អាមេរិកៈ កីឡាករ​ប្រដាល់ Keith Thurman កាលពី​ថ្ងៃ​ពុធ​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ធ្វើឲ្យ​វីរបុរស​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ចូលនិវត្តន៍​អស់​ចិត្ត ខណៈ​គូប្រកួត​ទាំង​ ២ ​នេះ​បាន​ប្ដូរ​ពាក្យសម្ដី​គ្នា​ជាច្រើន​នៅ​មុន​ការប្រកួត​នៃ​ស្ថាប័ន​សមាគម​ប្រដាល់​ពិភពលោក (WBA) ក្នុង​ទម្ងន់​ក្រោម​មធ្យម (welterweight)​។

កីឡាករ​មិន​ធ្លាប់​ស្គាល់​ចាញ់ Thurman អាយុ​ ៣០ ​ឆ្នាំ​នឹង​ប្រកួត​ជាមួយ​កីឡាករ Pacquiao នៅ​ទីក្រុង​ឡាសវេហ្គា​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​ ២០ ខែ​កក្កដា​ដែល​ជា​ការប្រកួត​រវាង​កំពូល​ជើងឯក​ពិភពលោក​ប្រចាំ​ស្ថាប័ន WBA និង​ម្ចាស់​ជើងឯក​ពិភពលោក​រង​ប្រចាំ​ស្ថាប័ន​នេះ​ផង​ដែរ​។

កីឡាករ Thurman ដែល​មាន​ប្រវត្តិ​ប្រកួត​មិន​ធ្លាប់​ចាញ់ ឈ្នះ​ ២៩ ​លើក​ដោយ​ផ្ដួល​គូប្រកួត​ ២២ ​លើក​នេះ​បាន​សម្រាក​ការប្រកួត​រយៈពេល​ជិត​ ២ ​ឆ្នាំ​មក​ហើយ​មុន​ពេល​ប្រកួត​ឈ្នះ​កីឡាករ Josesito Lopez ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​ ២៦ ខែ​មករា​។

ម្ចាស់​ជើងឯក​ ៨ ​ស្ថាប័ន Pacquiao មាន​អាយុ​លើស​កីឡាករ​សញ្ជាតិ​អាមេរិក​រូបនេះ​ ១០ ​ឆ្នាំ​ហើយ​ការប្រកួត​ចុងក្រោយ​គឺ​ឈ្នះ​កីឡាករ Adrien Broner ដោយ​ឯកច្ឆន្ទ​កាលពី​ខែ​មករា​។

នៅពេល​កីឡាករ​ទាំង​ ២ ​នាក់​បាន​ជួប​គ្នា​នៅ​សន្និសីទ​កាសែត​ក្នុង​ក្រុង Beverly Hills សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​នោះ Thurman បាន​ប្ដេជ្ញាចិត្ត​ថា នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​នៃ​អាយុ​នេះ​។

Thurman បាន​និយាយ​ថា​៖ «​នេះ​គឺជា​ការប្រកួត​ចុងក្រោយ​របស់ Pacquiao ហើយ​ព្រោះ​ខ្ញុំ​នឹង​កម្ទេច​វីរភាព​របស់ Pacquiao នៅ​ថ្ងៃទី​ ២០ ខែ​កក្កដា ខាង​មុខ​នេះ​។ គាត់​មាន​អាជីព​ដ៏អស្ចារ្យ​ម្នាក់ និង​ជា​វីរជន​ម្នាក់​ផងដែរ​។ យើង​ទាំងអស់​គ្នា​ស្រឡាញ់​គាត់ និង​គោរព​គាត់ ហើយ​ខ្ញុំ​នឹង​គោរព​គាត់​ដោយ​ទាត់​គាត់​ឲ្យ​ចេញ​អាចម៍​តែម្ដង​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​នេះ​ជា​ការប្រកួត​ដ៏ធំ​មួយ​ ប៉ុន្តែ​វា​ជា​ការប្រកួត​ជាមួយ​មនុស្ស​តូច​ម្នាក់​។ ខ្ញុំ​ធ្លាប់​បាន​ផ្ដួល​កីឡាករ​ជើងចាស់​ជាច្រើន​មក​ហើយ​ក្នុង​អាជីព​របស់​ខ្ញុំ​ហើយ​ខ្ញុំ​គួរតែ​បាន​ផ្ដួល​គាត់​តាំងពី​ ៥ ​ឆ្នាំមុន​មក​ម៉្លេះ​»​។

ចំណែក Pacquiao ជា​អ្នក​នយោបាយ​ផង និង​អ្នក​ប្រដាល់​ផង​នេះ​បាន​សើច​ចំអក​នឹង​ការ​គំរាម​នេះ​ដោយ​និយាយ​ថា​៖ «​ខ្ញុំ​អាច​និយាយ​ថា​គូប្រកួត​ស្ទើរតែ​ទាំងអស់​តែងតែ​និយាយ​បែបនេះ​ដាក់​ខ្ញុំ ប៉ុន្តែ​នៅពេល​ឡើង​លើ​សង្វៀន​គឺ​អ្វីៗ​បាន​ផ្ទុយ​ពី​អ្វី​ការពិត​ព្រោះ​ខ្ញុំ​តែងតែ​ផ្ដួល​គេ​ដោយ​ងាយស្រួល ហើយ​យើង​នឹង​ដឹងថា តើ​អ្នកណា​ក្មេង​ជាង​អ្នកណា​ជា​មិន​នៅ​ថ្ងៃទី​ ២០ ខែ​កក្កដា ហើយ​ខ្ញុំ​មិន​ចូលចិត្ត​ការនិយាយ​ឥតប្រយោជន៍​នៅ​មុន​ពេល​ប្រកួត​ទេ​ប៉ុន្តែ​កណ្ដាប់ដៃ​ខ្ញុំ​នឹង​និយាយ​ជំនួស​ខ្ញុំ​»​។

គ្រូបង្គោល Pacquiao លោក Freddie Roach បាន​និយាយ​ថា​៖ «Pacquiao គឺជា​កីឡាករ​ល្អ​បំផុត​នៅក្នុង​ពិភពលោក​ព្រោះ​ក្រឹត្យក្រម​ការងារ​របស់​គាត់​គឺ​អស្ចារ្យ​ណាស់​។ យើង​បាន​សិក្សា​ពី​កីឡាករ Thurman រួចហើយ ហើយ​យើង​នឹង​យក​ឈ្នះ​គាត់​តាម​ផែនការ​កំណត់​»​។ SN