ក្រុងញូវ​យ៉ក: កីឡាការិនី Serena Williams បាន​ប្រឹង​ប្រែង​រហូត​ដល់​បាន​ឆ្លង​ទៅ​វគ្គ ៤​ នាក់​ចុង​ក្រោយ សម្រាប់​កម្ម​វិធី​ប្រកួត​វាយ​កូន​បាល់ (តិន្នីស) ក្នុង​ព្រឹត្តិការណ៍ US Open កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ហើយ​ត្រូវ​ឡើង​ទៅ​ជួប​កីឡាការិនី Victoria Azarenka ខណៈ​ផ្នែក​បុរស កីឡាករ​ Dominic Thiem និង​ Daniil Medvedev នឹង​ត្រូវ​ប្រឈម​ជាមួយ​គ្នា ក្រោយ​កក់​កៅ​អី​រៀង​ខ្លួន​ សម្រាប់​វគ្គ​នេះ​រួច​ហើយ​។

កីឡាការិនីអាមេរិក Williams ដែល​ត្រូវ​បាន​ផ្ដល់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​កម្មវិធី​នេះ បាន​ចាញ់គូ​ប្រកួត​សញ្ជាតិប៊ុលហ្គារី Tsvetana Pironkova នៅ​សិត​ដំបូង​ជាមួយ​នឹង​ពិន្ទុ ៦-៤ តែ​អាច​វាយ​បក​យក​ឈ្នះ ២ សិត ផ្ទួន​ៗ​បាន​វិញ ដោយ​ពិន្ទុ ៦-៣ និង ៦-២​ ខណៈ​ជ័យ​ជម្នះ​នេះ បាន​រក្សា​ក្ដី​សង្ឃឹម​របស់​នាង ក្នុង​ការ​ប៉ុន​ប៉ង​ឲ្យ​បាន​ក្លាយ​ជា​ជើង​ឯកពានលំដាប់​ Grand Slam នេះ ជា​លើក​ទី​ ២៤​។​

ក្រោយ​បានឆ្លង​ទៅ​វគ្គ​បន្ត ដោយ​ប្រើ​ពេល​ដល់​ទៅ ២​:​១២ ម៉ោង កីឡាការិនី Williams បាន​ប្រាប់​ថា​៖ «​នៅ​ចំនុច​នេះ ខ្ញុំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ត្រូវ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង ដែល​ខ្ញុំ​អាច។ ខ្ញុំ​មិន​បោះ​បង់​ ហើយ​អ្នក​ក៏​​ដឹង​ថា ខ្ញុំ​ពិត​ជា​មិន​បោះ​បង់​មែន​»​។

ចំណែក​ផ្នែក​បុរស​ កីឡាករ​អូទ្រីស Thiem បាន​ទម្លាក់​កីឡាករ Alex de Minaur របស់​អូស្ត្រាលី ជាមួយ​នឹង​ជ័យ​ជម្នះ ៣-០ សិត ៦-១ ៦-២ និង ៦-៤ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នៅ​ក្រុង​ញូវយ៉កនេះ ជា​លើក​ដំបូង ដោយ​ត្រូវ​ទៅ​ជួប​កីឡាករ​រុស្ស៊ី Medvedev ដែល​ប្រកួត​ឈ្នះមិត្ត​រួម​ជាតិ និង​មិត្ត​កាល​ពី​កុមារភាព​របស់​ខ្លួន Andrey Rublev ក្នុង​លទ្ធផល ៧-៦ ៦-៣ និង ៧-៦​៕ AFP/VN​

កីឡាករ​អូទ្រីស Thiem រត់​ទៅ​កូន​បាល់​របស់​គូបដិបក្ខ ដែល​វាយ​មក អំឡុង​ការ​ប្រកួត​កម្មវិធី US Open 2020 វគ្គ ៨​ នាក់​។