ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​កម្ពុជា (ខៀវ) បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ ម្សិលមិញ ខណៈ​ការ​ប្រកួត​នេះ មាន​អ្នក​ទស្សនា​ផ្ទាល់​រាប់​ម៉ឺន​នាក់ បាន​ចូលរួម​លើក​ទឹក​ចិត្ត។

តាមរយៈ​ការប្រកួត​មិត្តភាព​អន្តរជាតិ លើក​ទី ៣ ចុងក្រោយ ជាមួយ​ក្រុម​សិង្ហ​បុរី យ៉ាង​ស្វិតស្វាញ កាល​ពី​យប់​មិញ​នេះ បាន​ក្លាយ​ជា​ការ​ប្រកួត​ដក​ស្រង់​បច្ចេកទេស និង​ការ​ពិនិត្យ​មើល​ទៅ​លើ​គុណភាព​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពី​សំណាក់​គ្រូបង្វឹក​លោក Felix Agustin Gonzalez Dalmas បន្ថែម​ទៅ​លើ​ការ​ពិនិត្យ​មើល​គុណភាព​លេង ពេល​ក្រុម​កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ និង​ប្រកួត​ស្មើ ២-២ ជាមួយ​ក្រុម​ទីម័រ​ខាងកើត កាល​ពី​សប្តាហ៍​មុន ដើម្បី​ឈាន​ទៅ​ជ្រើសរើស​កីឡាករ​មាន​គុណភាព​ល្អៗ ត្រៀម​លក្ខណ​សម្បត្តិ ចូលរួម​ការ​ប្រកួត​ផ្លូវការ​ពាន​រង្វាន់ AFF Suzuki Cup 2018 ដែល​នឹង​ចាប់​ដំណើរការ នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

នៅក្នុង​ការប្រកួត ដែល​ក្រុមនីមួយៗមាន​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះការប្រកួត​បាន​ម្តងនោះ គឺ​កម្ពុជា ឈរ​នៅ​ពូល A ជាមួយ​វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ឡាវ ក្នុង​នោះ​កម្ពុជា ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ពេល​ជួប​ម៉ាឡេស៊ី ថ្ងៃ​បើក​ឆាក។ រីឯ​ពូល B មាន​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ទីម័រ​ខាង​កើត៕