ក្រុងឡុងដ៍: អ្នកចាំទី Hugo Lloris បានអះអាងថា ខ្លួនបានធ្វើការផ្សះផ្សារសម្រុះសម្រួលជាមួយខ្សែប្រយុទ្ធ Son Heung-min ក្រោយកីឡាកររបស់ក្រុម Tottenham Hotspur (Spurs) ទាំង ២ មានជម្លោះដ៏ក្ដៅគគុកមួយអំឡុងការប្រកួត ដែលក្រុមខ្លួនយកឈ្នះក្រុម Everton យ៉ាងប្រផិតប្រផើយ ១-០ កាលពីថ្ងៃចន្ទ។
នៅពេលកីឡាករ Son ធ្វើដំណើរត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយមិត្តរួមក្រុម ក្រោយបញ្ចប់វគ្គទី១ កីឡាករអន្តរជាតិបារាំង Lloris បានរត់សំដៅទៅកាន់កីឡាករកូរ៉េខាងត្បូង ហើយក៏ស្រែកដាក់ និងរុញស្មា មុននឹងកីឡាករ Son ដែលជាធម្មតាមានអត្តចរិកស្ងប់ស្ងាត់ បានតបតវិញទាំងខឹងសម្បា ខណៈទាំង ២ នាក់ ក៏ត្រូវមិត្តរួមក្រុម គឺកីឡាករ Harry Winks និង Moussa Sissoko ចាប់បំបែកពីគ្នា ដោយឃើញការឈ្លោះប្រកែកនោះកាន់តែក្ដៅឡើងៗ។
កីឡាករ Lloris មិនសប្បាយចិត្តជាមួយកីឡាករ Son ដែលមិនព្យាយាមតាមបិទវិញ ក្រោយពីបាត់បាល់នៅតំបន់កណ្ដាលរហូតធ្វើឲ្យកីឡាករ Richarlison របស់ក្រុម Everton មានឱកាសស៊ុត តែខុសគោលដៅ ដោយកីឡាករវ័យ ៣៣ ឆ្នាំ បាននិយាយថា៖ «ខ្ញុំគិតថាយើងបង្កើតនូវកំហុសមួយ នៅមុន ២-៣ នាទី មុនចប់វគ្គទី១ ព្រោះយើងមិនបានធ្វើការគាបសង្កត់ ទើបធ្វើឲ្យខ្ញុំខឹង។ តែគ្មានបញ្ហានោះ គឺបាល់ទាត់»។
តែយ៉ាងណា កីឡាករទាំង ២ Son និង Lloris ទំនងជាសម្រុះសម្រួលគ្នាបាន ពេលដែលពួកគេ បានឱបគ្នាទៅវិញទៅមក កំលុងពេលសំឡេងកញ្ចែចុងក្រោយបន្លឺឡើង សម្រាប់ការប្រកួតនៅក្រុងឡុងដ៍ភាគជើង ដែលក្រុម Spurs អាចដណ្ដើមបានជ័យជម្នះជាលើកទី ២ របស់ខ្លួន ចាប់តាំងការចាប់ផ្ដើមវិញ ក្រោយផ្អាក ១ រយៈ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
កីឡាករ Lloris បាននិយាយបន្ថែមថា៖ «ជារឿងធម្មតាពេលនៅក្នុងបន្ទប់ផ្លាសសម្លៀកបំពាក់។ នៅខាងក្រៅ អ្នកអាចនិយាយអ្វីក៏បាន ដែលអ្នកចង់និយាយ។ អ្វីដែលបានកើតឡើង វាគ្រាន់តែជាផ្នែកនៃបាល់ទាត់ប៉ុណ្ណោះ។
និយាយដោយស្មោះ យើងស្ថិតក្នុងស្ថានភាព ដែលយើងមិនសប្បាយចិត្តជាមួយ ដូច្នេះយើងត្រូវតែតវ៉ាគ្នា ដើម្បីធ្វើឲ្យប្រាកដថា យើងទាំងអស់គ្នា កំពុងស្ថិតក្នុងគោលដៅតែ ១។ តែយ៉ាងណា រឿងសំខាន់បំផុត គឺផ្ដោតលើក្រុមទាំងមូល ព្រោះយើងអាចត្រឹមតែធ្វើវា ក្នុងនាមក្រុមតែ ១»។
តែសម្រាប់គ្រូបង្វឹករបស់ក្រុម Spurs លោក Jose Mourinho ហាក់ដូចជាសប្បាយចិត្តទៅវិញ នៅពេលកូនក្រុមកើតជម្លោះជាមួយគ្នាបែបនេះ ព្រោះលោកយល់ថា វាមិនមែនជាការបែកបាក់សាមគ្គីនោះទេ ផ្ទុយទៅវិញវាបង្ហាញឲ្យឃើញនូវចំណង់យ៉ាងខ្លាំងក្លា ដែលចង់បានជ័យជម្នះ។
លោក Mourinho បានលើកឡើងយ៉ាងដូច្នេះថា៖ «វាជារឿងប្រសើរណាស់។ វាប្រហែលជាមកពីលទ្ធផលនៃការប្រជុំរបស់ពួកយើង ដូច្នេះបើអ្នកចង់បន្ទោសនរណាម្នាក់ បន្ទោសខ្ញុំមកចុះ។ ខ្ញុំបានសុំឲ្យពួកគេត្រូវជួយគ្នាទៅវិញទៅមកឲ្យបានច្រើនជាងនេះ និងដាក់សម្ពាធគ្រប់គ្នាទាំងអស់ ដោយគ្មាននរណាម្នាក់ អាចលេងដោយស្រួលៗឡើយ»។
បុរសសញ្ជាតិព័រទុយហ្គាល់ បានបន្តទៀតថា៖ «គ្រាន់តែថា ការឈ្លោះប្រកែកនោះ មិនគួរកើតឡើងនៅលើទីលាននោះឡើយ វាគួរតែកើតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ តែអ្វីដែលប្រធានក្រុមបានធ្វើ គេគ្រាន់តែចង់បា្រប់មិត្តរួមក្រុមថា អ្នកត្រូវធ្វើអ្វីបន្ថែមតែប៉ុណ្ណោះ»៕ AFP/VN