ក្រុងឡូសអេនជឺលេស: របួសភ្នែកដែលកីឡាករប្រដាល់ Manny Pacquiao បានជួបប្រទះក្នុងពេលដណ្តើមបានជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទលើកីឡាករ Adrian Broner គឺការដាច់រលាត់កញ្ចក់ភ្នែក ហើយតារាឆ្នើមរបស់ហ្វីលីពីនរូបនេះកំពុងតែសម្រាកព្យាបាលរួចជាស្រេច។ នេះបើយោងទៅតាមអ្នកនាំពាក្យម្នាក់សម្រាប់ក្រុមការងាររបស់ Pacquiao កាលពីថ្ងៃចន្ទកន្លងទៅ។
កាសែត New York Daily News បានចេញផ្សាយថា សមាជិកមួយចំនួនក្នុងក្រុមរបស់ Pacquiao បានព្រួយបារម្ភថា រូបគេបានរងរបួសយ៉ាងខ្លាំងទៅលើប្រស្រីភ្នែកក្នុងពេលផ្តួល Broner ដើម្បីការពារខ្សែក្រវាត់ពិភពលោក WBA ក្នុងទម្ងន់ ៦៦,៧ គីឡូក្រាមរបស់គេដែលជាខ្សែក្រវាត់មានកម្រិតទាបជាងខ្សែក្រវាត់ WBA ទាំង ២ របស់កីឡាករប្រដាល់មិនស្គាល់ចាញ់ Keith Thurman។
កីឡាករប្រដាល់វ័យ ៤០ ឆ្នាំរូបនេះបានរុំឧបករណ៍ការពារភ្នែករបស់គេរួចជាស្រេច និងមានអារម្មណ៍ថា រូបគេត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមទស្សនាការប្រកួតកីឡាបាល់បោះក្របខ័ណ្ឌ NBA រវាងក្រុម Golden State Warriors និង Los Angeles Lakers នៅកីឡដ្ឋាន Staples Center។
ប៉ុន្តែបញ្ហារបួសភ្នែកនេះដែលអាចបណ្តាលមកពីប៉ះជាមួយនឹងហ្គង់របស់ Broner មិនមែនជាព័ត៌មានមិនល្អតែមួយសម្រាប់ Pacquiao កាលពីចុងសប្តាហ៍ថ្មីៗនេះឡើយ។
បើតាមប្រភពនានាផ្ទះ ១ ខ្នងនៅទីក្រុង Los Angeles របស់ Pacquiao ត្រូវបានចោរលួចគាស់ក្នុងពេលរូបគេស្ថិតក្នុងទីក្រុង Las Vegas ប៉ុន្តែ វាមិនត្រូវបានប្រកាសភ្លាមៗថាក្រុមចោរបានលួចអ្វីទៅឡើយ។
វាមិនមែនជាលើកទី ១ ឡើយដែលអ្នកលេងកីឡាដ៏ល្បីឈ្មោះម្នាក់បានរងនូវការលួចគាស់ផ្ទះនៅ Los Angeles នោះ។
អតីតតារាឆ្នើមរបស់ក្រុម Los Angeles Dodgers គឺ Yasiel Puig បានក្លាយជាជនរងគ្រោះដោយសារតែចោរលួចគាស់ផ្ទះយ៉ាងហោចណាស់ ៤ លើកក្នុងរយៈពេលត្រឹមតែ ១៨ ខែក្នុងពេលរូបគេលេងកីឡាបេស្បលក្នុងក្របខ័ណ្ឌ Major League Baseball ឬកំពុងបំពេញកាតព្វកិច្ចសម្រាប់ក្រុមរបស់ខ្លួន។
ក្រុមចោរក៏មានគោលដៅក្នុងការលួចគាស់ផ្ទះរបស់កីឡាករ Robert Woods នៃក្រុម Los Angeles Rams ផងដែរ។
Pacquiao ដែលបានធ្វើឲ្យកំណត់ត្រាឈ្នះរបស់គេកើនដល់ ៦១ លើកចាញ់ ៧ លើក និងស្មើ ២ លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ៣៩ លើកក្រោយពីយកឈ្នះលើ Broner បានបញ្ចាក់ថារូបគេនឹងបន្តធ្វើការប្រកួត បើទោះបីរូបគេមានកាតព្វកិច្ចក្នុងនាមជាសមាជិកព្រឹទ្ធសភារបស់ហ្វីលីពីនក៏ដោយ។
កីឡាករ Pacquiao ដែលបានបញ្ជាក់ថារូបគេពិតជាចង់ឡើងសង្វៀនប្រកួតជាមួយនឹង Floyd Mayweather ដើម្បីសងសឹកចំពោះការចាញ់កាលពីឆ្នាំ ២០១៥ របស់គេក្រោមស្នាដៃកីឡាករប្រដាល់អាមេរិកមិនស្គាល់ចាញ់រូបនេះ បានឲ្យដឹងថា៖ «ខ្ញុំនឹងស្នើឲ្យអ្នករៀបចំការប្រកួតរបស់ខ្ញុំរៀបចំការប្រកួតបន្ទាប់របស់ខ្ញុំ ហើយយើងនឹងប្រកាសក្នុងពេលដ៏សមរម្យមួយ»។ កីឡាករ Pacquiao បានបន្ថែមទៀតថា៖ «ប្រាប់រូបគេឲ្យវិលមកកាន់សង្វៀនវិញ ហើយយើងនឹងប្រកួតគ្នាម្តងទៀត»៕ IS