ក្រុង​ឡុងដ៍ៈ គ្រូ​បង្វឹក​ក្លិប Man Utd លោក Ole Gunnar Solskjaer មិន​​​ស្ដី​បន្ទោស​​កីឡាករ Paul Pogba ក្រោយ​ពី​តារា​បាល់​ទាត់​រូប​នេះ​បាន​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​មិន​ចូល​​ធ្វើ​ឲ្យ​ក្រុម​ Man Utd ​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម Wolves ​ពី​ព្រឹក​​ថ្ងៃ​ចន្ទ។

​​

ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង ​២ ​នេះ​ ក្រុម​បិសាច​ក្រហម​ Man Utd បាន​នាំមុខ ១ ​គ្រាប់​​មុន ​ដោយ​កីឡាករ​ Martial ក្នុង​នាទីទី ​២៧ ប៉ុន្តែ​នៅ​ក្នុង​នាទី​ទី ​៥៥​ កីឡាករ​ Neves របស់​ក្រុម Wolves រក​បាន ​១ ​គ្រាប់​វិញ ​ធ្វើ​ឲ្យ​ក្រុម​ទាំង ​២ ​នេះ​ស្មើ​គ្នា​ ១-១។​​

តាម​ពិត​ទៅ ​ក្រុម​បិសាច​ក្រហម​សឹង​តែ​រក​បាន ​១ ​គ្រាប់​ទៀត ​ដើម្បី​ឈ្នះ​ក្រុម​ឆ្កែ​ចចក​​នៅ​ពេល​ក្រុម​បិសាច​ក្រហម​ទទួល​បាន​បាល់​ពិន័យ ​១១ ​មែត្រ​ ប៉ុន្តែ​កីឡាករ Pogba ស៊ុត​មិន​បាន​ល្អ​ដោយ​​អ្នក​ចាំទី​ក្រុម​​ Rui Patricio សង្គ្រោះ​បាន​យ៉ាង​ល្អ​។​​

នេះ​ជា​ការ​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​មិន​បាន​ល្អ​លើក​ទី​៤ ​របស់​កីឡាករ Pogba តាំង​ពី​ចាប់​ផ្ដើម​រដូវកាល​មុន​ ហើយ​លើក​នេះ​ប្រហែល​ជា​​រូប​គេ​​ចង់​ធ្វើ​ឲ្យ​ដូច​​កីឡាករ​ Rashford ដែល​​បាន​​​ស៊ុត​ចូល​ទី​យ៉ាង​ល្អ​នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម Chelsea កាល​ពី​ចុង​សប្ដាហ៍​មុន​។​​​​

គ្រូ​បង្វឹក​​លោក Solskjaer បាន​និយាយ​ថា គាត់​អនុញ្ញាត​ឲ្យ​កីឡាករ​ Pogba និង​ Rashford ជា​អ្នក​ស៊ុត​បាល់​ពិន័យ​នេះ​។​

លោក Solskjaer បាន​និយាយ​ថា៖ «​ពួក​គេ​ទាំង ​២ ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ស៊ុត​បាល់​ពិន័យ​នេះ​ ហើយ​​វា​អាស្រ័យ​លើ​ពួក​គេ​ជា​អ្នក​សម្រេច​ចិត្ត​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ពេល​ខ្លះ​កីឡាករ​មាន​អារម្មណ៍​ថា ពួក​គេ​ទុក​ចិត្ត​ខ្លួន​ឯង​ក្នុង​ការ​​ស៊ុត​បញ្ចូល​ទី​ ហើយ​ Pogba ធ្លាប់​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​សម្រាប់​ពួក​យើង​ ប៉ុន្តែ​ថ្ងៃ​នេះ​ កីឡាករ Rui Patricio ធ្វើ​ការ​សង្គ្រោះ​បាន​យ៉ាង​ល្អ​»។​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ពួក​គេ​ទាំង ​២ ​សុទ្ធតែ​មាន​ទំនុក​ចិត្ត​ ហើយ​ខ្ញុំ​ចូលចិត្ត​កីឡាករ​ដែល​មាន​ទំនុក​ចិត្ត និង​គិត​ថា ខ្លួន​ឯង​​អាច​ធ្វើ​បាន»​។​

