អេស្ប៉ាញ: ក្រុម Sevilla បាន​ធ្វើការ​បណ្ដេញ​គ្រូបង្វឹក​លោក Pablo Machin កាលពី​ចុង​សប្ដាហ៍​មុន និង​បាន​តែងតាំង​លោក Joaquin Caparros ដែល​ជា​ប្រធាន​ក្លិប​បាល់ទាត់​របស់​ក្រុម​នេះ​ធ្វើ​ជា​គ្រូបង្វឹក​ជំនួស​វិញ​រហូត​ដល់​ចុងបញ្ចប់​រដូវកាល​នៃ​ក្របខណ្ឌ​។

លោក Machin បាន​ដឹកនាំ​ក្រុម Sevilla កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ក្រោយពី​បាន​ដឹកនាំ​ក្រុម Girona បាន​ឲ្យ​ឡើង​ដល់​វគ្គ​ ១០ ​ក្រុម​ចុងក្រោយ​ក្នុង​យុទ្ធនាការ​ដំបូង​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ La Liga​។

បើ​ទោះ​ជាមួយ​រយៈពេល​នេះ​ក្រុម Sevilla ឃើញ​ថា​លេង​បាន​ល្អ​ក្នុង​ការប្រកួត​មួយ​ចំនួន​រួម​ទាំង​ការប្រកួត​មួយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ក៏ដោយ ប៉ុន្តែ​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ហើយ​ឱកាស​ទទួល​បាន​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ Champions League នៅ​រដូវកាល​ប្រកួត​លើក​ក្រោយ​ទៀត នៅ​មាន​ការគំរាមកំហែង​នៅ​ឡើយ​។

នៅពេល​នេះ​ក្រុម Sevilla ឈរ​នៅ​លេខ​រៀង​ទី​ ៦ និង​រក​បាន​ ៥ ​ពិន្ទុ​នៅ​ខ្វះ​ ៤ ​ពិន្ទុ​ទៀត ហើយ​ការ​ចាញ់​ក្នុង​ក្របខ័ណ្ឌ Europa League របស់​ពួកគេ​ក្រោម​ស្នាដៃ​ក្រុម Slavia Prague កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ក៏​បាន​បង្ហាញ​ពី​ការបរាជ័យ​ចុង​ក្រោយ​សម្រាប់​លោក Machin ផង​ដែរ ខណៈ​ក្រុម​នេះ​បាន​ឈ្នះ​ការប្រកួត​ចំនួន​ ៦ ​លើក​ក្នុង​ចំណោម​ការប្រកួត​ចំនួន​ ១៨ ​លើក​របស់​ខ្លួន​តាំងពី​ដើម​ឆ្នាំ​នេះ​។

ក្លិប Sevilla បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «Sevilla FC បាន​សម្រេច​ចិត្ត​នៅ​ថ្ងៃ​សុក្រ​នេះ​ថា នឹង​ត្រូវ​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក​ក្រុម​ជា​លើក​ទី​ ១ គឺ​លោក Pablo Machin ក្រោយពី​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​ប្រធាន​ក្លិប​បាល់ទាត់​នេះ​គឺ​លោក Joaquin Caparros នឹង​ត្រូវ​ចូល​កាន់​តំណែង​នេះ​បន្ត​»​។

លោក Caparros បាន​ដឹកនាំ​ក្រុម​នេះ​បាន​រយៈពេល​ ១ ​ខែ​កាលពី​រដូវកាល​ឆ្នាំ​មុន​ក្រោយពី​លោក Vincenzo Montella ត្រូវ​បាន​បណ្ដេញចេញ​ហើយ​បាន​ពិនិត្យមើល​ទៅ​លើ​ជ័យជម្នះ​ចំនួន​ ៣ ​ប្រកួត​ក្នុង​ចំណោម​ការប្រកួត​ ៤ ​លើក​របស់​លោក​រួម​ទាំង​ជ័យជម្នះ ៣-២ នៅ​ទឹកដី​ក្រុម Real Madrid ហើយ​ពេលនេះ​លោក​បាន​ចូល​ខ្លួន​មក​ដឹកនាំ​ក្រុម Sevilla ជំនួស​លោក Pablo Machin​។

នៅ​សេចក្ដី​ថ្លែងការណ៍​របស់​ក្លិប Sevilla ដដែល​នោះ​បាន​បន្ថែម​ថា​៖ «​លោក Caparros នឹង​មាន​បទពិសោធ​ក្នុង​តួនាទី​នេះ ពីព្រោះ​លោក​ធ្លាប់​បាន​គ្រប់គ្រង​ក្រុម Vincenzo Montella ក្នុង​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ​កាលពី​រដូវកាល​មុន​»៕ AFP/ SN