ក្រុងអាំស្ទែរដាំៈ គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានសរសើរតារាបាល់ទាត់ Cristiano Ronaldo ថាលេងបានល្អបំផុត ដោយគាត់បានជួយឲ្យក្រុម Juventus ស្មើក្រុម Ajax ១-១ ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ប៉ុន្តែជំនួបរវាងក្រុមទាំង ២ ក៏មានការចាប់ខ្លួនអ្នកគាំទ្រចំនួន ១៤០ នាក់ផងដែរ។
ខ្សែប្រយុទ្ធ Ronaldo បានជួយឲ្យក្រុម Juventus នាំមុខគូប្រកួតខ្លួននៅនាទីទី ៤៥ ដោយការតែតបាល់បញ្ចូលទីបានយ៉ាងល្អ ហើយនេះគឺជាគ្រាប់បាល់បញ្ចូលទីលើក ១២៥ របស់គេ ប៉ុន្តែខ្សែបម្រើសញ្ជាតិប្រេស៊ីល David Neres បានរកគ្រាប់បាល់តាមស្មើឲ្យក្រុម Ajax វិញ នៅនាទីទី ៤៦ ដើមតង់ទី ១ ដើម្បីបំបាត់កង្វល់មុនពេលជួបគ្នាជើងទី ២ នៅទីក្រុងទូរីនប្រទេសអ៊ីតាលី។
លោក Allegri បានប្រាប់ Sky Sport Atalia ថា៖ «Ronaldo បានបង្ហាញថា គាត់ស្ថិតនៅកម្រិតផ្សេងមួយ ព្រោះចង្វាក់នៃការលេង និងចលនារត់របស់គាត់គឺខុសពីធម្មតាដែលកីឡាករផ្សេងទៀតពិបាកនឹងធ្វើដូចពោលគឺគាត់ជាកីឡាករ ១ រូបដែលមានបច្ចេកទេសខុសពីអ្នកផ្សេងទៀត»។
ចំពោះការប្រកួតជើងទី ២ នឹងក្រុម Ajax នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីនេះ លោក Allegri ដែលរំពឹងថា Juventus នឹងអាចលើកពាន Champions League លើកដំបូងតាំងពីឆ្នាំ ១៩៩៦ នោះបន្ថែមថា៖ «វាជាលទ្ធផលល្អមួយដែលយើងអាចរកគ្រាប់បាល់បាននៅពេលលេងក្រៅទឹកដី ដូច្នេះការលើកពាននៅរង់ចាំក្រុមយើងនៅឡើយ»។
លោកបានបន្តថា៖ «យើងការពារបានល្អ ហើយក្រុមយើងក៏លេងល្អ ព្រមទាំងចេះឆាបយកបាល់ផងដែរ។ មានហេតុផលល្អៗផ្សេងទៀតដែលជំរុញឲ្យយើងគិតថា យើងអាចឈានដល់វគ្គ ៤ ក្រុមចុងក្រោយ។ យើងគ្មានព្រួយបារម្ភអ្វីទេ យើងមានការគោរពបំផុតចំពោះក្រុម Ajax ប៉ុន្តែអ្នកត្រូវត្រៀមខ្លួនជានិច្ច ព្រោះលទ្ធផល ១-១ គឺប្រសើរជាងលទ្ធផល ០-០ នៅក្នុងទីក្រុងទូរីន អ៊ីចឹងយើងនឹងត្រូវលេងឲ្យឈ្នះតែម្ដង»។
ជាមួយការប្រកួតកាលពីរាត្រីថ្ងៃពុធនោះដែរ ប៉ូលិសនៅប្រទេសហូឡង់បាននិយាយថាមានអ្នកគាំទ្រជាង ១៤០ នាក់ភាគច្រើនជាអ្នកគាំទ្រក្រុម Juventus ត្រូវបានឃាត់ខ្លួនដោយសារពួកគេកាន់វត្ថុបង្កគ្រោះថ្នាក់នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Johan Cruyff Arena នៅទីក្រុង អាំស្ទែរដាំ។
មន្ត្រីអាជ្ញាធរបានឃាត់ខ្លួនមនុស្ស ២ ក្រុមដោយក្រុមទី ១ មានគ្នា ៤៦ នាក់ត្រូវបានចាប់ខ្លួននៅស្ថានីយផ្លូវក្រោមដី ហើយ ១ ក្រុមទៀតមានគ្នា ៦១ នាក់ត្រូវបានចាប់នៅកីឡដ្ឋាន Johan Cruyff Arena ខណៈចំនួន ៣៦ នាក់ទៀតជាអ្នកគាំទ្រក្រុមក្នុងស្រុកត្រូវបានឃាត់ខ្លួននៅច្រកចូលកីឡដ្ឋាន ក្រោយពីពួកគេបានដុតកាំជ្រួចចោលវត្ថុផ្សេងៗ និងវាយកញ្ចក់។
មន្ត្រីអាជ្ញាធរអនុវត្តច្បាប់នៅប្រទេសហូឡង់បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា ពួកគេបានកាន់កាំបិត កាំជ្រួច ផ្សៅម្រេច វត្ថុចំហេះ ញញួរ និងដំបង។ ចំណែកឯមន្ត្រីប៉ូលិសមូលដ្ឋានបានបញ្ជាក់ថា៖ «ពេលនេះជនសង្ស័យ ត្រូវបានបញ្ជូនតាមរថយន្តក្រុងទៅមណ្ឌលឃុំឃាំងមួយកន្លែងហើយ»៕ SN