ក្រុង​ប៊ឺណូ៖ កីឡាករ​ប្រណាំង​ម៉ូតូ​អាជីព Fabio Quartararo កំពុង​សម្លឹង​មើល​នូវ​​ការ​មាន​ជ័យ​ជម្នះ ៣ ​ដំណាក់កាល​បន្ត​បន្ទាប់​គ្នា ពេល​ទៅ​ចូលរួម​ប្រណាំង​កម្មវិធី Czech Republic Grand Prix នៅ​ឯក្រុង​ប៊ឺណូ ប្រទេស​ឆែក នា​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ខណៈ​ម្ចាស់​ជើងឯក​ចាស់​កម្មវិធី​នេះ កីឡាករ Marc Marquez បាន​ត្រឹមតែ​ឈរ​មើល​ក្រៅ​ទីលាន ក្រោយ​ឆ្លង​កាត់​ការ​វះ​កាត់​ដៃ​បាក់​ជា​លើក​ទី​២​។

កីឡាករ​បារាំង Quartararo របស់​ក្រុម​ប្រណាំង Yamaha ដែល​ឈរ​នៅ​ទី​កំពូល​ក្នុង​តារាង​ពិន្ទុ​សរុប​នៃ​កម្មវិធី​ MotoGP ដោយ​មាន ៥០ ​ពិន្ទុ ក្រោយ​បញ្ចប់​បាន ២ ​ដំណាក់​កាល ​មិន​ធ្លាប់​បាន​ឡើង​ទៅ​ឈរ​នៅ​លើ​វេទិកា​នៅ​ក្រុង​ប៊ឺណូ​នេះ​ទេ តែ​ជ័យជម្នះ​នៅ​ទីលាន​នា​ក្រុង Jerez ក្នុង​ខែ​កក្កដា បាន​ធ្វើ​ឲ្យ​កីឡាករ​វ័យ ២១ ​ឆ្នាំ​រូប​នេះ ក្លាយ​ជា​អ្នក​កាច់​ចង្កូត​ម៉ូតូ​ ១ ​រូប ត្រូវ​បាន​គ្រប់​គ្នា​តាម​សម្លឹង​ដោយ​មិន​ដាក់​ភ្នែក នៅ​ឯ​ទីលាន​ប្រណាំង​ចម្ងាយ ៥,៤ គ.ម នា​ក្រុង​ទី​ ២ របស់​ប្រទេស​សាធារណ​រដ្ឋ​ឆែក​នេះ​។

កីឡាករ Quartararo បាន​និយាយ​មុន​ការ​ប្រណាំង​កើត​ឡើង​ថា​៖ «​ទីលាន​នៅ​ប៊ឺណូ​នេះ គឺ​ជា​ផ្លូវ​ប្រណាំង ដែល​ខ្ញុំ​ពិត​ជា​ចូលចិត្ត​មែនទែន។ យើង​​មាន​បទពិសោធ​កាល​ពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​យើង​ដឹង​ថា យើង​អាច​​បើកបរ​លឿន​​នៅ​ទីលាន​នោះ​បាន​ ហើយ​ជឿ​ថា យើង​​ធ្វើ​បាន​ បើ​ទោះបី​មិនមែន​​ជា​ទីលាន​ល្អ​បំផុត​សម្រាប់​ម៉ូតូ​យើង​ក៏​ដោយ​»​។​

កីឡាករ​ Quartararo បាន​បន្ថែម​ថា​៖ «​វា​ជា​រឿង​អស្ចារ្យ​ណាស់ ដែល​បាន​ទៅ​ប្រណាំង​នៅ​ទី​នោះ ក្រោយ​ឈ្នះ​បាន ២ ​ដំណាក់​កាល ហើយ​យើង​កំពុង​ចង់​ធ្វើ​យ៉ាង​ណា​ឡើង​ទៅ​ឈរ​នៅ​លើ​វេទិកា​នា​ចុង​សប្ដាហ៍​នេះ។ ក្ដី​រំពឹង​របស់​យើង ទំនង​ជា​ខ្ពស់​បន្តិច តែ​មិន​អី​ទេ ខ្ញុំ​អាច​ចាំ​បាន​»​។

