ក្រុង​ឡុងដ៍: ខ្សែ​បម្រើ​ស្លាប Willian របស់​ក្លិប Chelsea បាន​ទទួល​ស្គាល់​ថា វា​នឹង​គ្មាន «ឱកាស​ឡើយ» ដែល​រូប​គេ​នឹង​នៅ​តែ​បន្ត​នៅ​ក្នុង​ក្លិប​នេះ ប្រសិន​បើ​​អតីត​អ្នក​ចាត់​ការ​ទូទៅ​លោក Antonio Conte មិន​ត្រូវ​បាន​ជំនួស​ដោយ​លោក Maurizio Sarri កាលពី​​ខែមុន​ទេ​នោះ​។

លោក Conte ត្រូវ​បាន​បណ្តេញ​ចេញ​ត្រឹម​តែ​រយៈ​​ពេល​ ​៤​​ សប្តាហ៍ នៅ​មុន​ពេល​ចាប់​ផ្តើម​រដូវ​កាល​នេះ បើ​ទោះ​បី​បាន​ឈ្នះ​ពាន Premier League ក្នុង​រដូវ​កាល​ទី​១​របស់​លោក និង​ពាន FA Cup កាល​ពី​រដូវកាល​មុន​ក៏ដោយ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គ្រូបង្វឹក​សញ្ជាតិ​​​អ៊ី​តាលី​រូបនេះ បាន​ទទួល​ឥទ្ធិ​ពល​អាក្រក់​ពី​ការ​មិន​ចុះ​សម្រុង​ជា​មួយ​នឹង​កីឡាករ​​ជាច្រើន និង​មិន​អាច​ដឹកនាំ​ឲ្យ​ក្រុម​ខ្លួន​ឈ្នះ​កៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​ពេល​ដែល​​លោក​ត្រូវ​បាន​បណ្តេញ​ចេញ ក្រោយពី​ពាក្យ​ចរ​ចាម​អា​រ៉ាម​ជាច្រើន​ជុំ​វិញ​អនា​គត​​របស់​លោក​។

ខ្សែ​បម្រើ Willian (ឆ្វេង) ដណ្តើម​បាល់​ជា​មួយនឹង​ខ្សែ​ការ​ពារ Kyle Walker (ស្តាំ) របស់​ក្រុម Manchester City​។ AFP

Willian ក៏​ត្រូវ​បាន​ទាក់​ទង​ជា​មួយ​នឹង​ការ​ផ្ទេរ​ចេញពី​កីឡដ្ឋាន​ Stamford Bridge ខណៈ​ដែល​ក្លិប Chelsea បាន​ច្រាន​ចោល​សំណើ​ដេញថ្លៃ​មួយ​ពី​សំណាក់​ក្លិប Barcelona ក្នុង​រដូវកាលនេះ​​។

ប៉ុន្តែ រូប​​គេ​នឹង​ត្រូវ​បន្ត​នៅ​​ក្នុង​ទីក្រុង​ឡុងដ៍ ខណៈ​ដែល​​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​​សម្រាប់​ក្លិប​ស្ថិត​ក្នុង​​ក្រប​ខ័ណ្ឌ Premier League បច្ចុប្បន្ន​បាន​បិទ​រួច​ជាស្រេច ដែល​មាន​ន័យ​ថា Chelsea ​ប្រហែល​ជា​មិន​​​ទទួល​សំណើ​ណា​មួយ​ពី​ក្លិប​​នៅ​ក្រៅ​ប្រទេស​ឡើយ​។

នៅ​ពេល​ដែល​ត្រូវ​បាន​​ចោទ​សួរ​ថា រូប​គេ​នៅ​តែ​ស្ថិ​តក្នុង​ក្លិប​នេះ ឬ​យ៉ាង​ណា ប្រសិន​បើ​លោក Conte នៅ​តែ​បន្ត​ដឹក​​នាំ ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ​បាន​ប្រាប់​ទូរ​ទស្សន៍ ESPN ថា៖ «គ្មាន​ឱកាស​នោះ​ឡើយ​»​៕ IS