ក្រុង Reggio Emilia: លោក Andrea Pirlo បាន​ស្គាល់​រស​ជាតិ​លើក​ពាន​ទី១ របស់​ខ្លួនហើយ ក្នុង​នាម​ជាគ្រូបង្វឹក បន្ទាប់​ពី​ក្រុម​របស់លោក គឺ​សេះ​បង្កង់ Juventus (Juve) ឈ្នះ​ក្រុម Napoli ២-០ អំឡុង​​ការ​ប្រកួត ក្នុង​​កម្មវិធី Italian Super Cup​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ កាល​ពី​យប់​ថ្ងៃ​ពុធ​។

សម្រាប់​ការ​ប្រកួត​នា​ក្រុង Reggio Emilia នេះ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo របស់​ក្រុម Juve ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្រាប់​បាល់​ទី ២០ របស់​ខ្លួន នា​រដូវកាល​នេះ បន្ទាប់​ពី​មាន​ការ​ទាត់​បាល់​ចេញ​ពី​ជ្រុង​ នៅ​នាទីទី​៦៤ មុន​ពេល​ប្រធាន​ក្រុម​ Lorenzo Insigne របស់ Napoli ទាត់​ប៉េណាល់​អត់​ចូល ហើយ​បន្ទាប់​មក Alvaro Morata បន្ថែម​គ្រាប់​ជ័យ​ជម្នះ​ចុង​ក្រោយឱ្យ​សេះ​បង្កង់ ក្នុងម៉ោង​បន្ថែម​បង្គ្រប់​។

លោក Pirlo វ័យ ៤១ ឆ្នាំ បាន​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ​ពាន​លើក​ដំបូង ក្នុង​រយៈ​ពេល ៥ ​ខែ​ ក្រោយ​ចូល​ធ្វើ​តួនាទី​ជា​អ្នក​ចាត់​ការ​អតីត​ក្រុម ដែល​រូប​គាត់ ធ្លាប់​រួមចំណែក​ជួយ​ឱ្យក្លាយ​ជា​ជើង​ឯក​នៅ​​លីគ​កំពូល​ចំនួន ៤​ លើក​។

«​ការ​ឈ្នះ​ពាន​រង្វាន់​ទី១ (ក្នុង​នាម​ជាគ្រូបង្វឹក) ជា​ក្ដី​រីក​រាយ​ដ៏ធំ​បំផុត ពោល​គឺ​វា​មាន​អារម្មណ៍​ប្លែក​ ពេល​នៅ​ជា​កីឡាករ​។ វា​​មាន​ភាព​​រីក​រាយខ្លាំង​ឡើង​ៗ​»​។ នេះ​ជា​សម្ដី​របស់​​លោក​ Pirlo ដែល​ធ្លាប់​លើក​​ពាន​នេះ​ចំនួន ៣​ លើក កាល​នៅ​ជា​កីឡាករ​របស់ក្រុម Juve និង AC Milan​។

ក្រុម Juve ឈ្នះ​ពាន​ប្រចាំ​ឆ្នាំ​របស់​អ៊ីតាលី ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ជើងឯក​លីគ​កំពូល និង​ម្ចាស់​ពាន​ Italian Cup សរុប​ទាំង​លើក​នេះ គឺ ៩ ​លើក​ហើយ ខណៈ​រដូវ​កាល​មុន បាន​ត្រឹម​ជើង​ឯក​រង​ ដោយសារ​ចាញ់​ក្រុម Lazio​។

«​ពាន​រង្វាន់​នេះ គឺ​សំខាន់​ណាស់ ព្រោះ​វា​អាច​ផ្ដល់​ឱ្យ​ពួក​យើង​នូវ​ទំនុក​ចិត្ត​​ ដើម្បី​ប្រឹង​ប្រែង​សម្រាប់​រដូវកាល​ដែល​នៅ​សល់​»​។ នេះ​ជាសម្ដី​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​​ Ronaldo​។

បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​លេខ ២ Inter Milan ២-០ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ក្រុម Juve កំពុង​ឈរ​នៅ​លេខ ៥​ ក្នុង​តារាង​ក្រប​ខ័ណ្ឌ Serie A ដោយ​​តាម​ ១០ ​ពិន្ទុ​ ពី​ក្រោយ​ក្រុម​នៅ​ទី​កំពូល AC Milan ដែល​មាន ៤៣​ ពិន្ទុ។

កីឡាករ Ronaldo បាន​និយាយ​បន្ថែមពាក់​ព័ន្ធ​នឹង​ពាន​លីគកំពូល​នេះ​ថា​៖ «​ជើង​ឯក​ពាន Scudetto (Serie A) គឺ​អាច​ទៅ​រួច។ មែន​ហើយក្រុម Milan និង Inter សុទ្ធ​តែ​ខ្លាំង​ៗ តែការ​ប្រកួត នៅ​វែង​ឆ្ងាយ​ទៀត ហើយ​ខ្ញុំ​ជឿថា យើង​នៅ​តែ​អា​ចធ្វើ​បាន​»​។​

យ៉ាង​ណា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រនេះ គឺ​ជា​ប្រឈម​គ្នា​លើក​ទី​១ រវាង​លោក Pirlo និង​ Gennaro Gattuso គ្រូបង្វឹក​របស់​ក្រុម Napoli ដែល​ធ្លាប់​ឈ្នះ​ពាន World Cup 2006 ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី និង​ធ្លាប់​ចំណាយ​ពេល ១ ទសវត្សរ៍ ប្រកប​អាជីព​ជា​កីឡាករ ក្នុង​ក្រុម Milan ​ជាមួយ​គ្នា ដោយ​នៅ​ទី​នោះ ទាំង ២​ នាក់ បាន​រួម​ចំណែក​ជួយ​ក្រុម​នា​ក្រុង​មីឡេន​មួយ​នេះ លើក​ពាន​ Serie A និង Champions League ២​ ដង​ដូច​គ្នា​៕ AFP/VN