ក្រោយ​បញ្ចប់​ការ​ប្រណាំង​ ២ ដំណាក់​កាល​ គឺ​កម្មវិធី Spanish Grand Prix និង Andalusian Grand Prix នៅ​ប្រទេស​អេស្ប៉ាញ ឃើញ​ថា កីឡាករ​ Quartararo កំពុង​នាំ​មុខ​ក្នុង​តារាង​ពិន្ទុ​សរុប ១០ ​ពិន្ទុ លើ​មិត្ត​រួម​ក្រុម គឺ​អ្នក​ប្រណាំង​សញ្ជាតិ​អេស្ប៉ាញ Maverick Vinales រី​ឯ​អ្នក​ឈ្នះ​កម្មវិធី​ប្រណាំង​នៅ​ក្រុង​ប៊ឺណូ​នេះ ក្នុង​ឆ្នាំ ២០១៨ និង​ជា​អ្នក​មក​ដល់​ទី​លំដាប់​ទី២ កាល​ពី​ឆ្នាំ​មុន ​កីឡាករ​សញ្ជាតិ​អ៊ីតាលី Andrea Dovizioso របស់​ក្រុម Ducati ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៣​។​

ចំណែក​កីឡាករ​អន្តរជាតិ​អេស្ប៉ាញ Marquez ដែល​ជា​ម្ចាស់​ជយលាភី​ឆ្នាំ ​២០១៩ នៅ​ប៊ឺណូ​នេះ និង​ជា​​ជើងឯក​ពិភព​លោក ៦ ​សម័យ​កាល​ អត់​បាន​ចូលរួម​ប្រណាំង​ទេ​ឆ្នាំ​នេះ ដោយសារ​បាក់​ដៃ​ស្ដាំ ក្រោយ​មាន​ឧបទ្ទវហេតុ​ដ៏​ធ្ងន់​មួយ​ក្នុង​ថ្ងៃ​បើក​រដូវកាល​នា​ក្រុង​ Jerez ហើយ​បើ​ទោះ​ជា​ទទួល​ការ​វះ​កាត់​ដល់​ទៅ ២ ​ដង ក៏​កីឡាករ​វ័យ ២៧ ​ឆ្នាំ នៅ​មិន​ទាន់​មាន​ភាព​រឹងប៉ឹង ១០០ ​ភាគរយ​នៅ​ឡើយ​ទេ​។

មិន​ខុស​ពី​ការ​ប្រណាំង ២ ​លើក​ដំបូង​ដែរ ការ​ប្រណាំង​នឹង​ត្រូវ​រៀបចំ​ដោយ​ឥត​មាន​​ទស្សនិកជន​ចូលរួម​​ឡើយ ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ដែល​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កាល​វិភាគ​នៃ​កម្មវិធី​ប្រណាំង MotoGP នៅ​ឆ្នាំ​នេះ ដោយ​ក្នុង​នោះ​មាន​ព្រឹត្តិការណ៍​ប្រណាំង​តែ ១៣ ​ដំណាក់​កាល​​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អះអាង​ថា នឹង​កើត​ឡើង​រដូវកាល​នេះ ហើយ​កម្មវិធី​នៅ​ក្រៅ​តំបន់​អឺរ៉ុប​ទាំង​អស់​ត្រូវ​រំសាយ​ចោល​។

ក្រោយ​បញ្ចប់​ការ​ប្រណាំង​នៅ​ប្រទេស​ឆែក នា​ចុងសប្ដាហ៍​នេះ កម្មវិធី​ MotoGP នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​ក្បែរ​ខាង​អូទ្រីស ដែល​នឹង​ត្រូវ​រៀបចំ ២ កម្មវិធី គឺ​នៅ​ថ្ងៃ​ទី​ ១៦ ខែ​សីហា ម្ដង និង​ថ្ងៃ​ទី​ ២៣ ខែ​សីហា ម្ដង​៕ AFP/VN