ក្រុង​ឡុងដ៍: ខ្សែ​បម្រើ Alex Oxlade-Chamberlain​ របស់​ក្លិប Liverpool អាច​នឹង​ត្រូវ​អវត្តមាន​ក្នុងរដូវ​កាល​ទាំង​មូល​ខាង​មុខ​នេះ ខណៈ​ដែល​ក្លិប​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ បានប​ញ្ជាក់​កាល​ពី​ថ្ងៃពុធ​ថា ពួក​គេ​បាន​ដឹង​ពី​​រយៈពេល​នៃ​ការ​អវត្ត​មាន​នេះ​រួច​ជាស្រេច​។

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​រង​របួស​យ៉ាង​ធ្ងន់ត្រង់​ជង្គង់ អំឡុង​ពេល​នៃ​ការប្រកួត​ជើង​ទី​១​ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​មួយនឹង​​ក្រុម Roma កាល​ពី​ខែមេសា និង​ទទួ​ល​ការ​វះ​កាត់​យ៉ាងជោគ​ជ័យ ក្នុង​រយៈពេល​៨​ថ្ងៃ​ក្រោយ​​​។

ក្លិប Liverpool បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ថ្លែង​​ការណ៍​មួយថា៖ «រយៈ​ពេល​នៃ​ការ​អវត្ត​មាន​របស់​គេ មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ពេល​នោះ​​ឡើយ​តាម​​ការ​ស្នើ​សុំ​ពី​ Oxlade-Chamberlain ដែល​មិន​ចង់​ឲ្យ​ព័ត៌​មាន​​នេះ រំខាន​ដល់​យុទ្ធ​នាការ​ក្នុង​ក្រប​ខ័ណ្ឌ Champions League របស់​ក្រុម​ហង្ស​ក្រហម និង​ការរំភើប​នា​នា​ជុំ​វិញ​យុទ្ធ​នាការ​នេះ​»​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​​អង់គ្លេស Alex Oxlade-Chamberlain (ឆ្វេង) របស់ Liverpool រង​របួស ក្រោម​ការ​ប្រជែង​ដណ្តើម​បាល់​ពី​ខ្សែ​ការ​ពារ​ស៊ែ​ប៊ី Aleksandar Kolarov របស់ Roma​។ AFP

លោក Jurgen Klopp ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​​​ បាន​ប្រាប់​គេហ​ទំ​ព័រ liverpoolfc.com ថា លោក​បាន​ដឹង​ថា អតីត​តារាឆ្នើម​របស់​ក្លិប Arsenal រូប​នេះ អាច​នឹង​ត្រូវ​អវត្ត​មាន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​។

លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «វាប​ង្ហាញ​ថា ពេល​នេះ គឺ​ជា​ពេល​ដ៏ស័ក្តិ​សម​​ក្នុង​ការ​ប្រាប់​គ្រប់​គ្នា​ថា Ox នឹង​​ផ្តោត​លើ​ការ​សម្រាក​ព្យា​បាល និង​ការ​វិល​ទៅ​រក​ភាព​រឹង​មាំ​វិញ នៅ​រដូវ​កាល​ខាង​មុខនេះ​»​៕ IS