ក្រុង​ប៉ារីសៈ កីឡាករ​បាល់​ឱប​ Akihito Yamada បាន​និយាយ​​ពី​ថ្ងៃ​ចន្ទ​ថា រូប​គេ​នៅ​តែ​ផ្ដោត​លើ​ការ​ឈ្នះ​ពាន​បាល់​ឱប​ពិភព​លោក ​(Rugby World Cup) សម្រាប់​ជម្រើស​ជាតិ​ជប៉ុន​ក្រោយ​ពី​ទៅ​ចូលរួម​នឹង​ក្លិប​បាល់​ឱប​បារាំង​ Lyon ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​

កីឡាករ​ Yamada អាយុ ​៣៤ ​ឆ្នាំ ​ដែល​បាន​ចាប់​ផ្ដើម​នាំ​ជ័យជម្នះ​ឲ្យ​ជម្រើស​ជាតិ​របស់​ខ្លួន​ដោយ​ឈ្នះ​ជម្រើស​ជាតិ​អាហ្វ្រិកក​ខាង​ត្បូង​ក្នុង​ការ​ប្រកួត​ពី ​៤ ​ឆ្នាំ​មុន​​នោះ ​​បាន​ចុះ​កុងត្រា​​ជាមួយ​ក្រុម​ Lyon ​ពី​ខែ​សីហា​​ សម្រាប់​រយៈពេល​បណ្ដោះអាសន្ន ​២ ​ខែ​​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​​

កីឡាករ​លេង​អន្តរជាតិ ​២៥ ​លើក​រូប​នេះ​បាន​និយាយ​ថា រូប​គេ​បាន​និយាយ​ជាមួយ​បុគ្គលិក​​បង្វឹក​ដែល​ដឹកនាំ​ដោយ​អតីត​ក្រុម​ជម្រើសជាតិ​នូវែល​សេឡង់​លោក Jamie Joseph។​

កីឡាករ​រូប​នេះ​បាន​ប្រាប់​ AFP ថា៖ «​ខ្ញុំ​កំពុង​ព្យាយាម​ត្រឡប់​ទៅ​ចូលរួម​នឹង​ជម្រើសជាតិ​ជប៉ុន​វិញ​សម្រាប់​ព្រឹត្តិការណ៍​ World Cup ហើយ​ខ្ញុំ​ត្រូវ​តែ​ខំ​ប្រឹង​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​»។​

កីឡាករ Yamada បាន​បន្ថែម​ថា៖ «​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ទទួល​បាន​អ្វី​សមរម្យ​ក្រែងលោ​មាន​ការ​ហៅ​​ឲ្យ​ចូល​លេង​ក្នុង​ ការ​ប្រកួត​ World Cup ហើយ​ ប្រសិន​បើ​មាន​របួស​ ខ្ញុំ​បាន​ប្រាប់​គេ​ថា សូម​ហៅ​ខ្ញុំ»។​

កីឡាករ​រូប​នេះ​បាន​និយាយ​ថា រូប​គេ​សង្ឃឹម​ថា ការ​ឈ្នះ​នៅ​នាទី​ចុង​ក្រោយ​ទៅ​លើ​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ ​២០១៥​ នឹង​ជួយ​ឲ្យ​ក្រុម​បច្ចុប្បន្ន​ល្អ​»។​

កីឡាករ​ Yamada បាន​បន្ត​ថា​៖ «​វា​ជា​បទពិសោធ​អស្ចារ្យ​មួយ​ក្នុង​នាម​ជា​កីឡាករ​បាល់ឱប​ម្នាក់​ ហើយ​ខ្ញុំ​មាន​សំណាង​ដែល​បាន​នៅ​ទី​នេះ​។ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​វិញ វា​ជា​ថ្ងៃ​អស្ចារ្យ​មួយ​ដែល​យើង​ត្រូវ​ប្រើ​បទពិសោធ​ទាំង​អស់​សម្រាប់​ជ័យ​ជម្នះ​ World Cup នៅ​ឆ្នាំ ​២០១៩ ​នេះ»។​​

Yamada គឺ​ជា​កីឡាករ​ជម្រើស​​ជាតិ​ជប៉ុន​លើក​ទី​២ ​ដែល​បាន​ចូលរួម​នឹង​ក្រុម​បាល់ឱប​មួយ​នៅ​ប្រទេស ​បារាំង ​នៅ​មុន​ពេល​រដូវកាល​ Top ១៤​ ថ្មី​ចូល​មក​ដល់​ ក្រោយ​ពី​​កីឡាករ​ Takeshi Hino ត្រូវ​បាន​ផ្ដល់​​ការ​សាកល្បង​ដោយ​ម្ចាស់​ជើងឯក​នៅ​​ក្រុង​ Toulouse នេះ​។

កីឡាករ Yamada ដែល​រក​បាន ​១៩ ​គ្រាប់ ​ក្នុង​អាជីព​​បាល់ឱប​នោះ​ ​​​បាន​និយាយ​ថា រូប​គេ​នឹង​ស្ថិត​នៅ​ជា​មួយ​ក្លិប Lyon ឲ្យ​បាន​យូរ​​ ប្រសិន​បើ​រូប​គេ​មិន​ជាប់​ឈ្មោះ​ទៅ​លេង​ World Cup ទេ​នោះ​។​

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «​វា​ជា​ឱកាស​អស្ចារ្យ​ណាស់​ដែល​ឆ្លង​កាត់​អាស៊ី​មក​ចូល​រួម​ក្លិប​ធំ​នៅ​ទី​នេះ​ ហើយ​ខ្ញុំ​នឹង​ស្ថិត​នៅ​ទី​នេះ​ឲ្យ​បាន​យូរ​ក្នុង​រដូវកាល​នេះ​ព្រោះ​រដូវកាល​ជប៉ុន​នឹង​ចាប់​ផ្ដើម​នៅ​ខែ ​មករា​ ឆ្នាំ ​២០២០ ​ដូច្នេះ​ហើយ​​ខ្ញុំ​មាន​ពេល​គ្រប់គ្រាន់​»៕​ AFP/SN​​