ក្រុងឡុងដ៍៖ កីឡាករវាយកូនបាល់ Dominic Thiem បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ ដោយបានយកឈ្នះកីឡាករ Novak Djokovic ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ATP Finals កាលពីថ្ងៃអង្គារ ហើយ Djokovic ដែលត្រូវបាន Thiem ចាត់ទុកថា ជាវីរបុរសរបស់ខ្លួននោះ ក៏នឹងវិលទៅជួបកីឡាករ Roger Federer ផងដែរ។
សម្រាប់ការប្រកួត នៅទីលាន O2 នាទីក្រុងឡុងដ៍នេះ កីឡាករអូទ្រីស មានចំណាត់ថ្នាក់លេខ ៥ ពិភពលោក Thiem បានប្រកួតឈ្នះវីរបុរសរបស់ខ្លួន Djokovic ក្នុងលទ្ធផល ៦-៧, ៦-៣ និង ៧-៦ ហើយជ័យជម្នះនេះ បានជួយឲ្យរូបគេ ឡើងចំណាត់ថ្នាក់ ទៅជាអ្នកជាប់ចំណាត់ថ្នាក់លេខ ២ ពិភពលោក។
ជុំវិញការទទួលបានជ័យជម្នះដ៏រំភើបនេះ Thiem បាននិយាយថា៖ «នេះពិតជាការប្រកួតដ៏ពិសេសអស្ចារ្យមួយ ព្រោះវាជាអ្វីដែលខ្ញុំបានអនុវត្តពេញមួយជីវិតរបស់ខ្ញុំ តាំងពីកុមារភាពមកម្ល៉េះ។ វាពិតជាពិសេសមែនទែន ដែលខ្ញុំបានយកឈ្នះវីរបុរសនៃការប្រកួតរបស់យើង ហើយខ្ញុំបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាវគ្គល្អបំផុតសម្រាប់ខ្ញុំផងដែរ»។
កីឡាកររូបនេះ បានបន្ថែមទៀតថា៖ «ការត្រឡប់ជាឈ្នះវិញនេះ គឺជាសំណាងតិចតួចបំផុត ប៉ុន្តែវាគឺជាការប្រកួតមិនគួរឲ្យជឿ និងជាការប្រកួតមួយ ដែលខ្ញុំមិនអាចបំភ្លេចបាន ព្រោះ Djokovic ជាកីឡាករល្អបំផុត នៅលើពិភពលោក ហើយខ្ញុំបានធ្វើអ្វីពិសេស»។
ដោយឡែកកីឡាករ Federer បានរកឃើញជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនៃរដូវកាលនេះ ដោយបានឈ្នះកីឡាករអ៊ីតាលី Matteo Berrettini ៧-៦ (៧/២) និង ៦-៣ នៅក្នុងការប្រកួតជុំចុងក្រោយរបស់ពួកគេ ហើយនៅថ្ងៃព្រហស្បតិ៍នេះ Federer នឹងត្រូវជួប Djokovic ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Wimbledon សម្រាប់ឆ្នាំនេះ ដើម្បីកំណត់ថា តើនរណានឹងឈានទៅវគ្គបន្តពីពូល Bjorn Borg។
កីឡាករស្វ៊ីសជាប់ចំណាត់ថ្នាក់លេខ ៣ ពិភពលោក Federer បានខកចិត្តយ៉ាងខ្លាំង ក្រោយពីចាញ់កីឡាករ Thiem នៅក្នុងការប្រកួតវិលជុំបើកឆាក ហើយម្ចាស់ជើងឯក ៦ ជំនាន់រូបនេះ ត្រូវបានគេសួរក្រោយឈ្នះកីឡាករ Berrettini ថា តើរូបគេនៅមានអារម្មណ៍ភ័យខ្លាចចំពោះកីឡាករ Djokovic ដែលធ្លាប់បានឈ្នះរូបគេ នៅព្រឹត្តិការណ៍ Wimbledon ដែរឬយ៉ាងណា? Federer បានឆ្លើយតបថា៖ «យើងនឹងឃើញការពិត ប៉ុន្តែខ្ញុំគិតថា វាមិនជះឥទ្ធិពលដល់ការប្រកួតនេះទេ»។
កីឡាករស្វ៊ីសរូបនេះ បានបន្ថែមថា៖ «ទឹកជាច្រើនបានហូរនៅក្រោមស្ពានតាំងពីនោះមក»។ កីឡាករ Djokovic កំពុងតាមស្វែងរកការលើកពានរង្វាន់ ATP Finals ជាលើកទី ៦ ដើម្បីប្រជែងគ្នានឹងកំណត់ត្រារបស់កីឡាករ Federer ហើយក៏កំពុងខិតខំដណ្ដើមចំណាត់ថ្នាក់លេខ ១ ពិភពលោក នៅចុងឆ្នាំនេះជាមួយកីឡាករ Rafael Nadal ផងដែរ៕ AFP/SN