ក្រុងឡុងដ៍: លោក Arsene Wenger ដែលជា​អ្នកចាត់ការ​ទូទៅ​របស់ Arsenal នឹង​មាន​ក្លិប​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ជួល​សេវាកម្ម​របស់​លោក ក្រោយ​ពី​គ្រូ​បង្វឹក​រូប​នេះ ចាក​ចេញ​ពី​ក្រុម​កាំ​ភ្លើង​ធំ។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក David Dein អតីត​អនុប្រធាន​ក្លិប​របស់​ក្របខ័ណ្ឌ Premier League។

លោក Dein គឹជា​អ្នក​ដែល​បាន​ជួល​លោក Wenger ឲ្យ​ដឹកនាំ Arsenal កាលពី​ឆ្នាំ ១៩៩៦ ហើយ​ក្រោយ​ពី​ការ​ដឹក​នាំ​អស់​រយៈពេល​ច្រើន​ជាង ២ ទសវត្សរ៍ គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ បាន​ប្រកាស​ថា លោក​នឹង​លា​លែង​ពី​តំណែង​របស់​លោក​នៅ​ចុង​រដូវកាល​នេះ។

លោក Dein បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «លោក​នឹង​ឈានចូល​វ័យ ៦៩ ឆ្នាំ នៅ​ខែ​តុលា ហើយ​លោក​នឹង​មាន​ភាព​ស័ក្តិសម​ដ៏​អស្ចារ្យ។ លោក​មាន​ស្មារតី​ដ៏​រស់​រវើក និង​មាន​ចំណេះ​ដឹង​ដ៏​អស្ចារ្យ​ក្នុង​កីឡា​មួយ​នេះ»។

លោក Dein បាន​បន្ថែមទៀតថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​ដឹងថា គាត់​ត្រូវ​ផ្តល់​សំណើ​ដោយ​ក្លិប​ធំៗ​ជា​ច្រើន​ក្នុង​ពិភពលោក។ ខ្ញុំ​គិត​ថា ក្លិប Real Madrid, Paris St Germain និង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស សុទ្ធ​សឹង​ចង់​បាន​រូប​លោក​ក្នុង​ដំណាក់​កាល​ណា​មួយ។ វា​នឹង​មាន​ការ​ផ្តល់​សំណើ​ការងារ​ជា​ច្រើន»។

លោក Wenger វ័យ ៦៨ ឆ្នាំ បាន​ដឹកនាំ​ឲ្យ​ក្រុម Arsenal ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ចំនួន ៣ លើក និង​ពាន FA Cup ចំនួន ៧ លើក ប៉ុន្តែ Arsenal បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៦ នៅ​លើ​តារាង​លីក នៅ​រដូវកាល​នេះ។

លោក Dein នៅតែ​ជឿជាក់ថា លោក Wenger គឺជា​អ្នក​ចាត់ការ​ទូទៅ​ដ៏​អស្ចារ្យ​បំផុត​របស់​ក្រុម Arsenal។ លោក Dein បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​ការ​កោត​សរសើរ​ដ៏​ស័ក្តិ​សម​ពី​សំណាក់​លោក Richard Scudamore ប្រធាន​ក្របខ័ណ្ឌ Premier League កាល​ពី​ដើម​សប្តាហ៍​នេះ។ កេរ​ដំណែល​របស់​លោក​មិន​មែន​សម្រាប់​តែ Arsenal ឡើយ៕