នូវែលសេឡង់ៈ កីឡាករ​បាល់ឱប​របស់​ប្រទេស​នូវែលសេឡង់​ជាច្រើន​រូប​ពិសេស​ម្ចាស់​ជើងឯក World Cup គឺ​កីឡាករ Julian Savea បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រូបគេ​មាន​អារម្មណ៍​ «​ក្ដុកក្ដួល​យ៉ាងខ្លាំង​» ចំពោះ​ការបាញ់ប្រហារ​នៅ​ព្រះវិហារ​អ៊ិស្លាម​នៅ​ប្រទេស​នូវែលសេឡង់​ស្រប​ពេល​មិត្ត​រួម​ក្រុម All Blacks គឺ​កីឡាករ Sonny Bill Williams បាន​ចំណាយ​ពេល​មួយ​សប្ដាហ៍​នៅ​សមាគម​កីឡា Super Rugby ដើម្បី​គាំទ្រ​អ្នក​ដែល​រងគ្រោះ​ដោយ​សោកនាដកម្ម​នេះ​។

កីឡាករ Williams ដែល​ជា​ពលរដ្ឋ​មូស្លីម​បាន​និយាយ​ថា គាត់​ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ការបាញ់​ប្រហារ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​ ៥០ ​នាក់​នៅពេល​រូបគេ​បាន​ប្រកាស​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Christchurch ដើម្បី​បង្ហាញ​ពី «​សមាន​ចិត្ត​អាណិត​ស្រឡាញ់​» និង​បរិច្ចាគ​ធនធាន​មួយ​ចំនួន​។

កីឡាករ Savea រក​បាន​ ៤៦ ​គ្រាប់​ក្នុង​ការប្រកួត​ ៥១ ​លើក​ដំបូង​ដោយ​រូបគេ​បាន​តស៊ូ​ប្រកួត​ក្នុង​រដូវកាល​នេះ ក្រោយពី​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Toulon ប្រទេស​បារាំង ប៉ុន្តែ​កីឡាករ​វ័យ​ ២៨ ​ឆ្នាំ​រូប​នេះ​បាន​និយាយ​ពី​ប្រទេស​បារាំង​ថា​៖ «​ខ្ញុំ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រៀន​ពី​សាសនា​អ៊ិស្លាម​នៅក្នុង​គ្រួសារ​ភរិយា​ខ្ញុំ​ទាំងស្រុង​។ ពួកគេ​ធ្លាប់​បាន​ទៅ​លេង​ទីក្រុង​មេកា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ២ ​ដង​ហើយ​បាន​ធ្វើការ​អធិដ្ឋាន​ ៥ ​ដង​ក្នុង​ ១ ​ថ្ងៃ និង​បាន​ជំរុញ​ឲ្យ​ខ្ញុំ​តម​អាហារ​ក្នុង​ពេល​បុណ្យ​រ៉ាម៉ាដន និង​បាន​បង្រៀន​ខ្ញុំ​ពី​អ្វី​ដែល​មាន​ន័យ​ជា​ពលរដ្ឋ​មូស្លីម​»​។

កីឡាករ​ដដែល​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នឹង​ណែនាំ​ឲ្យ​កូន​ខ្ញុំ​រៀន​អំពី​សាសនា​អ៊ិស្លាម​ផង​ដែរ ព្រោះ​វា​ជា​សាសនា​ដ៏ល្អ​មួយ ហើយ​ពលរដ្ឋ​មូស្លីម​គឺជា​មនុស្ស​មាន​ចិត្ត​សប្បុរស​បំផុត​ដែល​ខ្ញុំ​បាន​ជួប​។ ខ្ញុំ​នៅ​តែ​មាន​ការឈឺចាប់​ចំពោះ​ហេតុការណ៍​កាលពី​ថ្ងៃ​សុក្រ​ហើយ​ខ្ញុំ​ចង់​ឲ្យ​សហគមន៍​មូស្លីម​ដឹង​ថា​ខ្ញុំ​គាំទ្រ​អ្នក​ទាំងអស់​គ្នា​»​។