កីឡាករ​ Rashford បាន​អះអាង​​​ថា កីឡាករ Pogba បាន​និយាយ​ថា គាត់​ចង់​ស៊ុត​បាល់​ពិន័យ​នេះ ​ដូច្នេះ​ហើយ​​រូប​គេ​​បាន​ប្រគល់​នាទី​នេះ​ឲ្យ​កីឡាករ Pogba ជា​អ្នក​ស៊ុត​តែ​ម្ដង​ទៅ​​។​​

ខ្សែ​ប្រយុទ្ធ​រូប​នេះ​និយាយ​ថា៖ «​Pogba ចង់​សាក​ ហើយ​វា​ជា​ធម្មតា​ដែល​គ្រប់​គ្នា​ក៏​អាច​ស៊ុត​មិន​​ចូល​បែប​នេះ​ដែរ​។ គាត់​បាន​ស៊ុត​បាល់​ចូល​ទី​រាប់​មិន​អស់​សម្រាប់​យើង​ដូច្នេះ​វា​ធម្មតា​ដែល​គាត់​ស៊ុត​មិន​ចូល​ម្ដង​នោះ​។​ ខ្ញុំ​បាន​ស៊ុត​ពី​សប្ដាហ៍​មុន​ហើយ​ដូច្នេះ​​ទុក​ឲ្យ​​គាត់​ស៊ុត​ម្ដង​នៅ​ពេល​នេះ​​ ​ប៉ុន្តែ​​ស្ដាយ​ដែល​គាត់​ធ្វើ​មិន​បាន​ល្អ​​ ​ប៉ុន្តែ​មិន​ថ្វី​ទេ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ខាង​​មុខ​ទៀត»។​​

នេះ​ជា​លទ្ធផល​គួរ​ឲ្យ​សោកស្ដាយ​មួយ​សម្រាប់​ក្រុម​ Man Utd ក្រោយ​ពី​ពួក​គេ​គ្រប់គ្រង​បាល់​នៅ​ពេល​ចាប់​ផ្ដើម​ ​ហើយ​​លោក Solskjaer បាន​ទទួល​ស្គាល់​ថា ពួក​គេ​បាន​វង្វេង​ផ្លូវ​ «​ទាំងស្រុង​» ​នៅ​ក្នុង​តង់​ទី​២​។​

លោក Solskjaer បាន​​និយាយ​ថា៖ «​តង់​ទី​១ ​គឺ​លេង​​បែប​ចាស់​ទុំ​​​ប៉ុន្តែ​តង់​ទី​២ ​គឺ​ងងឹត​មុខ​ឈឹង​តែ​ម្ដង​ ហើយ​យើង​នឹង​ពង្រឹង​សមត្ថភាព​ថែម​ទៀត​ព្រោះ​យើង​ជា​ក្រុម​ក្មេង​មួយ​ដែល​ត្រូវ​​រៀន​សូត្រ​ពី​ការ​​ប្រកួត​នៅ​ថ្ងៃ​នេះ​»។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ត​ថា៖ «​ក្រុម​ Wolves ប្រហែល​ជា​បាន​សម្រេច​បំណង​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​ ហើយ​ខ្ញុំ​បាន​​គិត​ថា យើង​បាន​គ្រប់គ្រង​ម្ដង​ទៀត​ និង​អាច​បាន​ឈ្នះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​យើង​ទទួល​បាន​បាល់​ពិន័យ​ដែល​ធម្មតា​នឹង​ធ្វើ​ឲ្យ​​យើង​ទទួល​បាន ​២ ​គ្រាប់ ​ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ចាំទី​ក៏​សង្គ្រោះ​បាន​ល្អ​ផង​ដែរ​»។​​

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម Man Utd មាន ​៤ ​ពិន្ទុ ​និង​​នៅ​ចំណាត់​ថ្នាក់​ទី​៤​ ខណៈ​ក្រុម Wolves មាន ​២ ​ពិន្ទុ ​និង​​នៅ​ចំណាត់​ថ្នាក់​ទី​១២​ នៃ​​ក្រប​ខ័ណ្ឌ​​ Premier League៕ AFP/SN