ក្រុងម៉ាឌ្រីដ: លោក Santiago Solari អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Real Madrid ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្រ្ដៃយ៍ កាលពីថ្ងៃចន្ទ ក្រោយពីបានដឹកនាំឲ្យមានការផ្លាស់ប្តូរមួយក្នុងជោគវាសនារបស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ ចាប់តាំងពីលោកបានចូលកាន់តំណែងជំនួសលោក Julen Lopetegui។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានថ្លែងថា៖ «រាល់អ្វីៗទាំងអស់មានសណ្តាប់ធ្នាប់។ ក្លិប Real Madrid បានធ្វើការលើកុងត្រារបស់គាត់ ហើយវាគ្មានបញ្ហាឡើយ»។
លោក Solari បានដឹកនាំឲ្យក្រុម Real ឈ្នះ ៤ លើកក្នុងចំណោមការប្រកួតទាំង ៤ លើក ចាប់តាំងពីត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន ក្រោយពីការបណ្តេញលោក Lopetegui ចេញកាលពីខែមុន។
ក្រោយពីដឹកនាំឲ្យ Real រកបានគ្រាប់បាល់ ១៥ គ្រាប់ និងរបូតវិញត្រឹមតែ ២ គ្រាប់គត់ លោកបានបង្កើតឲ្យមានការចាប់ផ្តើមដ៏ល្អបំផុតក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបយក្សមួយនេះ។ ក្រោយពីបានផ្តួលក្រុម Melilla ក្នុងពាន Copa del Rey ពួកគេបានយកឈ្នះលើទឹកដីក្រុម Viktoria Plzen ៥-០ ក្នុងក្របខ័ណ្ឌ Champions League នៅចន្លោះនៃការដណ្តើមបានជ័យជម្នះលើក្រុម Real Valladolid និង Celta Vigo ក្នុងក្របខ័ណ្ឌ La Liga។
ការវិវឌ្ឍទៅមុខនេះ បានធ្វើឲ្យ Real ដេញតាមពីត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះពីក្រោយក្រុមកំពុងនាំមុខ Barcelona នៅលើតារាងលីក និងកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌអឺរ៉ុប។
លោក Solari ដែលបានចំណាយពេល ៥ ឆ្នាំក្នុងការលេងឲ្យ Real Madrid នោះ ត្រូវបានដំឡើងឋានៈពីតួនាទីជាគ្រូ បង្វឹកក្រុម B របស់ Real ក្រោយពីលោក Lopetegui បានដឹកនាំឲ្យក្រុមនេះជួបភាពត្រដាបត្រដួសជាបន្តបន្ទាប់ តាមរយៈការដណ្តើមបានជ័យជម្នះត្រឹមតែ ១ លើកគត់ ពីការប្រកួត ៧ លើក៕