួតកីឡាបាល់ទាត់ទៀតឡើយ»។
តារាឆ្នើមរបស់ក្លិប Paris Saint Germain រូបនេះ បានផ្តល់សម្ភាសនៅឯវិទ្យាស្ថាន Neymar Praia Grande របស់គេ ដែលជាកន្លែងយុទ្ធនាការកីឡាបាល់ទាត់ដែលមានសមាជិកម្ខាង ៥ នាក់ Red Bull Neymar Jr 5 ត្រូវបានរៀបចំឡើង។ ទោះបីជាយ៉ាងណា ខណៈស្ថិតក្នុងដៃ រួមជាមួយនឹងកូនប្រុសវ័យ ៦ ឆ្នាំរបស់គេគឺ Davi Lucca ដែលអង្គុយលើភ្លៅរបស់គេ ខ្សែប្រយុទ្ធរូបនេះ ហាក់ស្ថិតក្នុងអារម្មណ៍ធូរស្រាល ខណៈដែលរូបគេបានពន្យល់ពីការខកចិត្តរបស់គេបន្ទាប់ពីព្រឹត្តិការណ៍ World Cup។
ទាក់ទងនឹងការបរាជ័យ ២-១ របស់ក្រុមខ្លួនក្រោមស្នាដៃក្រុមបែលហ្ស៊ិក ក្នុងវគ្គ ៨ ក្រុមចុងក្រោយ Neymar បានឲ្យដឹងថា៖ «ខ្ញុំបានស្ថិតក្នុងការខកចិត្ត ខ្ញុំពិតជាសោកសៅពីលទ្ធផលនោះ ប៉ុន្តែ ការសោកសៅនោះផុតរលត់អស់ហើយ។ ខ្ញុំមានកូនប្រុស ក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ហើយពួកគេមិនចង់ឃើញខ្ញុំមិនសប្បាយចិត្តឡើយ។ ខ្ញុំមានហេតុផលជាច្រើនក្នុងការរីករាយ ជាងការកើតទុក្ខ»។
នៅពេលត្រូវបានចោទសួរពីព័ត៌មានក្នុងប្រទេសអេស្ប៉ាញ ទាក់ទងនឹងរូបគេជាមួយការផ្ទេរមួយទៅកាន់ក្លិប Real Madrid ខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ថា «នោះគ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ»៕