ក្រុងកៀវ: ក្នុងសម័យ​កាល​មួយ នៅ​ពេល​ដែល​ការ​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន ស្ថិត​ក្នុង​លក្ខណៈ​សំខាន់​ជាង ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម Real Madrid និង Liverpool និង​ការ​ប្រជែង​គ្នា​រវាង​តារា​ឆ្នើម Cristiano Ronaldo និង Mohamed Salah អាច​នឹង​កាត់​សេចក្តី​ចំពោះ​ម្ចាស់​ជយលាភី​ពាន Ballon d''Or បន្ទាប់។

Ronaldo បានឈ្នះ​ពានរង្វាន់​កិត្តិយស​នេះ ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម Real ឈ្នះ​ពាន​ក្របខ័ណ្ឌ​អឺរ៉ុប ក្នុង​ឆ្នាំ ២០១៤ ២០១៦ និង​ឈ្នះ​ម្តង​ទៀត កាល​ពី​ឆ្នាំ​មុន។ ប៉ុន្តែ វា​នឹង​ក្លាយជា​រឿង​មិន​សម​ហេតុផល​ក្នុង​ការ​កាត់​សេចក្តី​ថា ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ថ្ងៃ​សៅរ៍​នេះ គឺជា​ការ​ប្រជែង​គ្នា​រវាង​កីឡាករ​ទាំង ២ ខណៈ​ដែល​ទាំង​ក្រុម Real និង Liverpool សុទ្ធ​សឹង​មាន​ភាព​ខ្លាំង និង​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​ដូចគ្នា។

ប៉ុន្តែ នេះ​គឺជា​យុគសម័យ​នៃ​ការ​ឈ្នះ​ពាន​ជា​បុគ្គល ក្នុងពេល​វេលា​មួយ​ដែល Ronaldo និង Lionel Messi បាន​គ្រប់គ្រង​ពាន Ballon d''Or អស់​រយៈពេល ១ ទសវត្សរ៍​មក​ហើយ។

ការលើកឡើង​ទៅលើ​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ​សម្រាប់​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក ក្លាយជា​ប្រធាន​បទ​ពិភាក្សា​កាន់​តែ​ក្តៅ​គគុក។

Ronaldo បានឈ្នះ​ពានរង្វាន់​នេះ ២ លើក​ចុង​ក្រោយ ប៉ុន្តែ តើ​រូបគេ​អាច​ឈ្នះ​ម្តងទៀត ក្រោយ​ពី​បាន​ឈាន​ចូល​ដល់​វ័យ ៣៣ ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ? Ronaldo អាច​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ជាក់​លាក់​ក្នុង​ទីក្រុង​កៀវ ស្រប​ពេល​ដែល​នេះ​គឺជា​ឱកាស​មាស​មួយ​សម្រាប់ Salah នៅ​មុន​ពេល​រូបគេ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប ក្នុង​ព្រឹត្តិការណ៍ World Cup។

តារា​ឆ្នើម​អន្តរជាតិ​ព័រ​ទុយហ្គាល់​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី ៤១ គ្រាប់ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ នៅ​រដូវកាល​នេះ ប៉ុន្តែ ក្នុង​នោះ ២៨ គ្រាប់ បាន​កើត​ឡើង​ចាប់​តាំង​ពី​ចុង​ខែ​មករា។ ប៉ុន្តែ Salah ក៏បាន​ជួប​រដូវ​កាល​ប្រកប​ដោយ​ផ្លែផ្កា​ផង​ដែរ ខណៈ​តារា​ឆ្នើម​អន្តរជាតិ​អេហ្ស៊ីប​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សរុប ៣២ គ្រាប់​ដើម្បី​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ក្របខ័ណ្ឌ Premier League ពី​ការ​ប្រកួត ៣៨ លើក។

សរុប​ទាំងអស់ រូបគេ​រកបាន​ដល់​ទៅ ៤៤ គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ចាប់​តាំង​ពី​ផ្ទេរ​មក​ពី​ក្លិប Roma ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​រក​បាន ១១ គ្រាប់​ក្នុង​ពេល​ក្រុម​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Champions League ផង​ដែរ។

ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១:៤៥ ទៀប​ភ្លឺ៕