ក្រុង​ឡូសអេនជឺលេស៖ កីឡាករ​បាល់ទាត់​អាមេរិកាំង (American Football) របស់​ក្រុម Green Bay Packers នៅ​ក្របខ័ណ្ឌ NFL គឺ Aaron Rodgers ដែល​លេង​ក្នុង​តំណែង​ក្វាធ័រប៊េក (Quarterback) បាន​ប្រើ​ប្រាស់​យន្តហោះ​​​​ផ្ទាល់​ខ្លួន​ជិះ​ចេញ​ពី​ប្រទេស ​ប៉េរូ ពោល​គឺ​ចំណេញ ពេល ​១៥ ​នាទី មុន​ព្រលាន​យន្តហោះ​ត្រូវ​បិទ ដោយសារ​ការ​រាល​ដាល​វីរុស​កូរ៉ូណា​។​

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ កីឡាករ​ Rodgers បាន​រៀប​រាប់​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​​ការ​ភ័យ​ខ្លាច ក៏​ដូច​ជា​ពន្យល់​នូវ​ការ​​ចាក​ចេញ​យ៉ាង​ឆាប់​រហ័ស​របស់​គាត់​ជាមួយ​មនុស្ស ៣ ​នាក់​ផ្សេង​ទៀត ពី​ប្រទេស ​អាមេរិក​ឡាទីន (South American) មួយ​នេះ​។

កីឡាករ​វ័យ ៣៦ ​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ នៅ​ក្នុង​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះ Pat McAfee Podcast Show ថា៖ ​«​វា​ពិត​ជា​ចលាចល​មែន​ទែន នៅ​ព្រលាន​យន្តហោះ​នោះ​»​។ កីឡាករ​ Rodgers បាន​និយាយ​ពី​ហេតុផល​សំខាន់​ដែល​អាច​ពួក​គេ​ចាកចេញ​បាន​លឿន​ទាន់​ពេល គឺ​ដោយសារ​ពួក​គេ​មាន​យន្ដហោះ​ផ្ទាល់​ខ្លួន។

កីឡាករ Rodgers ដែល​ប្រកប​អាជីព​ជាមួយ​ក្រុម Green Bay Packers តាំងតែ​ពី​ឆ្នាំ ​២០០៥ រហូត​ដល់​បច្ចុប្បន្ន​បាន​និយាយ​បន្ត​ថា​៖ «​ពេល​ពួក​យើង​ទៅ​ដល់​ព្រលាន​យន្តហោះ​ដូចជា​ម៉ោង ​៧ ព្រឹក ពេល​នោះ​​មនុស្ស​ណែនណាន់​តាន់តាប់​មែនទែន សូម្បី​តែ​កម្រើក​​​​ខ្លួន​ក៏​ពិបាក​ដែរ​។ ខ្ញុំ​កំពុង​គិត​ថា​វា​មិន​មាន​សុវត្ថិភាព​ឡើយ​។ អ្នក​ពាក់​ម៉ាស់​មិន​ច្រើន​នោះ​ទេ ដូច្នេះ​បរិយាកាស​ទីនោះ ពិត​ជា​​​គួរ​ឲ្យ​ខ្លាច​ណាស់​»​។​​

កីឡាករ​រូប​នេះ​បន្ត​ទៀត​ថា​៖ ​«​តែ​មិន​ដឹង​យ៉ាង​ម៉េច​ យើង​អាច​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​បាន មុន​ពេល​ពួក​គេ​បិទ​ព្រលាន​យន្ដហោះ ដោយសារ​អាកាស​ធាតុ​ពិត​ជា​អាក្រក់​ណាស់​។ ពួក​គេ​បាន​កំណត់​ពេល​ ដើម្បី​ធ្វើ​ការ​បិទ​ព្រលាន​ទាំង​មូល​ ហើយ​យើង​​​មាន​​ពេល​ប្រហែល​ជា​ ​១៥ ​នាទី​»​។​

កីឡាករ Rodgers បាន​ធ្វើ​ការ​ប្រដូច​សកម្មភាព នៅ​ថ្ងៃទី ​១៨ ខែ​មីនា ​នោះ ទៅ​នឹង​ខ្សែ​ភាពយន្ត​របស់​ហូលីវូដ ដោយ​គេ​និយាយ​ថា​៖​ «​​​វា​ដូចជា​ការ​យល់​សប្ដិ​អាក្រក់​មួយ​អ៊ីចឹង​។ អ្នក​ទាំង​អស់​ធ្លាប់​មើល​ភាពយន្ត​រឿង ''Argo'' ដែរ​ឬ​ទេ? ចុង​បញ្ចប់​នៃ​សាច់​រឿង ពេល​ពួក​គេ​ប្រណាំង​គ្នា​ នៅ​ព្រលាន​យន្តហោះ​»​។

Rodgers បាន​និយាយ​បន្ថែម​ទៀត​ថា​៖​ «​អរគុណ​ណាស់ ដែល​អត់​មាន​អ្នក​ណា​តាម​​ពួក​យើង ឬ​ក៏​ចាប់​ពួក​យើង​។ យើង​មិន​ចាំបាច់​និយាយ​ភាសា​ហ្វាស៊ី (Farsi) ដើម្បី​បាន​ត្រលប់​​​មក​ប្រទេស​វិញ ប៉ុន្តែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​យើង​បារម្ភ យើង​នឹង​មិន​បាន​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​»​។​

កីឡាករ​ Rodgers ដែល​រស់នៅ​ទីក្រុង Malibu ក្នុង​រដ្ឋ California ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​រូប​គេ និង​មិត្តស្រី​របស់​ខ្លួន ​ Danica Patrick ដែល​ជា​អតីត​អ្នក​ប្រណាំង​ឡាន​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​ទាំង ២ នាក់ ហើយ​ក៏​ប្រាប់​ដែរ​ថា ​អ្នក​ដែល​រួម​ដំណើរ​ទៅ​លេង​ប្រទេស ​ប៉េរូ ​​ជាមួយ​គ្នា​ គ្មាន​អ្នក​ណា​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណា​នោះ​ឡើយ​»​។ ​

ពេល​​ត្រលប់​មក​ដល់​សហរដ្ឋ​អាមេរិក​វិញ កីឡាករ Rodgers មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​គិត​គូរ មាន​ដូច​ជា​ប្រព័ន្ធ​ថែទាំ​​សុខភាព ដែល​មិន​ទាន់​បាន​ដោះស្រាយ ក្រោម​ឥទ្ធិពល​នៃ​ការ​​​រាតត្បាត ការ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដែល​នៅ​តែ​បន្ត និង​ការ​នៅ​ដាច់​ពី​អ្នក​ដទៃ​ជាដើម​​៕ AFP/VN