ប៉ារីស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo មាន​ការ​រីករាយ​ខ្លាំង​ចំពោះ​ការ​រក​​ឃើញ​គ្រាប់​បាល់​ទី ​១០១ ឲ្យ​ក្រុម​ជម្រើសជាតិ​ បន្ទាប់​ពី​​រូប​គេ​ស៊ុត​បញ្ចូល​​ទី ​២ គ្រាប់​យ៉ាង​អស្ចារ្យ ជួយ​​ឲ្យ​ក្រុម​ព័រទុយហ្គាល់ ឈ្នះ​ម្ចាស់​​​ផ្ទះ​ស៊ុយអែត ដែល​សល់​គ្នា ១០ ​នាក់ ២-០ នា​​ការ​ប្រកួត Nations League កាល​ពី​ថ្ងៃ​អង្គារ ខណៈ​បារាំង​បាន​បំបាក់​ក្រុម​ក្រូអាស៊ី ៤-២ ដែល​ជា​លទ្ធផល​​ដូច​នៅ​ World Cup 2018 វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រុស្ស៊ី​ដែរ។

កីឡាករ Ronaldo ដែល​បច្ចុប្បន្ន​នេះ ជា​សមាជិក​របស់​ក្រុម​សេះ​បង្កង់ Juventus បាន​រក​ឃើញ​គ្រាប់​ទី ​១០០ ​របស់​ខ្លួន ដោយ​ការ​ស៊ុត​បាល់​ហ្រ្វ៊ីឃីក​កោង​ចូល​ទី​យ៉ាង​ស្អាត​ចម្ងាយ ២៥ និង ​២៣ ម៉ែត្រ នៅ​ចុង​តង់​​ទី១ ខណៈ​គ្រាប់​ទី ​១០១ របស់​កីឡាករ​ឆ្នើម​វ័យ ​៣៥ ​​ឆ្នាំ​រូប​នេះ កើត​មាន​នៅ​នាទីទី​៧២ ដោយ​អតីត​កីឡាករ​របស់​ក្រុម Man United និង Real Madrid រូប​នេះ បាន​បញ្ចប់​ទី​ជាមួយ​នឹង​ការ​ស៊ុត​ប្រកប​​ដោយ​បច្ចេកទេស​គួរ​ឲ្យ​ស្ងើច​សរសើរ​។

ក្រោយ​​ធ្វើ​បាន​សម្រេច ២ ​គ្រាប់​នេះ Ronaldo ​និយាយ​ទៅ​កាន់​ទូរទស្សន៍​រដ្ឋ​​ប្រទេស​ព័រទុយហ្គាល់ RTP ថា​៖ «​វា​ជា​គ្រាប់​បាល់ ​២ ​គ្រាប់​ដ៏​សំខាន់ ព្រោះ​​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្ញុំ​បាន​ឈាន​ដល់​ចំណុច ដែល​ខ្ញុំ​កំពុង​តាម​រក​។ ខ្ញុំ​រីករាយ​ណាស់ ព្រោះ​​ក្រុម​ឈ្នះ ហើយ​ប្រាកដ​ណាស់​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី១០០ និង​ទី១០១ គឺ​ជា​គ្រាប់​បាល់​​ដ៏​​អស្ចារ្យ​»​។

ជាមួយ​នឹង​ការ​ទទួល​ស្គាល់​ថា សុខភាព​ត្រូវ​តែ​ជា​រឿង​ចម្បង Ronaldo ក៏​បាន​ធ្វើ​ការ​រអ៊ូរទាំ​ដែរ​ថា ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឲ្យ​កីឡដ្ឋាន​នៅ​ក្រុង​សូលណា ត្រូវ​ស្ងាត់​ជ្រងំ ដោយសារ​គ្មាន​សំឡេង​ទះ​ដៃ និង​ហ៊ោ​កញ្ច្រៀវ​របស់​អ្នក​គាំទ្រ​នៃ​ក្រុម​ទាំង ២​។

