ក្រុងម៉ាឌ្រីដ៖ លោក Diego Simeone កាលពីថ្ងៃអាទិត្យ បានសរសើរ Luis Suarez ថា ជាមនុស្សពិសេសម្នាក់ បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ូហ្គាយ ស៊ុតបញ្ចូលទី១ គ្រាប់ ដែលអាចជួយឱ្យក្រុម Atletico Madrid កា្លយជាជើងឯកក្របខ័ណ្ឌ La Liga ដោយគ្រាប់បាល់នោះ បានធ្វើឱ្យក្រុមវាយបកដណ្ដើមបាននូវជ័យជម្នះដ៏មានតម្លៃនៅចុងម៉ោងលើក្រុម Osasuna ក្នុងលទ្ធផល ២-១។
ក្រុម Atletico តាមពីក្រោយក្រុមភ្ញៀវ Osasuna ជាមួយនឹងការប្រកួត នៅឯកីឡដ្ឋាន Wanda Metropolitano សល់ ៩ នាទីទៀត ហើយប្រឈមជាមួយនឹងបរាជ័យ ដែលនឹងមិនត្រឹមតែបញ្ឈប់ការប៉ុនប៉ងរបស់ខ្លួន ក្នុងការឈ្នះជើងឯកប៉ុណ្ណោះទេ តែថែមទាំងបណ្ដោយឱ្យក្រុមគូប្រជែង Real Madrid ដែលឈ្នះ Athletic Bilbao ឡើងទៅឈរលេខ ១ ជាមួយនឹងការប្រកួត នៅសល់តែ ១ ហ្គេមទៀតផង។
តែផ្ទុយទៅវិញ ក្រុមម្ចាស់ផ្ទះ Atletico បានស៊ុតបញ្ចូលទី ក្នុងនាទីទី៨២ និងទី៨៨ ដែលធ្វើឱ្យស្ថានការណ៍ ប្រែពីបាតដៃទៅជាខ្នងដៃដ៏មិនគួរឱ្យជឿ។ អ្នកដែលរកគ្រាប់បាល់តាមស្មើ គឺ Renan Lodi មុនពេល Suarez បង្ហាញឱ្យឃើញពីភាពជាវីរបុរស ដោយការស៊ុតពីចម្ងាយប្រមាណជា ៧ម៉ែត្រជាង ដើម្បីបង្កើតបានជាក្ដីរីករាយដ៏មហិមា សម្រាប់ក្រុមរបស់លោក Diego Simeone។
លោក Simeone បានថ្លែងដោយក្តីរំភើបពាក់ព័ន្ធនឹង Suarez ថា៖ «គេ គឺជាមនុស្សពិសេសម្នាក់។ គេមកទីនេះ ដោយចង់ពិសោធថា មនុស្សជាច្រើនគិតខុស ដោយចង់បង្ហាញថា គេនៅតែជាខ្សែប្រយុទ្ធកំពូលនៃហ្គេមនេះ។ អ្នកណាល្អជាងគេទៀត ក្នុងការសម្រេចការប្រកួត ១ ដែលមើលទៅទំនងជាធ្វើឱ្យពួកយើងចាញ់»។
កីឡាករទាំងអស់ ក្នុងនោះមានទាំងកីឡាករបម្រុងផង បាននាំគ្នាទៅគ្របគរគ្នាពីលើ Suarez នៅជ្រុងនៃទីលាន នៅពេលការប្រកួតចប់ ដោយកីឡាករខ្លះ បានលុតជង្គង់ មិនមែនសប្បាយចិត្តទេ តែធូរទ្រូង ដោយការប្រជែងជើងឯក ឥឡូវនេះ សល់តែការឈ្នះ ១ហ្គេមទៀតប៉ុណ្ណោះ។
«នេះជាពេលវេលានៃក្ដីសុខ។ វាជាតង់មួយ ក្នុងចំណោមតង់ដំបូងដ៏ល្អបំផុតនៃរដូវកាលនេះ។ យើងបាត់បង់ឱកាសអស់ច្រើន ជាពិសេសខ្ញុំ តែដើម្បីឈ្នះជើងឯកលីគ អ្នកត្រូវតែរងនូវការឈឺចាប់ ហើយថ្ងៃនេះ ពួកយើងបានបោះជំហានទៅមុខហើយ»។
ដើម្បីក្លាយជាជើងឯកជាមួយនឹងការប្រកួតនៅសល់ ១ លើកទៀត ក្រុម Atletico ត្រូវបន់ឱ្យក្រុម Real របូតពិន្ទុ នៅឯកីឡដ្ឋាន San Mames តែ ១ គ្រាប់របស់ Nacho Fernandez ជួយឱ្យក្រុមអធិរាជសឈ្នះ អ៊ីចឹង ការកាត់ក្ដីសម្រាប់ក្រុម ដែលត្រូវគ្រងពាន La Liga ត្រូវរង់ចាំនៅសប្ដាហ៍ផ្ដាច់ព្រ័ត្រ។
ជ័យជម្នះនេះ នាំឱ្យក្រុមលេខ ១ Atletico រក្សាគម្លាត ២ ពិន្ទុដដែលពីលើក្រុមលេខ ២ Real ដែលមាន ៨១ ពិន្ទុ ហើយការឈ្នះនៅផ្ទះរបស់ក្រុម Real Valladolid នាចុងសប្ដាហ៍ក្រោយ នឹងជួយធានាឱ្យពួកគេឈ្នះពានលីគកំពូលជាលើកទី២ ក្នុងរយៈពេល ២៥ ឆ្នាំ៕ AFP/VN