ក្រុង​មេនឆេស្ទ័រ៖ លោក Pep Guardiola (Pep) បាន​ផ្ដល់​តម្លៃ​នៃ​ការ​ឈ្នះ ២០ ប្រកួត​បន្ត​បន្ទាប់​គ្នា​របស់​ក្រុម​មេឃ​ខៀវ Manchester City ថា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​បំផុត​មួយ ក្នុង​អាជីព​ដែល​មាន​ជោគជ័យ​បំផុត​របស់​គាត់។

Man City កំពុង​ធ្វើ​ការ​នាំមុខ​ដាច់ ១៣ ពិន្ទុ នៅ​ទី​កំពូល​តារាង​ក្របខ័ណ្ឌ Premier League ក្រោយ​យកឈ្នះ​ក្រុម West Ham United ទាំង​ប្រផិតប្រផើយ ២-១ អំឡុង​ការ​ប្រកួត​នៅឯ​កីឡដ្ឋាន Etihad កាល​ពី​ថ្ងៃ​សៅរ៍។

ក្រុម​របស់​លោក Pep មិន​ទាន់​ស្គាល់​បរាជ័យ​ទេ ក្នុង​ចំណោម ២៧ ហ្គេម ហើយ​ជ័យជម្នះ​ជាប់ៗ​គ្នា​រហូត​ដល់ ២០ ដង ពី​ការ​ប្រកួត​នៃ​គ្រប់​កម្មវិធី​ទាំង​អស់ ជា​កំណត់ត្រា​មួយ​សម្រាប់​ក្រុម​នៅ​លីគ​កំពូល​របស់​អង់គ្លេស។

បុរស​ជាតិ​អេស្ប៉ាញ លោក Pep ឈ្នះ​ជើងឯក​ជាច្រើន​រហូតដល់ ២៩ ពាន ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ម្នាក់​របស់​ក្រុមល្បីៗ ដូចជា Barcelona, Bayern Munich និង Man City ក្នុង​នោះ​រួមទាំង​ពាន Premier League ២ សម័យកាល ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ ផង​ដែរ។

តែ​លោក Pep វ័យ ៥០ ឆ្នាំ មាន​ការ​យល់​ឃើញ​ថា ការ​ឈ្នះ​ហើយ​ឈ្នះ​ទៀត​បន្ត​គ្នា​រដឹក​ដ៏​អស្ចារ្យ​របស់​ក្រុម​មេឃ​ខៀវ រដូវកាល​នេះ អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​ឆ្លង និង​កីឡាករ​របួស គឺ​មាន​តម្លៃ​ស្មើ​នឹង​ពេលវេលា​ជោគជ័យ​បំផុត​របស់​លោក។

លោក Pep ថ្លែង​ថា៖ «វា​គឺ​ជា​រឿង​មិន​ងាយ​នោះ​ឡើយ។ ២០ ដង ក្នុង​អំឡុង​ពេល​នេះ​ពោល​គឺ​ក្នុង​គ្រានេះ ជាមួយ​នឹង​ស្ថានការណ៍​នេះ​ទូទាំង​ពិភព​លោក។ អាច​ឈ្នះ​ដល់ ២០ ប្រកួត​បន្ត​គ្នា គឺ​ប្រហែល​ជា​សមិទ្ធផល​ដ៏​ជោគជ័យ​បំផុត​មួយ ក្នុង​ចំណោម​ជោគជ័យ​ផ្សេងៗ ដែល​យើង​បាន​សម្រេច​រួម​ជាមួយ​គ្នា​ក្នុង​អាជីព​របស់​យើង»។

អ្នក​ចាត់ការ​ដែល​សង្ឃឹម​ថា នឹង​អាច​ដឹកនាំ​ក្រុម Man City ឱ្យ​ក្លាយ​ជា​ជើងឯក​លីគ​កំពូល​ជា​លើក​ទី៣ បន្ត​ថា៖ «នោះ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​ឈ្នះ​ពាន​រង្វាន់​ទេ តែ​យើង​អត់​មាន​ពេល​សម្រាក​សូម្បី ១ សប្ដាហ៍ រយៈពេល ៣ ខែ។ ១ ប្រកួត រៀងរាល់ ៣ ថ្ងៃ ជាមួយ​នឹង​ការ​ប្រឈម​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ និង​បញ្ហា​របួស ដូច្នេះ ការ​ឈ្នះ​បន្ត​គ្នា​បែបនេះ​បាន​បង្ហាញថា ក្រុម​ទាំងមូល​មាន​កម្លាំង​ចិត្ត​រឹងមាំ​ណាស់»។

យ៉ាងណា​ប្រកួត​ទល់​នឹង West Ham នៅ​ផ្ទះ​ខ្លួន​ឯង Man City មិន​បាន​លេង​ក្នុង​ទម្រង់​ដ៏​ល្អ​បំផុត​នោះ​ឡើយ តែ​លោក Pep ពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​របៀប​លេង ដែល​អាច​ឱ្យ​ក្រុម​ដណ្ដើម ៣ ពិន្ទុ​បាន។

លោក Pep បាន​បន្ថែម​ថា៖ «ច្បាស់​ណាស់ សម្រាប់​គ្រប់គ្នា ដែល​មើល​ហ្គេម​នេះ​នឹង​ឃើញ​ថា វា​ពិត​ជា​តឹងតែង​មែន។ គូ​បដិបក្ខ​របស់​យើង រឹងមាំ​ណាស់ ពោល​គឺ​ពួក​គេ​មិន​ឆ្លេឆ្លា​ឡើយ។ ដូច្នេះ សូម​ធ្វើ​ការ​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម West Ham។ ក្រោយ ២៦ ប្រកួត ពួក​គេ​កំពុង​ឈរ​នៅ​ទីតាំង ដែល​បាន​ទៅ Champions League។ ពួក​គេ​កំពុង​មាន​ប្រៀប»។

ជា​ចុង​ក្រោយ គ្រូបង្វឹក​ដែល​ចូល​មក​កាន់​តំណែង​ក្នុង​ក្រុម​មេនឆេស្ទ័រ នា​ឆ្នាំ ២០១៦ បាន​ប្រាប់​ថា៖ «ពិត​មែន​ហើយ វា​ជា​ការ​ប្រកួត​ដ៏​តានតឹង តែ​នោះ​គឺ​រឿង​ល្អ​សម្រាប់​ពួក​យើង ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ហ្គេម​ខាង​មុខ ដោយ​ត្រូវ​ដឹង​ថា អ្វីខ្លះ​អាច​នឹង​កើត​ឡើង?»៕ AFP/VN