ម្ចាស់​ជយលាភី​ពាន Ballon d''Or ៥ ​សម័យ​កាល បន្ត​ថា​៖ «វា​ជា​រឿង​ក្រៀមក្រំ ដែល​ប្រកួត​ដោយ​គ្មាន​អ្នក​គាំទ្រ​។ វា​មិន​ខុស​អី​ពី​ការ​ទៅ​មើល​ល្ខោន​សៀក​ដោយ​អត់​មាន​តួត្លុក និង​ការ​ទៅ​មើល​សួន​ច្បារ ដែល​គ្មាន​ផ្កា​សូម្បី ១ ​ទង​។ និយាយ​ដោយ​ផ្ទាល់​ខ្លួន នៅ​ពេល​ប្រកួត​ក្រៅ​ទឹក​ដី ខ្ញុំ​ចូលចិត្ត​សំឡេង​ហ៊ោ​បែប​ចំអក ព្រោះ​វា​បាន​ជួយ​ជំរុញ​ទឹក​ចិត្ត​ម្យ៉ាង​ដែរ​»​។

ដោយ​ឡែក​ការ​ប្រកួត ​១ ​គូ​ទៀត ក្នុង​ពូល​ទី៣ ជាមួយ​ព័រទុយហ្គាល់​នេះ ក្រុម​មាន់​គក​បារាំង បាន​ឈ្នះ​ក្រុម​គូ​ប្រជែង​ចាស់​ក្រូអាស៊ី ៤-២ ដែល​ជា​លទ្ធផល​ដូច​គ្នា​កាល​ពី​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ World Cup 2018 នៅ​​រុស្ស៊ី ខណៈ​ខ្សែ​បម្រើ Eduardo Camavinga បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​របស់​ក្រុម​ជម្រើស​ជាតិ​ ក្នុង​រយៈពេល​ ៩៦ ​ឆ្នាំ​កន្លង​មក​នេះ​។

កីឡាករ​ Camavinga បាន​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​ទីលាន​ក្នុង​ឯក​សណ្ឋាន​របស់​ក្រុម​ជម្រើស​ជាតិ​ជាលើក​ដំបូង ដោយ​ដូរ​ជំនួស​កីឡាករ​រៀម​ច្បង Ngolo Kante នៅ​វគ្គ​ទី ២ នាទីទី៦៣ ហើយ​ការ​បង្ហាញ​វត្តមាន​នេះ រូប​គេ​មាន​អាយុ ១៧ ​ឆ្នាំ និង​ ៩ ​ខែ ដែល​​មាន​ន័យ​ថា សមាជិក​របស់​ក្រុម​ Rennes រូប​នេះ នៅ​ចាញ់​តែ​កីឡាករ ២ ​រូប​ប៉ុណ្ណោះ គឺ Julien Verbrugghe ដែល​ចូល​លេង​ឲ្យ​ក្រុម​ក្នុង​ឆ្នាំ ​១៩០៦ នៅ​អាយុ ១៦ ​ឆ្នាំ និង ​១០ ​ខែ និង​ Maurice Gastiger ដែល​លេង​ក្នុង​ឆ្នាំ ​១៩១៤ នៅ​អាយុ ១៧ ​ឆ្នាំ និង ​៤ ​ខែ​។

សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stade de France នា​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស ៤ ​គ្រាប់​របស់​ក្រុម ដែល​មាន​រហស្សនាម​ថា Les Bleus បាន​មក​ដោយសារ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Antoine Griezmann, Dayot Upamecano, Olivier Giroud (ប៉េណាល់​ទី​) ព្រម​ទាំង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​អ្នក​ចាំទី Dominik Livakovic ខណៈ​ ២ គ្រាប់​របស់​ក្រុម​ក្រូអាស៊ី ធ្វើ​បាន​សម្រេច​ដោយ Dejan Lovren និង Josip Brekalo​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទី ២ នេះ ឃើញ​ថា​ ក្រុម​ព័រទុយហ្គាល់ និង​បារាំង កំពុង​ឈរ​នៅ​ទី១ និង​ទី២ ក្នុង​តារាង​ពិ​ន្ទុលីក A គ្រុប​ទី៣ ដោយ​មាន ៦​ ពិន្ទុ ស្មើ​គ្នា​តែ​ខុស​តែ​គ្រាប់​បាល់​ចំណេញ​ប៉ុណ្ណោះ​៕ AFP/VN