អាមេរិកៈ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Edward Nketiah រក​បាន ​១​ គ្រាប់ ​ចុង​ក្រោយ​​នៅ​រយៈ​ពេល ​២​ នាទី​ មុន​ពេល​បញ្ចប់​ការ​ប្រកួតដែល​ជួយ​ឲ្យ​ក្លិប​កាំ​ភ្លើង​ធំ​ Arsenal ឈ្នះ​ក្លិប​ Bayern Munich ២-១ នៅ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​មុន​រដូវ​កាល​នៅ​រដ្ឋ​កាលី​ហ្វ័រញ៉ា​សហ​រដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​ពុធ​។​

ក្រុម​កាំ​ភ្លើង​ធំ​បាន​នាំ​មុខ​ ១ ​គ្រាប់​ដោយ​សារ​ក្រុម​ Bayern ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​​នៅ​នាទី​ទី​៤៩​ ហើយ​ក្នុង​នាទី​ទី​៧១​ កីឡាករ​ ​​Louis Poznanski រក​បាន ​១ ​គ្រាប់​វិញ​ប៉ុន្តែ​នៅ​នាទី​ទី​៨៨​ កីឡាករ​ Nketiah រក​បាន​ ១ ​គ្រាប់​ ធ្វើ​ឲ្យ​ក្រុមកាំ​ភ្លើង​ធំ​ឈ្នះ​ក្លិប​ Bayern ២-១។​

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​លោក Unai Emery ជា​គ្រូ​បង្វឹក​របស់​ក្លិប Arsenal បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ផ្ដល់​ឱកាស​ឲ្យបាន​ច្រើន​សម្រាប់​​កីឡាករ​វ័យ​ក្មេង​ក្រោយ​ពី​​កីឡាករ​វ័យ​ ២០ ​ឆ្នាំ​ Nketiah រក​បាន​ ១ ​គ្រាប់​ចុង​ក្រោយ​ ជួយ​ឲ្យ​ក្រុម​ Arsenal ឈ្នះ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នេះ​។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​យើង​មាន​ទទួល​ខុស​ត្រូវ​ជា​មួយកីឡាករ​​ក្មេងៗ​ ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួក​គេ​បន្ថែម​ទៀត​​ព្រោះ​យើង​ចង់ឲ្យ​កីឡាករ​ក្មេងៗ​មួយ​ចំនួន​​ជួយ​យើង​»។​​

លោក Emery បាន​បន្ថែម​ថា៖ «​កីឡាករ​មួយ​ចំនួន​នឹង​នៅ​ជា​មួយ​យើង​ក្នុង​ការ​ប្រកួត​មុន​រដូវ​កាល​នេះ​ ខណៈ​​មួយ​ចំនួន​ទៀត​នឹង​នៅ​ជា​មួយ​យើង​ក្នុង​ការ​ប្រកួត​ក្នុង​រដូវ​កាល​​ព្រោះ​ពួក​គេ​បាន​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​នៅ​គ្រប់​នាទី​ទាំង​អស់​នៅ​ពេល​ប្រកួត​ជា​មួយ​ក្រុម​ធំ​មួយ​នេះ»។​​

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ត​ថា៖ «​ទំនួល​ខុស​ត្រូវ​របស់​យើង​​សម្រាប់​ប្រវត្តិ​សាស្ត្រ​ បច្ចុប្បន្ន​កាល​​ និង​អនាគតកាល​​របស់​​ក្លិប​នេះ ​គឺ​ត្រូវ​ផ្ដល់​ឱកាស​ដល់កីឡាករ​​ក្មេងៗ​ថែម​ទៀត​​»៕ AFP/SN ​​