អេស្ប៉ាញ៖ ខ្សែ​ប្រយុទ្ធ​ Luis Suarez បាន​ធ្វើ​ការ​​ហ្វឹកហាត់​ជា​ថ្មី​​នៅ​ក្លិប Barcelona ​ពី​ថ្ងៃ​ពុធ​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​លោក Ernesto Valverde សង្ឃឹម​ថា រូប​គាត់​អាច​​ចូលរួម​​ប្រកួត​ជាមួយ​ក្រុម​ Valencia នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ និង​បន្ថយ​ក្ដី​​កង្វល់​របស់​កីឡាករ Lionel Messi ដែល​ទើប​​ជា​ពី​របួស​។​

Suarez ជិត​មាន​កម្លាំង​ពេញ​លេញ​វិញ​ហើយ​ក្រោយ​ពី​រង​របួស​ក្នុង​ការ​ប្រកួត​កន្លង​មក​នៃ​រដូវកាល​ LaLiga ថ្មី ធ្វើ​ឲ្យ​​រូប​គេ​មិន​​បាន​ចូលរួម​ការ​​ប្រកួត​មួយ​ចំនួន​ ប៉ុន្តែ​ឥឡូវ​​រូប​គេ​​បាន​ហ្វឹកហាត់​ជា​ថ្មី​ក្នុង​​បំណង​ចូលរួម​​​​ការ​ប្រកួត​​ជាមួយ​ក្រុម Valencia នៅ​កីឡដ្ឋាន​ Camp Nou ​ធ្វើ​ឲ្យ​លោក Valverde មាន​អារម្មណ៍​កក់​ក្ដៅ​​។

ទន្ទឹម​នេះ​ដែរ​ Messi ត្រូវ​គេ​​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​ក្នុង​រដូវ​កាល​នេះ​ក្រោយ​​ពី​​ជា​របួស​​​ប៉ុន្តែ​លោក Valverde ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ទេ​​ប្រសិន​បើ​កីឡាករ Suarez អាច​ចូលរួម​ប្រកួត​មែន​នោះ​៕ SN