ក្រុងម៉ុមបៃ: បុរសសញ្ជាតិអាមេរិក Frances Tiafoe បានផ្លាស់ប្ដូរជីវិតឪពុកម្ដាយដែលជាជនអន្តោប្រវេសន៍របស់ខ្លួនខុសពីមុនទាំងស្រុង ដោយសារបានចាប់អាជីពជាកីឡាករវាយកូនបាល់ (តេន្នីស) ហើយកីឡាករ ដែលបានឆ្លងចូលវគ្គ ៨ នាក់ចុងក្រោយ ក្នុងកម្មវិធី Australian Open ឆ្នាំ ២០១៩ សង្ឃឹមថា ខ្លួនក៏អាចជួយជម្រុញទឹកចិត្តក្មេងៗស្បែកខ្មៅឲ្យចូលប្រឡូកកីឡានេះ កាន់តែច្រើនឡើងៗ។
កីឡាករ Tiafoe ដែលមានវ័យ ២២ ឆ្នាំ ចាប់កំណើតជាមួយឪពុកម្ដាយដែលជាជនអន្តោប្រវេសន៍ ដែលភៀសខ្លួនពីប្រទេសសៀរ៉ាឡេអូន ដោយឪពុករបស់គេធ្វើការជាឆ្មាំទ្វារនាមជ្ឈមណ្ឌលកីឡាតេន្នីសមួយកន្លែង ក្នុងក្រុងម៉ារីឡេន រីឯម្ដាយរបស់គេវិញ ត្រូវធ្វើការ ២ វេន ជាគិលានុបដ្ឋាយិកា ដើម្បីជួយគ្រួសារកាត់បន្ថយការចំណាយ។
កីឡាករ Tiafoe បានឡើងដល់លេខទី ២៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកកីឡាតេន្នីសផ្នែកបុរស ក្រោយពីមានលទ្ធភាពឆ្លងចូលដល់វគ្គ ៨ នាក់ចុងក្រោយ ក្នុងកម្មវិធីប្រកួតដណ្ដើមពានលំដាប់ Grand Slam ជាលើកដំបូង នាក្រុងមែលប៊ន កាលពីឆ្នាំមុន ហើយទទួលបានប្រាក់រង្វាន់ជិត ៣,៥ លានដុល្លារ។
កីឡាករ Tiafoe បានប្រាប់ក្នុងកម្មវិធី ATP Tour ថា៖ «ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ ដែលបារម្ភពីអ្នកគាំទ្រ និងជាមនុស្សម្នាក់ ដែលចង់បង្កើតឲ្យមានយ៉ាងពិតប្រាកដនូវកេរ្តិ៍ដំណែលដ៏មិនគួរឲ្យជឿមួយ។ គោលដៅរបស់ខ្ញុំ គឺចង់ជួយជនជាតិស្បែកខ្មៅឲ្យមកលេងកីឡាតេនី្នសឲ្យបានច្រើននៅទីបំផុត ហើយនិងគ្រាន់តែចង់ធ្វើជាគំរូល្អមួយរូបប៉ុណ្ណោះ»។
ក្រោយឡើងដល់វគ្គ ៨ នាក់ចុងក្រោយនៃកម្មវីធី Australian Open កីឡាករ Tiafoe បាននិយាយថា ខ្លួនបានសន្យាជាមួយឪពុកម្ដាយរបស់គេ កាលពី ១០ ឆ្នាំមុនថា ខ្លួននឹងផ្លាស់ប្ដូរជីវភាពក្រុមគ្រួសារឲ្យបាន ហើយបាននិយាយទៀតថា ខណៈត្រូវបោះចោលគ្រប់យ៉ាង ដើម្បីផ្ដោតលើកីឡាតេន្នីស កាលពីនៅក្មេង រូបគេចូលចិត្តការប្រកួតណាស់ ដែលមើលទៅហាក់ដូចជាមិនហត់នឿយទាល់តែសោះ៕ AFP/VN