ក្រុងសៅប៉ូឡូៈ ក្រុម​គ្រូពេទ្យ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក Pele នឹង​ត្រូវ​ធ្វើការ​វះកាត់​យក​ដុំ​ក្រួស​ក្នុង​តម្រងនោម​ចេញ​ក្រោយ​រយៈពេល​ ១ ​ថ្ងៃ បន្ទាប់ពី​វីរបុរស​បាល់ទាត់​ដ៏ល្បីល្បាញ​រូបនេះ​បាន​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​ប្រេស៊ីល​វិញ ក្រោយពី​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ប៉ារីស​សម្រាប់​ជំងឺ​នេះ​។

អតីត​កីឡាករ​វ័យ​ ៧៨ ​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Albert- Einstein នៅក្នុង​ទីក្រុង​សៅប៉ូឡូ ប្រទេស​ប្រេស៊ីល ដើម្បី​ពិនិត្យ​សុខភាព​បន្ថែម​ទៀត​ក្រោយពី​ទៅ​ដល់​ប្រទេស​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។

មន្ទីរពេទ្យ​បាន​និយាយ​ថា​៖ «​ការពិនិត្យ​សុខភាព​បង្ហាញ​ថា​លោក Pele មាន​ជំងឺ​ដុំ​ក្រួស​ក្នុង​តម្រងនោម​ខាង​ឆ្វេង ហើយ​គេ​គ្រោង​នឹង​ធ្វើការ​​វះកាត់​យក​ដុំ​ក្រួស​នោះ​ចេញ​នៅ​អំឡុងពេល​ស្នាក់នៅ​មន្ទីរពេទ្យ​ពេល​នេះ ប៉ុន្តែ​គេ​មិន​ច្បាស់លាស់​ពី​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ​។

មន្ទីរពេទ្យ​ដដែល​នេះ​បាន​បន្ថែមថា​៖ «​ពេលនេះ​អ្នកជំងឺ​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ធម្មតា និង​មាន​លក្ខណៈ​ល្អ​ទូទៅ​តាម​ទស្សនៈ​របស់​គ្លីនិក​មួយ​»​។

លោក Pele ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កីឡាករ​បាល់ទាត់​ដ៏អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ឯកជន​អាមេរិក​មួយ​កន្លែង​នៅ​តំបន់​ជាយក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ចន្ទ​ជា​ទី​ដែល​គាត់​បាន​សម្រាក​ព្យាបាល​នៅពេល​ធ្លាក់​ខ្លួន​ឈឺ ក្រោយពី​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ជាមួយ​នឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe​។

គេហទំព័រ Globoesporte.com site បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​លោក Pele បាន​និយាយ​ថា​គាត់​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​ការវះកាត់​សម្រាប់​ជំងឺ​ប្រព័ន្ធ​ទឹកនោម​​ដ៏ធ្ងន់ធ្ងរ​នេះ​»​។

លោក Pele បាន​ឈ្នះ​ពាន World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ឆ្នាំ​ ១៩៥៨ ឆ្នាំ​ ១៩៦២ និង​មួយ​លើក​ទៀត​នៅ​ប្រទេស​ម៉ិកស៊ិក​ក្នុង​ឆ្នាំ​ ១៩៧០ ជា​ពេល​ដែល​ក្រុម​របស់គាត់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ក្រុម​បាល់ទាត់​ទំនើប ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​ជា​បន្តបន្ទាប់​៕ SN