ក្រុងម៉ាឌ្រីដ: លោក Zinedine Zidane អះអាងថា កូនក្រុមនៅជឿជាក់លើរូបលោក ទោះជាក្រុមអធិរាជស Real Madrid (Real) រងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងរបស់ Alcoyano ក្រុមលេងនៅលីគលំដាប់ទី ៣ ហើយធ្លាក់ចេញពីការប្រកួតប្រជែងពានកម្មវិធី Copa del Rey កាលពីយប់ថ្ងៃពុធ។
ជារឿងនឹកស្មានមិនដល់ សម្រាប់ប្រកួតជុំទី ៣ នៃពានលំដាប់ទី ២ របស់អេស្ប៉ាញនេះដោយសារក្រុមជើងឯកក្របខ័ណ្ឌ La Liga ដូច Real បែរជាចាញ់ Alcoyano ២-១ ទាំងដែលខ្លួនមានគ្រាប់បាល់នាំមុខមុន ហើយសំខាន់ ក្រុមគូបដិបក្ខមានគ្នាតិចជាងម្នាក់ទៀតផង ក្រោយកីឡាករ Ramon Lopez ត្រូវបណ្ដេញចេញនៅនាទីទី ១០៩ ។
ក្រោយទទួលបានលទ្ធផលនេះធ្វើឱ្យក្រុម Real ពេលនេះ ឈ្នះតែម្ដងគត់ ក្នុងចំណោម ៥ ប្រកួតចុងក្រោយ ខណៈការបរាជ័យដ៏ចម្លែកនេះកំពុងបន្ថែមសម្ពាធចំពោះលោក Zidane ខ្លាំងឡើងៗ។
ពេលត្រូវបានសួរថា តើគាត់នៅទទួលបានការគាំទ្រពីកូនក្រុមដែរឬយ៉ាងណា? លោក Zidane ឆ្លើយថា៖ «មែន ខ្ញុំមានជំនឿបែបហ្នឹង តែអ្នកត្រូវទៅសួរពួកគេ។ យើងសម្រេចបានកិច្ចការល្អៗជាច្រើន រដូវកាលនេះលើកលែង ៤ ប្រកួតចុងក្រោយ។ យើងនៅមានការប្រកួតនៅក្របខ័ណ្ឌ La Liga និង Champions League ហើយយើងត្រូវប្រឹងបន្ត»។
យ៉ាងណា លោក Zidane ក៏ទទួលថា លោកជាអ្នកទទួលខុសត្រូវចំពោះលទ្ធផលនេះដោយអ្នកចាត់ការសញ្ជាតិបារាំងលើកឡើងថា៖ «ខ្ញុំជាគ្រូបង្វឹក ដូច្នេះ ជាកំហុសរបស់ខ្ញុំ។ ខ្ញុំជាអ្នកទទួលខុសត្រូវ។ កីឡាកររបស់ខ្ញុំបានប្រឹងប្រែងខ្លាំងណាស់ តែយើងធ្លាក់»។
លោក Zidane ធ្វើការកែប្រែសម្រាប់កីឡាករ ១១ នាក់ដំបូង តែក្រុមដែលរួមមានកីឡាករដូចជា Marcelo, Isco, Casemiro និង Vinicius Junior គ្មានលទ្ធភាពគ្រប់គ្រាន់បំបាក់ Alcoyano ដែលឈរលេខ ៤ ក្នុងតារាងក្របខ័ណ្ឌ Segunda B។
កីឡាករ Eder Militao តែតឱ្យ Real នាំមុខ នាទីទី ៤៥ តែ Jose Solbes ជួយឱ្យ Alcoyano តាមស្មើ នាទីទី ៨០។ ការប្រកួត ៩០ នាទីបញ្ចប់ទៅក្នុងលទ្ធផល ១-១ ដូច្នេះត្រូវបន្ថែមម៉ោងពិសេស ១៥ នាទី ២ ដង ហើយ Juanan ជាអ្នកទម្លាក់ក្រុមលោក Zidane ពីកម្មវិធីនេះជាមួយនឹងគ្រាប់បាល់ជ័យជម្នះចុងក្រោយនៅនាទីទី ១១៥៕ VN