ក្រុង​ម៉ាកសីយ៍៖ លោក Andre Villas-Boas នឹង​ចាប់​ផ្ដើម​​ធ្វើ​ជាគ្រូ​បង្វឹក​ក្រុម Olympique de Marseille (OM) ជា​ថ្មី​ម្ដង​ទៀត នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លិប​នៅ​បារាំង​មួយ​នេះ កាល​ពី​ថ្ងៃ​ចន្ទ បើ​ទោះ​ជា​មាន​សេចក្ដី​រាយការណ៍​យ៉ាង​ច្រើន​ពី​បុរស​ព័រទុយហ្គាល់​រូប​នេះ ប្រុង​នឹង​ចាក​ចេញ​ក្រោយ​ធ្វើ​តួនាទី​​​នេះ​បាន​រយៈពេល ​១ ឆ្នាំ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្លិប​ Marseille បាន​ប្រាប់​ AFP ថា​៖ «​ក្រោយ​ពី​មាន​ការ​ជជែក​ពិភាក្សា​ប៉ុន្មាន​ថ្ងៃ​នេះ ជាមួយ​លោក Frank McCourt និង លោក Jacques-Henri Eyraud រួច​មក លោក Andre Villas-Boas អះអាង​ថា​ លោក​បន្ត​ការងារ​ជាមួយ OM រដូវកាល​ក្រោយ​ទៀត​»​។

សប្តាហ៍​មុន ក្រុម Marseille បាន​ស្នើ​ឲ្យ​លោក Villas-Boas បន្ត​កុង​ត្រា​រយៈពេល ​២ ឆ្នាំ​ទៀត លើ​កិច្ច​សន្យា​របស់​លោក ដែល​មាន​ស្រាប់​រហូត​ដល់​ចុង​រដូវ​កាល​ក្រោយ នៅ​ពេល​​មាន​ភាព​មិន​ច្បាស់​លាស់​កាន់​តែ​ច្រើន​ឡើង​ ចំពោះ​​អនាគត​របស់​គាត់ ជាមួយ​​ក្លិប​បន្ទាប់​ពី​មាន​ការ​ចាកចេញ​របស់​ជំនួយ​ការ​លោក​ និង​នាយក​កីឡា​ លោក Andoni Zubizarreta។

បុរស​មាន​វ័យ ​៤២ ​ឆ្នាំ លោក Villas-Boas បាន​ដឹកនាំ​ក្រុម​អតីត​ម្ចាស់​ជើងឯក​អឺរ៉ុប Marseille ឲ្យ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី២ ពី​ក្រោយ​ក្រុម Paris Saint-Germain ក្នុង​តារាង​ក្របខ័ណ្ឌ Ligue 1 ដែល​ត្រូវ​បាន​ប្រកាស​បញ្ចប់​នៅ​មុន​នេះ ដោយសារ​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូណា​។ ដូច្នេះ ​Marseille ដែល​មាន​លោក​មហាសេដ្ឋី​សញ្ជាតិ​អាមេរិក Frank McCourt ជា​ម្ចាស់​នោះ ត្រូវ​​រៀបចំ​ត្រៀម​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​​អឺរ៉ុប Champions League រដូវកាល​ក្រោយ ដែល​ជា​លើក​ដំបូង​ តាំង​ពី​រដូវកាល ២០១៣-២០១៤ មក​។ ​

អតីត​អ្នក​ដឹកនាំ​ក្រុម Porto, Chelsea និង Tottenham Hotspur រូប​នេះ បាន​បង្ហាញ​នូវ​ការ​បារម្ភ​អំពី​លទ្ធភាព​របស់​ក្លិប ក្នុង​ការ​ហ៊ាន​ទិញ​កីឡាករ​ថ្មី​ល្អ​ៗ រដូវ​កាល​ក្រោយ ហើយ​​​ការ​អះអាង​ថា​​ លោក Villas-Boas ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ នឹង​នៅ​តែ​ធ្វើ​តួនាទី​របស់​ខ្លួន​ កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ក្រុម​អ្នក​គាំទ្រ​បាន​ធ្វើ​ការ​រិះគន់​ចំពោះ​ក្រុម​ប្រឹក្សា ​ពី​អ្វី​ដែល​ពួក​គេ​ហៅ​ថា៖ «​ឆ្នាំ​គ្រប់គ្រង​ឥត​ប្រយោជន៍​»​។​

អ្នក​គាំទ្រ​រិះគន់​ចំពោះ​វិធី​សង​ត្រឡប់​ទៅ​អ្នក​ទិញ​សំបុត្រ​ ដែល​មិន​មាន​ការ​ប្រកួត​មើល ក្រោយ​រដូវ​កាល​ ត្រូវ​​បញ្ចប់​មុន​ពេល​កំណត់ ហើយ​ជម្រើស​មួយ​ ដែល​ក្លិប​លើក​ឡើង គឺ​សុំ​​ឲ្យ​ម្ចាស់​សំបុត្រ​ទាំង​អស់​ហ្នឹង កុំ​យក​សំណង​អី ​ដោយ​ព្រម​បរិច្ចាគ​លុយ​ហ្នឹង ដើម្បី​ជួយ​សង្គ្រោះ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្លិប​ជំនួស​វិញ​។​

អ្នក​គាំទ្រ​សរសេរ​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថា​៖ «​វា​ហាក់​ដូច​ជា​សម​ហេតុផល​សម្រាប់​យើង​ពី ​១ ​ខែ​មុន ក្នុង​ការ​ផ្តល់​ប្រាក់​នេះ​ ដើម្បី​ជួយ​ក្លិប​ក្នុង​អំឡុង​​ពេល​ដ៏​លំបាក​នេះ​។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​របាយការណ៍​តាំង​ពី​ពេល​នោះ​មក​នាំ​ឲ្យ​មាន​​សំណួរ​ចំពោះ​បញ្ហា​នេះ​។ ​ច្បាស់​ណាស់​ យើង​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ព្រោះ​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ច្រើន​ឆ្នាំ»​។

សេចក្ដី​ថ្លែងការណ៍​រួម​​នេះ ​​​បន្ត​ថា៖ ​«​ជា​ការ​ងាយ​ស្រួល​ ដែល​​សុំ​ជំនួយ​ពី​អ្នក​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ខណៈ​​ប្រធាន​គ្មាន​លទ្ធភាព​​ពិនិត្យ​មើល​មនុស្ស​ក្នុង​បន្ទប់​​សម្លៀក​បំពាក់​ ដែល​​ទារ​ប្រាក់​ខែ​ខ្ពស់​»​៕ AFP/VN