ក្រុង​ម៉ា​ឌ្រីដ: ខ្សែ​បម្រើ David Silva របស់​ក្លិប Manchester City កាល​ពីថ្ងៃ​ចន្ទ បាន​ប្រកាស​ពី​ការ​បញ្ចប់​អាជីព​ជា​អន្តរ​ជាតិ​រយៈ​ពេល​១២​ឆ្នាំ​របស់​គេ​ជា​មួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​។

ក្រោយ​ពី​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជាលើក​ទី​១​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ខ្សែ​បម្រើ​វ័យ៣២​ឆ្នាំ​រូប​នេះ បាន​ជួយ​ឲ្យ​ប្រទេស​របស់​គេ​ឈ្នះ​ពាន​ពិភព​លោក នៅ​អា​ហ្វ្រិក​ខាង​ត្បូង កាលពីឆ្នាំ​២០១០ និង​បាន​ឈ្នះ​ពាន​​ Euro ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១២​។

កីឡាករ​រូប​នេះ​​សរសេរ​សារ​មួយ​​​នៅ​​លើ​បណ្តាញ​សង្គម​ថា៖ «ខ្ញុំ​ចាក​ចេញ​ទាំង​មាន​មោទ​ន​ភាព និង​រីក​រាយ ក្រោយ​​ពី​បាន​បញ្ចប់​ពេល​វេលា​មួយ​ដែល​ពោរ​ពេញ​ដោយ​​ការ​រំជួល​ចិត្ត និង​ការ​ចង​ចាំ ដូច​ជា​លោក Luis Aragones ដែល​ជា​គ្រូបង្វឹក​ដ៏​ឆ្នើម​ម្នាក់​ដែល​មិន​​​មាន​នរណា​បំភ្លេច​ឡើយ​​»​។

Silva បាន​ប្រាប់​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​រស់​នៅ និង​សុបិន​ជា​មួយនឹងក្រុម​មួយ​ដែល​នឹង​​ត្រូវ​គេ​ចង​ចាំ​ជា​រៀង​រហូត​។ ខ្ញុំ​បាន​ចំណាយ​ពេល​ជាច្រើន​ថ្ងៃ និង​​ជា​ច្រើន​សប្តាហ៍ ដើម្បី​ពិ​ចារណា​ទៅលើ​បញ្ហា​នេះ​។ ក្រុម​ជម្រើស​ជាតិ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​រាល់​អ្វី​​ៗ​ទាំង​អស់ និង​បាន​ជួយ​ឲ្យ​ខ្ញុំ​​អភិវឌ្ឍ​ក្នុង​នាម​ជា​កីឡាករម្នាក់ និង​មនុស្ស​ម្នាក់​»​។

ការ​ប្រកាស​របស់ Silva បាន​កើត​ឡើង ក្រោយពី​ការ​ប្រកាស​ពី​ការ​ចូលនិវត្តន៍របស់​ខ្សែ​ការ​ពារ​កណ្តាល Gerard Pique កាលពី​សប្តាហ៍មុន​៕ IS