ក្លិប​កីឡា​បាល់ទាត់​អង់គ្លេស Tottenham Hotspur នឹង​លេង​នៅ​លើ​ទឹកដី​សិង្ហបុរី​នៅ​ខែ​កក្កដា​ក្នុង​នាម​ជា​ផ្នែក​នៃ​ការត្រៀមខ្លួន​របស់​ពួកគេ​សម្រាប់​រដូវកាល​ឆ្នាំ​ ២០១៩-២០២០​។ នេះ​បើ​យោង​ទៅ​តាម​ការប្រកាស​របស់​ក្លិប​កាលពី​ថ្ងៃ​អង្គារ​។

ក្លិប Spurs បាន​ប្រកាស​នៅលើ​គេហទំព័រ​របស់​ខ្លួន​ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ក្នុង​ការប្រកាស​ថា​ក្រុម​ឈុត​ទី​ ១ ​នេះ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​សិង្ហបុរី និង​ស៊ាងហៃ​ក្នុង​នាម​ជា​ផ្នែក​នៃ​ការប្រកួត​មុន​បើក​រដូវកាល​របស់​យើង​នៅ​ខែ​កក្កដា​ដើម្បី​ត្រៀម​សម្រាប់​រដូវកាល​ឆ្នាំ​ ២០១៩-២០២០​។

ក្រុម​របស់​ក្របខ័ណ្ឌ Premier League មួយ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​សិង្ហបុរី​ជា​លើក​ចុងក្រោយ​ក្នុង​ឆ្នាំ​ ១៩៩៥ ដែល​នៅពេល​នោះ​ពួកគេ​បាន​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​។ Spurs ក៏​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ស៊ាងហៃ​ជា​លើក​ទី​ ១ ​ផង​ដែរ​អំឡុង​នៃ​ការត្រៀម​មុន​បើក​រដូវកាល​៕ IS