ក្រុង​​លូសាន៖ លោក Arsene Wenger ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ប្រធាន​​អភិវឌ្ឍន៍​បាល់ទាត់​ពិភព​លោក​របស់​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ ហៅ​កាត់​ FIFA។​

លោក​ Wenger អាយុ ​៧០ ​ឆ្នាំ ​បាន​ចំណាយ​ពេល ​២២ ​ឆ្នាំ​ក្នុង​ការ​ដឹក​នាំ​ក្លិប Arsenal រហូត​ដល់​ឆ្នាំ ​២០១៨​ និង​ត្រូវ​បាន​ទាក់ទង​ឲ្យ​កាន់​តំណែង​គ្រប់គ្រង​នៅ​ក្លិប​​ Bayern Munich ក្នុង​​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ​ប៉ុន្តែ​ផ្ទុយ​មក​វិញ​ គាត់​បាន​សម្រេច​ចិត្ត​​យក​តួនាទី​ថ្មី​មួយ​ជាមួយ​ស្ថាប័ន​​បាល់​ទាត់​ពិភព​លោក​មួយ​​នេះ​ទៅ​វិញ​​។​​

ក្នុង​អំឡុង​ពេល​គាត់​ស្ថិត​នៅ​ក្នុង​​ក្រុម​កាំភ្លើង​ធំ​ Arsenal​ ​លោក​ Wenger​ ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​អ្នក​ចាត់​ការ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ពិភព​លោក​ និង​បាន​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ​ Premier League ​ចំនួន​ ៣ ​លើក ​រួម​ជាមួយ​ពាន​រង្វាន់​ FA ​Cup​ ចំនួន​ ៧ ​ដង​ផង​ដែរ​។

បុរស​សញ្ជាតិ​បារាំង​រូប​នេះ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ដ៏​អស្ចារ្យ​​ចំពោះ​ទម្រង់​លេង​​គិត​ឆ្ពោះ​ទៅ​មុខ​ និង​​ការ​អភិវឌ្ឍ​កីឡាករ​វ័យ​ក្មេង​ ហើយ​ក្នុង​តំណែង​ថ្មី​នេះ​ លោក ​Wenger​ នឹង​មាន​ភារកិច្ច ​«​ជំរុញ​កំណើន​» ​សម្រាប់​បាល់ទាត់​បុរស​ និង​នារី​នៅ​ទូទាំង​ពិភព​លោក​។​

សហព័ន្ធ​ FIFA បាន​​និយាយ​ថា​ លោក​ Wenger​ ក៏​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា ​«​អាជ្ញាធរ​ឈាន​មុខ​គេ​​លើ​បញ្ហា​បច្ចេកទេស​» ​ក្នុង​នាម​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រឹក្សា​បាល់ទាត់ ​និង​បច្ចេកទេស​ដោយ​ចូលរួម​ក្នុង​ដំណើរការ​​សម្រេច​ចិត្ត​នៃ​ការ​ផ្លាស់ប្តូរ​ច្បាប់​ជា​សក្តានុពល​នៅ​ក្នុង​វិស័យ​កីឡា​នេះ​។

តួនាទី​របស់​លោក​ Wenger​ ភាគ​ច្រើន​គឺ​ពាក់ព័ន្ធ​នឹង​ការ​ផ្តោត​​លើ​​ការ​អប់រំ​បង្វឹក​ និង​កម្មវិធី​មួយ​ទៀត​ដែល​គ្រោង​នឹង​លើក​ទឹក​ចិត្ត​អតីត​កីឡាករ​ឲ្យ​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លិប​ពេល​ពួក​គេ​ចូល​និវត្តន៍​​។

អតីត​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ទាក់ទង​នឹង​ការ​តែងតាំង​នេះ​ថា៖ «​ខ្ញុំ​ទន្ទឹង​រង់ចាំ​ទទួល​យក​បទ​ពិសោធ​សំខាន់​​មួយ​នេះ​មិន​ត្រឹម​តែ​ដោយសារ​ខ្ញុំ​តែងតែ​ចាប់​អារម្មណ៍​ក្នុង​ការ​វិភាគ​បាល់ទាត់​ពី​ទស្សនៈ​ទូលំទូលាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ដោយសារ​បេសកកម្ម​របស់​សហព័ន្ធ​ FIFA ក្នុង​នាម​ជា​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភព​លោក​ផង​ដែរ​។

លោក​ Wenger បាន​និយាយ​ថា៖ «​ខ្ញុំ​ជឿ​ថា​ ​សហព័ន្ធ​ FIFA ថ្មី​ដែល​យើង​បាន​ឃើញ​លេច​ធ្លោ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​​​ បាន​គិត​គូរ​ពី​​វិស័យ​បាល់ទាត់​យ៉ាង​ខ្លាំង​​ ​និង​បាន​​ប្ដេជ្ញា​ចិត្ត​អភិវឌ្ឍ​ការ​ប្រកួត​ក្នុង ​គូ​ប្រជែង​ផ្សេងៗ​ជា​ច្រើន​។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​បន្ត​​តួនាទី​នេះ​ និង​លះបង់​កម្លាំង​កាយ​ចិត្ត​ចំពោះ​តួនាទី​នេះ​​ផង​ដែរ​»។​​

ប្រធាន​សហព័ន្ធ FIFA គឺ​លោក Gianni Infantino ជឿជាក់​ថា បទពិសោធ​របស់​លោក Wenger នឹង​ធ្វើ​ឲ្យ​គាត់​មាន​គំនិត​ភ្លឺ​ស្វាង​បំផុត​ក្នុង​វិស័យ​កីឡា​ និង​ជឿ​ទៀត​ថា ការ​តែងតាំង​នេះ ​គឺ​ជា​ភ័ស្តុតាង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​​របស់​ស្ថាប័ន​នេះ​ចំពោះ​បាល់​ទាត់ ​ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស​ជា​ច្រើន​ឆ្នាំ​មក​នេះ​។​

លោក Infantino បាន​និយាយ​ថា៖ «​ចំណេះ​ដឹង ​និង​ឆន្ទៈ​​ជ្រាលជ្រៅ​របស់​លោក Arsene Wenger ចំពោះ​ទិដ្ឋភាព​នៃ​ការ​ប្រកួត​កីឡា​របស់​យើង​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​បុគ្គលិក​លក្ខណៈ​គួរ​ឲ្យ​គោរព​បំផុត​ក្នុង​វិស័យ​បាល់​ទាត់​»។

ប្រធាន​សហព័ន្ធ​ FIFA រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពេញ​ចិត្ត​នឹង​ស្វាគមន៍​គាត់​មក​កាន់​ក្រុម​នេះ​ ហើយ​តាំង​ពី​ខ្ញុំ​មក​គ្រប់គ្រង​ FIFA យើង​បាន​ដាក់​បាល់​ទាត់​ជា​ចំណុច​ស្នូល​នៃ​បេសកកម្ម​របស់​យើង ​ដោយ​ខិតខំ​រៀន​សូត្រ​ពី​អ្នក​ដែល​មាន​បទពិសោធន៍​ស៊ី​ជម្រៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ​»​៕ AFP/SN