ចំណែក​កីឡាករ Williams បាន​និយាយ​ទាំង​ទឹកភ្នែក​ក្នុង​វីដេអូ​មួយ​ស្ដីពី​ការវាយប្រហារ​នេះ​ដោយ​ទទួល​បាន​ការគាំទ្រ​ពី​សមាជិក​ក្នុង​ក្រុម Auckland Blues ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Christchurch នៅ​ភាគ​ខាងត្បូង​ប្រទេស​នូវែល​សេឡង់​។ «​សូម​អរគុណ​អ្នក​គ្រប់​គ្នា​ចំពោះ​សមានចិត្ត​ដ៏ល្អ​របស់​អ្នក​ទាំងអស់​គ្នា​។ យើង​នឹង​ជួប​គ្នា​ក្នុង​ទីក្រុង Christchurch នៅ​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់ និង​បរិច្ចាគ​ធនធាន​ដល់​ពលរដ្ឋ​មូស្លីម​នៅ​ទីក្រុង Christchurch ដែល​រងគ្រោះ​ដោយ​សោកនាថកម្ម​នេះ​។ ខ្ញុំ​ក្ដុកក្ដួល​ណាស់ សូម​បន្ត​បង្ហាញ​ការគាំទ្រ​របស់​អ្នក​ជា​បន្ត​ទៀត​»​។

ចំណែក​កីឡាករ Beauden Barrett វិញ​បាន​និយាយ​ថា​គាត់​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការប្រកួត​ក្នុង​លទ្ធផល​ស្មើគ្នា ២៣-២៣ នៃ​ក្របខ័ណ្ឌ​កីឡា Super Rugby នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម Waikato Chiefs កាលពី​ថ្ងៃ​សុក្រ​ដែល​មិន​បាន​លុបចោល​ឡើយ​គឺ​បានចាប់ផ្តើម​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​ទីក្រុង Christchurch​។ Barret និយាយ​ថា​៖ «​ក្រោយពី​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​ហើយ​វា​ហាក់​ដូចជា​តប់ប្រមល់​ខ្លាំង​ណាស់​ក្នុង​ការលេង​មួយ​ប្រកួត​នេះ​»​។

ជាមួយ​គ្នា​នេះ Chase Tiatia ជា​ខ្សែការពារ​របស់​ក្រុម​បាល់ឱប Wellington Hurricanes ក៏​បាន​គិត​ថា​ការប្រកួត​នេះ​នឹង​ត្រូវ​ពន្យារពេល​ដូចជា​ការប្រកួត នៅ​ថ្ងៃ​សៅរ៍​រវាង​ក្រុម Highlanders និង​ក្រុម​បាល់ឱប Crusaders ដែល​មាន​មូលដ្ឋាន​នៅឯ​ទីក្រុង Christchurch ផង​ដែរ​។ Tiatia បាន​និយាយ​ថា​៖ «​វា​ពិបាក​នឹង​តៀម​ខ្លួន​សម្រាប់​ការប្រកួត​កីឡា​បាល់ឱប​នៅពេល​មាន​រឿង​អ្វី​មួយ​កើតឡើង​នៅ​ប្រទេស​នូវែលសេឡង់​ហើយ​វា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​»​។

ក្នុង​ហេតុការណ៍​បាញ់ប្រហារ​យ៉ាងរង្គាល​នេះ​ក្រុម​បាល់ឱប All Blacks និង​ក្រុម Wellington Hurricanes បាន​កាន់​ដៃ​តៗ​គ្នា​ជា​រង្វង់​នៅលើ​ទីលាន​ប្រកួត ហើយ​ពួកគេ​បាន​ស្មិងស្មាធិ៍​អារម្មណ៍​ ១ ​នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​មុនពេល​ចាប់ផ្ដើម​ប្រកួត​៕ SN