ក្រុងរ៉ូមៈ គ្រូបង្វឹក​ក្លិប Roma លោក Paulo Fonseca បាន​និយាយថា ក្លិប​ដែល​លេង​នៅ​ក្របខ័ណ្ឌ Serie A នេះ​ចង់​ចុះ​កុងត្រា​ទិញ​ផ្ដាច់​កីឡាករ​ខ្ចី​ជើង Chris Smalling និង​កីឡាករ Henrikh Mkhitaryan​។

កីឡាករ Smalling និង Mkhitaryan កំពុង​ជាប់​កិច្ចសន្យា​ខ្ចី​ជើង​រយៈពេល​ពេញ​ ១ ​រដូវកាល​ពី​ក្រុម​ ២ ​នៅ​ក្របខ័ណ្ឌ Prmier League គឺ​ក្រុម Man Utd និង​ក្រុម Arsenal​។

ខ្សែបម្រើ Smalling ដែល​ខ្ចី​ជើង​ពី​ក្រុម Man Utd បានធ្វើឲ្យ​ក្រុម Roma ចាប់អារម្មណ៍​ខ្លាំង​ដោយបាន​ប្ដេជ្ញាចិត្ត​ថា នឹង​ទិញយក​ផ្ដាច់​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​ឲ្យ​លេង​នៅក្នុង​ទីក្រុង​រ៉ូម​ជា​អចិន្ត្រៃយ៍​។

លោក Fonseca បាន​ប្រាប់ Sky Sports News ថា​៖ «Chris គឺ​ពិតជា​កីឡាករ​ឆ្នើម​ដ៏អស្ចារ្យ​មួយរូប​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា​៖ «​ការ​សម្រប​ខ្លួន​ជាមួយ​បាល់ទាត់​នៅ​ប្រទេស​អ៊ីតាលី គឺ​ងាយស្រួល​សម្រាប់​គាត់ ហើយ​គាត់​គឺជា​កីឡាករ​ម្នាក់​ដែល​គ្រប់គ្នា​ស្រឡាញ់​ចូលចិត្ត​នៅក្នុង​ក្លិប​នេះ​ព្រោះ​គាត់​ជា​អ្នកមាន​វិជ្ជាជីវៈ​ដ៏អស្ចារ្យ​»​។

លោក Fonseca បាន​បន្តថា​៖ «​ខ្ញុំ​ចង់​ឲ្យ Chris ស្ថិតនៅ​ទីនេះ ហើយ​យើង​កំពុង​ជជែក​ពី​បញ្ហា​នេះ​។ ខ្ញុំ​មិនដឹងថា តើ​វា​អាច​ទៅ​រួច​ជាមួយ​ក្រុម Man Utd ឬ​យ៉ាងណាទេ​ប៉ុន្តែ​ខ្ញុំ​ពិតជា​ចង់​ឲ្យ Chris ស្ថិតនៅ​ទីនេះ​ជាមួយ​យើង​ព្រោះ​គាត់​ជា​កីឡាករ​សំខាន់បំផុត​»​។

គ្រូបង្វឹក​ដដែល​នេះ​បាន​បន្តទៀត​ថា​៖ «​គាត់​ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែលមាន​អាកប្បកិរិយា​ល្អ​រាល់ថ្ងៃ​ដូច្នេះហើយ​បានជា​ខ្ញុំ​ពេញចិត្ត​នឹង​ឲ្យ Chris បន្ត​ស្ថិតនៅ​ជាមួយ​យើង​»​។

ចំណែក​កីឡាករ Mkhitaryan ជា​អតីត​មិត្ត​រួម​ក្រុម​របស់​កីឡាករ Smalling នៅ​ក្លិប Man Utd វិញ​បាន​ជួប​ការប្រកួត​បង្ក​គ្រោះថ្នាក់​នៅ​ជាមួយ​ក្រុម Roma ។

ទោះយ៉ាងណា​ក៏ដោយ ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​នៅតែ​អាច​រកបាន ៥ ​គ្រាប់​នៅ​ក្របខ័ណ្ឌ Serie A និង​បាន​ជួយ​ឲ្យ​គេ​ស៊ុត​ចូល​ទី​ក្រោយពី​រកបាន​គ្រាប់​បាល់​និង​បាន​បង្កើត​ឱកាស​ផ្សេងទៀត​នៅក្នុង​ជ័យជម្នះ ៤-០ ទៅលើ​ក្រុម Lecce កាលពី​ថ្ងៃអាទិត្យ​។

លោក Fonseca បាន​និយាយថា​៖ «Mkhi នៅក្នុង​រដូវកាល​នេះ​បាន​រងរបួស​ជាច្រើន​លើក​ ប៉ុន្តែ​ពេលនេះ​គាត់​កំពុង​ត្រឡប់មក​ចូលរួម​ការប្រកួត​វិញ​ហើយ ហើយ​គាត់​ក៏​នឹងត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព​របស់គាត់​ផងដែរ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀត​ថា​៖ «​ចូរ​ក្រឡេកមើល​នែ គាត់​គឺជា​កីឡាករ​ម្នាក់​ដែល​មាន​ការសម្រេច​ចិត្តល្អ​នៅលើ​ទីលាន​ប្រកួត ហើយ​ខ្ញុំ​ក៏​ចង់ទុក​ឲ្យ Mkhi បន្ត​ស្ថិតនៅក្នុង​ក្រុម​របស់​យើង​ផងដែរ​»​។

គួរ​រំឭក​ដែរ​ថា ក្លិប Roma ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ ៥ ​ក្នុង​ក្របខ័ណ្ឌ Serie A និង​តាម​ពីក្រោយ​ ៣ ​ពិន្ទុ​នៃ​ក្រុម Atalanta ដែល​ឈរ​នៅ​លេខ​ ៤ និង​កំពុង​មានឱកាស​ឈ្នះ​ការប្រកួត​ជើង​ទី​ ២ ​នៅក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ​៕ SN