ក្រុងម៉ុនមែឡូ: Sebastian Vettel បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រូបគេ​គិត​ថា កីឡាករ Charles Leclerc ដែល​ជា​មិត្ត​រួម​ក្រុម​ថ្មី​នៃ​ក្រុម Ferrari របស់​គេ «​គឺជា​គូប្រជែង​ដ៏ធំ​មួយ​» ខណៈ​ដែល​កីឡាករ​ប្រណាំង​រថយន្ត​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ត្រៀម​សម្រាប់​ការដណ្តើម​យក​ពាន​ពិភពលោក​របស់ Formula One ជា​លើក​ទី​ ៥​។

កីឡាករ Leclerc របស់​ម៉ូណាកូ​បាន​ក្លាយ​ជា​អ្នកបើកបរ​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​នៅ​ថ្ងៃ​ទី​ ២ នៃ​ការសាកល្បង​មុន​បើក​រដូវកាល​ក្នុង​ទីក្រុង Barcelona តាមរយៈ​ការនាំ​មុខ​ ០,១ ​វិនាទី​លើ​ថិរវេលា​នាំមុខ​របស់ Vettel ក្នុង​រយៈពេល​ ២៤ ​ម៉ោង​មុន​នេះ​។

Vettel នឹង​ឈាន​ទៅ​ប្រកួត​ក្នុង​រដូវកាល​ទី​ ៥ ​របស់​គេ​ជាមួយ​នឹង​ក្រុម Ferrari ចាប់​តាំងពី​ចាកចេញ​ពី​ក្រុម Red Bull កាលពី​ឆ្នាំ​ ២០១៤ ក្រោយពី​បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​​ ២ ពីក្រោយ​កីឡាករ Lewis Hamilton ក្នុង​រយៈពេល​ទាំង​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​។

Leclerc វ័យ​ ២១ ​ឆ្នាំ​បាន​ចូល​ជំនួស​កន្លែង​របស់​កីឡាករ Kimi Raikkonen ក្នុង​ក្រុម​ផ្នែក​ផលិត​រថយន្ត​របស់​អ៊ីតាលី​មួយ​នេះ​ក្រោយពី​រក​បាន​ ១០ ​ពិន្ទុ​ក្នុង​រដូវកាល​ទី​ ១ ​របស់​គេ​ជាមួយ​នឹង​ក្រុម Sauber​។ Vettel បាន​ឲ្យ​ដឹងថា​៖ «​ពិតណាស់ Leclerc គឺជា​គូប្រជែង​ដ៏ខ្លាំង​ម្នាក់​។ ខ្ញុំ​គិត​ថា​រូបគេ​កំពុង​តែ​ស្ថិត​ក្នុង​ទីតាំង​នោះ ហើយ​ខ្ញុំ​ត្រូវ​តែ​ចាត់ទុក​រូបគេ​ជា​គូប្រកួត​ម្នាក់​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា យើង​តែងតែ​មាន​ការប្រជែង​យ៉ាង​ប្រកៀកប្រកិត​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​របស់​យើង ហើយ​គោលដៅ​ទី​ ១ ​ជា​អាទិភាព​គឺ​ការជួយ​ឲ្យ​ក្រុម​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​»​។

អតីត​ម្ចាស់​ជើងឯក​ពិភពលោក​រូបនេះ​បាន​ប្រាប់​បន្ត​ថា​៖ «​ខ្ញុំ​មាន​បទពិសោធ​ក្នុង​ការប្រណាំង​រយៈពេល​យូរ​ជាង​បើ​ធៀប​ទៅ​នឹង​រូបគេ ហេតុ​នេះ​វា​គឺជា​រឿង​​លំបាក ប្រសិន​បើ​រូបគេ​ធ្វើ​បាន​ល្អ​នៅ​ថ្ងៃ​ចាប់ផ្តើម​។ ខ្ញុំ​ជឿជាក់​ថា​គេ​នឹង​មាន​ល្បឿន​លឿន​គ្រប់គ្រាន់ និង​ធ្វើឲ្យ​ខ្ញុំ​ស្ថិត​ក្រោម​សម្ពាធ ហេតុនេះ​យើង​នឹង​រង់​ចាំមើល​»​។

Vettel បាន​ចាប់ផ្តើម​យ៉ាងល្អ​ក្នុង​យុទ្ធនាការ​ឆ្នាំ​ ២០១៨ ​របស់​គេ​នៅ​មុន​ពេល​ការប្រព្រឹត្ត​កំហុស​ដោយ​ខ្លួនឯង និង​ក្រុម​បច្ចេកទេស​បាន​ធ្វើឲ្យ​រូបគេ​ចាញ់​ក្នុង​ការប្រណាំង​ជាមួយ​នឹង​កីឡាករ Hamilton របស់​ក្រុម Mercedes ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ ៥ ​សម័យកាល​តាមរយៈ​ការនាំ​មុខ​ ៨៨ ​ពិន្ទុ​។ ប៉ុន្តែ​រូបគេ​នៅ​តែ​មាន​ការជឿជាក់​ថា​ក្រុម Ferrari អាច​ឈ្នះ​ពាន​ផ្នែក​បើកបរ​ជា​លើក​ទី​ ១ ​របស់​ពួកគេ បើ​គិត​ចាប់​ពី​ការទទួល​ជ័យជម្នះ​របស់​កីឡាករ Raikkonen កាលពី​ឆ្នាំ​ ២០០៧​។

Vettel វ័យ​ ៣១ ​ឆ្នាំ​ដែល​បាន​ឈ្នះ​ពាន​ជើងឯក​ពិភពលោក ៤ ឆ្នាំ​ជាប់ៗ​គ្នា​ជាមួយ​នឹង​ក្រុម Red Bull ចាប់ពី​ឆ្នាំ​ ២០១០ ដល់​ ២០១៣ ​នោះ​បាន​បន្ថែម​ថា​៖ «​ពិតណាស់ យើង​គួរ​តែ​ធ្វើឲ្យ​បាន​ល្អ​ប្រសើរ ហើយ​យើង​បាន​ខិត​កាន់​តែ​ឆ្ងាយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​នេះ​។ ប៉ុន្តែ​សរុប​មក​ក្រុម​នេះ​កំពុង​តែ​អភិវឌ្ឍ​»៕ IS